តំណាងមកពីប្រទេសកម្ពុជា ឡាវ ថៃ និងប្រទេសវៀតណាម បានទទួលបរាជ័យក្នុងការសម្រេចបាននៅការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំក្នុងទីក្រុងវៀងចន្ទន៍ កាលពីម្សិលមិញ ជុំវិញការអនុញ្ញាត ឬមិនអនុញ្ញាតឲ្យប្រទេសឡាវ សាងសង់ទំនប់វារីអគ្គិសនី ដែលមានចម្ងាយប្រហែលពីរគីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា និងការមាន ឬមិនមានផលប៉ះពាល់ទៅលើជលផលរបស់បណ្តាប្រទេសក្នុងតំបន់ទឹកទន្លេមេគង្គក្រោម ដែលមានសិទ្ធិបដិសេធគម្រោងនេះ។
រដ្ឋមន្ត្រីពាក់ព័ន្ធមកពីប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម បច្ចុប្បន្ននឹងពិភាក្សាគ្នាថា តើប្រទេសឡាវ មានឬមិនមានភាពត្រឹមត្រូវក្នុងការជូនដំណឹងជាទូទៅដល់ប្រទេសទាំងនេះ អំពីគម្រោងទំនប់វារីអគ្គិសនី ដុន សាហុង ដែលមានកម្លាំង២៥៦មេហ្គាវ៉ាត់ ដូចដែលពួកគេបានធ្វើកាលពីខែកញ្ញា ឬក៏ថា តើប្រ ទេសឡាវគួរតែបានរៀបចំដំណើរការពិគ្រោះយោបល់ជាមុន ជាមួយប្រទេសជិតខាងរបស់ខ្លួនឬយ៉ាងណា។
លោក ស៊ូរ៉ាសាក់ ក្លាហាន់ (Surasak Gkahan)មន្ត្រីទំនាក់ទំនងគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយបង្កើតឡើង ដើម្បីជួយក្នុងដំណើរការសម្រេចចិត្ត ទាក់ទងទៅនឹងទន្លេប្រើប្រាស់រួមគ្នានេះ បានមានប្រសាសន៍ថា “ដោយសារតែពួកគេមិនអាចធ្វើសេចក្តីសម្រេចរួមបាន នីតិវិធីជំរុញឲ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី”។ លោកបានឲ្យដឹងទៀតថា កាលបរិច្ឆេទនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើកក្រោយ មិនទាន់ត្រូវបានកំណត់ទេ។
យោងតាមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់មានចរន្តទឹកខ្លាំងក្នុងទន្លេមេគង្គ ត្រូវឆ្លងកាត់នីតិវិធីពិគ្រោះយោបល់ជាមុន និងផ្តល់ឱកាសឲ្យសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គក្នុងការប្រើសិទ្ធិវេតូ ទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលអាចនឹងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសទាំងនេះ។
ទោះជាយ៉ាងណា ប្រទេសឡាវ បានអះអាងថា ដោយសារតែទំនប់វារីអគ្គិសនីនេះនឹងត្រូវបានសាងសង់នៅលើផ្លូវទឹកតែមួយក្នុងចំណោមផ្លូវទឹកទាំងឡាយនៅក្នុងតំបន់ចរន្តទឹកខ្លាំង នៅភាគខាងត្បូងនៃប្រទេសនេះ ប្រទេសនេះបានអនុវត្តតាមគោលការណ៍តម្រូវការសារាចរអំពីសុវត្ថិភាពចំណីអាហារ ដោយគ្រាន់តែជូនដំណឹងដល់ប្រទេសថៃ កម្ពុជា និងប្រទេសឡាវ អំពីគម្រោងរបស់ខ្លួន ប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោក តែ សាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិមេគង្គ នៃប្រទេសកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូនៅទីក្រុងវៀងចន្ទន៍ បានឲ្យដឹងថា ប្រទេសឡាវត្រូវផ្តល់ព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹងផលប៉ះពាល់សំខាន់ៗ នៃទំនប់វារីអគ្គិសនីនេះ ទៅលើជលផល បរិស្ថាន និងសន្តិសុខស្បៀង។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនាពេលក្រោយមក ដោយគណៈកម្មការទន្លេមេគង្គ បានបង្ហាញថា លោក សាវុធ បានមានប្រសាសន៍ថា “ យើងយល់ឃើញថា ឯកសារគម្រោងនេះមិនពេញលេញនោះទេ ហើយគម្រោងសិក្សាក៏មិនមានវិសាលភាពលើបញ្ហាឆ្លងព្រំដែន នៅក្នុងប្រទេសផ្សេងៗដូចជា ប្រទេសកម្ពុជា ជាដើមទេ”។
តំណាងមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលបានបង្ហាញក្តីកង្វល់អំពីហេតុប៉ះពាល់បរិស្ថាន និងសង្គម ទៅលើប្រជាជនជាច្រើនលាននាក់ក្នុងប្រទេសកម្ពុជា និងនៅភាគខាងត្បូងនៅប្រទេសវៀតណាមដែលជាផ្លូវទឹក ហ៊ូ សាហុង បានឯកភាពថា ទីតាំងនៃទំនប់វារីអគ្គិសនី ដុន សាហុង មានសារៈសំខាន់សម្រាប់សកម្មភាពផ្លាស់ទីរបស់ត្រីរយៈពេលពេលមួយឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសដដែល។
ប្រទេសឡាវបានច្រានចោលក្តីកង្វល់នេះ ដោយលើកឡើងថា គម្រោងនេះនឹងប្រើប្រាស់ផ្នែកតូចមួយប៉ុណ្ណោះ នៃតំបន់ចរន្តទឹកខ្លាំង ហើយទោះបីជាទំនប់វារីអគ្គិសនីនេះត្រូវបានសាងសង់នៅលើផ្លូវទឹក ហ៊ូ សាហុង ក៏ដោយ ត្រីនៅតែអាចប្រើផ្លូវទឹកដែលនៅក្បែរនោះសម្រាប់ផ្លាស់ទីបាន។
លោក ដៅវង្ស ផូណេកែវ (Daovong Pho-nekeo) ប្រធានគណៈប្រតិភូឡាវ បានមានប្រសាសន៍ថា “លទ្ធផលសិក្សាស្រាវជ្រាវបានបង្ហាញថា ផ្លូវទឹកផ្សេងៗទៀតអាចត្រូវបានប្រើប្រាស់សម្រាប់បង្កើនចលនាផ្លាស់ទីទៅទិសដៅទាំងពីរ ក្នុងរយៈពេលមួយឆ្នាំ”។
អំឡុងមានការផ្សព្វផ្សាយតាមសារព័ត៌មានកាលពីចុងឆ្នាំមុន ក្រុមហ៊ុន MegaFirst Berhard ជាក្រុមហ៊ុនម៉ាឡេស៊ី ដែលទទួលបន្ទុកការសាងសង់ទំនប់វារីអគ្គិសនីនេះ បានលើកឡើងថា ខ្លួននឹងចាប់ត្រីយកទៅធ្វើចល័តភាពតាមផ្លូវទឹកដែលត្រូវបានប្រើប្រាស់ជំនួសផ្លូវទឹក ហ៊ូ សាហុង ។
លោកស្រី អាម៉េ ត្រានដេម (Ame Trandem)នាយកអង្គការទន្លេអន្តរជាតិ (International Rivers) ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានហៅសេចក្តីអះអាងរបស់ប្រទេសឡាវថា ជាសេចក្តីអះអាង “ល្ងីល្ងើ”។ លោកស្រីបានមានប្រសាសន៍ថា “ទំនប់វារីអគ្គិសនី ដុន សាហុង មានទីតាំងស្ថិតនៅតំបន់មួយក្នុងចំណោមតំបន់លំបាកបំផុត ដែលអាចស្រមៃទៅឃើញ” ។
លោកស្រី ត្រានដេម បានមានប្រសាសន៍បន្ថែមទៀតថា “គឺដោយសារតែទំនប់នេះស្ថិតនៅចំណុចដែលមានចលនាផ្លាស់ទីច្រើនណាស់របស់ត្រី នៅក្នុងទន្លេមេគង្គ”។ ប្រធានអង្គការតស៊ូមតិផ្នែកទន្លេរូបនេះ បានលើកឡើងបន្តថា “ដោយសារតែមូលហេតុនេះហើយ ផ្លូវសំខាន់ៗសម្រាប់ត្រីផ្លាស់ទីទំនងជាត្រូវបានបិទ។ ដោយសារតែមិនមានវិធានការបញ្ជាក់ច្បាស់ទាក់ទងទៅនឹងការផ្លាស់ទីរបស់ត្រី ជលផលនៅកម្ពុជា និងសន្តិសុខស្បៀងរបស់ប្រជាជនជាច្រើនលាននាក់នឹងស្ថិតក្នុងស្ថានភាពមានហានិភ័យ ពោលគឺប្រកបដោយគ្រោះថ្នាក់”៕ សុធា