34 C
Phnom Penh

​អាជីវករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ រង​ផល​ប៉ះពាល់​​ដោយ​សារ​ថ្លៃ​ទំនិញលក់​​លើ​ទីផ្សារ​កើន​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ពីរ​ខែ​មុន លោក សុខ​ សត្យា បាន​ចំណាយ​ប្រាក់​តិច​ជាង​មួយ​ដុល្លារ​ សម្រាប់​ទិញ​ផ្លែ​ក្រូច​មួយ​គីឡូក្រាម​ ដើម្បី​លក់​នៅ​តូប​ចិញ្ចើម​ថ្នល់​របស់​លោក​ ដែ​ល​នៅ​ក្បែរ​រោង​ចក្រ​កាត់​ដេរ​ជា​ច្រើន​នៅ​ជាប់​ៗគ្នា​ ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។​

ឥឡូវ​នេះ បរិមាណ​ផ្លែ​ក្រូច​ដដែល​មាន​តម្លៃ​ជាង​៦.០០០រៀល​ ឬក៏​ប្រហែល​១,៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដែល​លោក​ សត្យា អាយុ​៣៩ឆ្នាំ ត្រូវ​តែ​ទិញ​។ ក៏​ប៉ុន្តែ លោក​បាន​ដំឡើង​ថ្លៃ​លក់ក្រូច​​ពី​៥.៥០០រៀល​ដល់​៧.៥០០រៀលក្នុង​មួយគីឡូក្រាម​។ អតិថិជន​របស់​លោក សត្យា ដែល​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​ ភាគ​ច្រើន​ឈប់​ទិញ​ក្រូច​របស់​លោក​។ លោក​បាន​និយាយ​ថា​ “ ឥឡូវ​នេះ​ស្ថានភាព​មាន​ការ​លំបាក​ខ្លាំង​។

កាលពី​មុន​ អ្វី​ៗ​មាន​តម្លៃ​ថោក​ ដូច​ជា​ទំនិញ​ផ្សេង​ៗ​និង​ផ្លែ​ឈើ។ កាលពី​មុន ខ្ញុំ​មាន​អតិថិជន​១០​ទៅ​២០​នាក់​ក្នុង​មួយ​ថ្ងៃ​ ​ប៉ុន្តែ​ឥឡូវ​​ ខ្ញុំ​មាន​តែ​ប្រហែល​១០នាក់​ប៉ុណ្ណោះ​ក្នុង​មួ​យ​ថ្ងៃ”។

តម្លៃ​ផ្លែ​ឈើ​គ្រប់​មុខ​ ដូចជា ផ្លែមៀន ផ្លែប៉ោម​ផ្លែព័រ (ផ្លែ​ស៊េរី) ផ្លែ​ទំពាំង​បាយ​ជូរ និង​ផ្លែ​ទទឹម ដែលអ្នក​លក់​ដុំ​​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃមក​លក់​ឲ្យ​លោក​ សត្យា នៅ​ផ្សារ​នាគ​មាស​ក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ឡើង​ប្រហែលជា​៣០ភាគ​រយ​ ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ នេះ​បើ​យោង​​តាម​អាជីវកររូប​នេះ​។

លោក សត្យា បាន​និយាយ​បន្ថែម​ទៀត​ថា “កាលពី​មុន​ខ្ញុំ​លក់​ចំណេញ​ច្រើន​ និង​អាច​សន្សំ​បាន​ប្រាក់បាន​ខ្លះ​ ប៉ុន្តែ ឥឡូវ​ខ្ញុំ​កំពុង​ជួប​ការ​លំបាក​”។ ក្នុង​ខែ​នេះ លោក សត្យា បាន​ទៅ​ខ្ចី​ប្រាក់​ដែល​មាន​​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​លក្ខខណ្ឌ​រយៈពេល​ខ្លី​ ពីអ្នក​ចង​ការ​ក្នុង​មូល​ដ្ឋាន​ ដើម្បី​យក​ប្រាក់​មក​ផ្គត់​ផ្គង់គ្រួសារ​ដែល​មាន​សមាជិក​ប្រាំ​នាក់​របស់​លោក​។

មិន​មែន​មាន​តែ​លោក សត្យា​ ប៉ុណ្ណោះ​ទេ  គឺ​អាជីករ​ទូទាំង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ក្នុង​សប្តាហ៍​នេះ​ថា តាំ​ងពី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ដាក់​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ពួកគាត់​បាន​ឃើញ​ថា តម្លៃ​ទំនិញ​​​កើន​ឡើង​ ជា​ហេតុ​បណ្តាល​ឲ្យ​ពួក​គាត់​ត្រូវ​ដំឡើង​ថ្លៃ​លក់​ និង​បាត់​បង់​អតិថិជន​ ឬ​ក៏​ប្រាក់​ចំណេញរបស់​ពួកគាត់​ធ្លាក់​ចុះ​។

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​ចំណូល​រដ្ឋ​ មន្ត្រី​នានា​បាន​ចាប់​ផ្តើម​អនុវត្ត​ពន្ធគយ​កាលពី​ខែ​វិច្ឆិកាឆ្នាំមុន ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ច្បាប់ ក៏​ប៉ុន្តែ​ កម្រ​ត្រូវ​បាន​អនុវត្ត​ជំនួស​ការ​ទូទាត់​ប្រាក់​ក្រៅ​ផ្លូវ​ការ​។ គួរបញ្ជាក់​ថា ពន្ធ​ទាំង​នេះ​ត្រូវ​បាន​ដាក់​ទៅ​លើ​ទំនិញនាំ​ចូលមក​ផ្គត់​ផ្គង់​លើ​ទីផ្សារ​ប្រទេសកម្ពុជា​។

ទោះបី​ជា​រដ្ឋាភិបាល​មិន​ទាន់​ចេញ​ផ្សាយ​​ទិន្នន័យ​អតិផរណា​ជា​ផ្លូវ​ការ សម្រាប់​រយៈ​ពេល​​បី​ខែ​កន្លង​មក​នេះ​ តាំង​ពី​ពេល​ខ្លួន​បាន​ចាប់​ផ្តើម​អនុវត្ត​ពន្ធគយ​ក៏​ដោយ ផលប៉ះ​ពាល់​បាន​កើត​ឡើង​នៅ​តាម​វិថី​នានា​។ អ្នកស្រី យិន ស្រីល័ក្ខណ អាយុ​៣៦ឆ្នាំ និង​មាន​កូន​ពីរនាក់​​ ដែលលក់​ម្ហូប​នៅ​ក្រៅ​លំនៅ​ដ្ឋាន​របស់​ខ្លួន​នៅតាម​ផ្លូវ​ដ៏មមាញឹក​មួយ​ ក្នុង​ខណ្ឌ​សែន​សុខ បាន​និយាយ​ថា​ “ខ្ញុំ​កំពុង​បាត់​បង់​ប្រាក់​ចំណូល​ស្ទើរ​តែ​​រាល់​ថ្ងៃ​ ។ ពី​មុន​ធ្លាប់​មាន​អតិថិជន​៥០នាក់​មកហូប​បាយ​នៅ​កន្លែង​ខ្ញុំ​ជារៀង​រាល់​ថ្ងៃ ប៉ុន្តែ ថ្ងៃនេះ​មានអតិ​ថិជន​១០​ទៅ​២០នាក់​ប៉ុណ្ណោះ”។

កាលពី​ខែ​តុលា អ្នកស្រី ស្រីល័ក្ខណ បាន​ចំណាយ​ប្រាក់​ប្រហែល​១០.០០០រៀល ឬ​ក៏​ប្រហែល​២៥ដុល្លារ​ សម្រាប់​ទិញ​គ្រឿង​ផ្សំ​មក​​ចម្អិនម្ហូប​ប្រហែល​១០មុខ​ក្នុង​មួយ​ថ្ងៃ​។ សព្វថ្ងៃ​នេះ​ថ្លៃ​ដើម​ទាំង​នេះ បាន​កើន​ឡើង​ដល់​ជាង​១៥០.០០០រៀល​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ស្រី​បាន​ដំឡើង​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់​នៅ​ហាង​របស់​អ្នកស្រី​ពី​២.៥០០រៀលដល់​៣.៥០០​រៀល​។ អ្នកស្រី​បាន​និយាយ​ថា “អ្វី​ៗ​សុទ្ធ​តែ​ឡើង​ថ្លៃ​។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ជាត្រូវ​ធ្វើ​អ្វី​ផ្សេង​ទេ មាន​តែ​លក់​បន្ត​ទៀត​ប៉ុណ្ណោះ​”។

អ្នកស្រី ភោគ រដ្ឋា អាយុ​៤៩ឆ្នាំ អ្នក​លក់​គុយទាវនៅ​មុខលំនៅ​ដ្ឋាន​របស់​អ្នកស្រី​ នៅ​ក្នុងតំបន់​ឧស្សាហកម្មមួយ​ក្នុង​ខណ្ឌ​មាន​ជ័យ​ បាន​លើក​ឡើង​ថា ទោះ​បី​ជា​ថ្លៃ​គ្រឿង​ផ្សំ​កើន​​ឡើង​ក៏​ដោយ ​អ្នកស្រី​នៅ​តែ​មិន​ដំឡើង​ថ្លៃ​​សម្រាប់​អតិថិជន​ដែល​ភាគ​ច្រើន​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​នៅ​ក្បែរ​កន្លែង​លក់​របស់​អ្នក​ស្រី​ដែរ។ អ្នកស្រី​បាន​និយាយ​ថា “ប្រាក់​ខែ​របស់​ពួកគេ​មាន​ចំនួន​តិច​តួច​ណាស់។

ពួកគេ​នឹង​មិន​អាច​ទិញម្ហូប​របស់​ខ្ញុំ​បា​ន​ទេ បើ​សិន​ជា​ខ្ញុំ​ដំឡើង​ថ្លៃ​លក់​ ពី​២.៥០០រៀលនោះ​​។ ខ្ញុំ​គ្មាន​ជម្រើស​ទេ​ មាន​តែ​បន្តការ​លក់​ក្នុង​តម្លៃ​​​ដដែលប៉ុណ្ណោះ​”។ ទោះ​ជាយ៉ាងណា អ្នកស្រី រដ្ឋា បាន​កត់​សម្គាល់​ឃើញ​ថា ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​​អ្នកស្រី​ធ្លាក់​ចុះ​។ កាលពី​ប៉ុន្មាន​ខែមុន​ អ្នកស្រី​រក​​ចំណេញ​​បាន​រហូត​ដល់​៤០.០០០រៀល ឬក៏​ប្រហែល​១០ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ក៏ប៉ុន្តែ ​ក្នុង​ខែ​នេះ​អ្នកស្រី​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​រក​បានជាង​១០.០០០រៀល​តែ​ប៉ុណ្ណោះ។

អ្នកស្រី​ រដ្ឋា បាន​ឲ្យដឹងបន្ថែម​​ទៀត​ថា ដើម្បី​ចិញ្ចឹម​​កូនៗ និង​ឲ្យ​ពួកគេ​ទៅ​រៀន​ អ្នក​ស្រី​សន្សំ​ប្រាក់​ដែល​មាន​ចំនួន​តិច​ជាង​មុន និង​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រាក់​ចំណូល​ដែល​ស្វាមីរក​បាន​ពីការ​ធ្វើចម្ការ​ពោត និង​សណ្តែក​សៀងនៅ​ខេត្ត​ព្រៃវែង។

លោក កង ច័ន្ទតារា​រ័ត្ន ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍន៍​ បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ការ​អនុវត្ត​ ពន្ធគយ​ ប្រជាជន​គ្រប់​ទីកន្លែង​កំពុង​ទទួល​រងផល​ប៉ះ​ពាល់​ដោយ​សារ​អតិផរណា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជា​ជន​ក្រីក្រ​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ពន្ធអាករ ពីព្រោះ​ទំនិញ​សំខាន់​ៗ​ ដូច​ជា ប្រេង សាំង សម្ភារ​ប្រើប្រាស់​ក្នុង​លំនៅ​ដ្ឋាន​… និង​សូម្បី​តែ​កសិផល​ ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​”។

លោក កង ច័ន្ទតារារ័ត្ន បាន​លើក​ឡើង​ទៀត​​ថា លោកមិន​សូវ​ជា​ទុក​ចិត្ត​តួលេខ​ថ្មី​ពី​ខែ​វិច្ឆិកា របស់​ក្រសួង​ផែនការ​ទេ​។ តួលេខ​ទាំង​នោះ​បង្ហាញ​ថាសន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​ថយ​ចុះ​យ៉ាង​ជាក់​ស្តែង​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​មិន​ដឹង​ថា តើ​មាន​ទំនាក់​ទំនង​ទៅ​នឹង​រឿង​នយោបាយ​ឬ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ តួលេខ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​នោះ… ហាក់​ដូច​ជា​មិន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ស្ថានភាព​ជាក់​ស្តែង​​ទេ​”។

លោក​បាន​ប៉ាន់​ស្មាន​ថា អតិផរណា​មាន​​ប្រហែល​១៥ភាគ​រយ​ក្នុង​រយៈពេល​ពីរខែ​ចុង​​ក្រោយ​នេះ។ យោង​តាម​បទ​បង្ហាញ​របស់​​ធនាគារ​ពិភព​លោក​ (World Bank) កាលពី​ខែ​តុលា​ឆ្នាំមុន បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​អំណាច​ទិញ​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​ក៏​ដោយ​ ក៏​មាន​ផល​ប៉ះ​ពាល់​ធំទៅ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ឯកសារ​បទ​បង្ហាញ​នោះ​មាន​ខ្លឹម​សារ​ថា “ រំញោច​​ដែល​កាត់​បន្ថយ​ចំណាយ​​ប្រើប្រាស់​របស់​ប្រជា​​ជន​ក្រីក្រ​ចំនួន​១.០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ អាច​នឹង​បង្កើន​​​​​កម្រិត​​ក្រីក្រ​ទ្វេ​ដង​”។ លោក ហង្ស លីនណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ទិន្នន័យ​អតិផរណា​របស់​រដ្ឋាភិបាល​។

លោកស្រី ជា សេរី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា លោកស្រី​រវល់​ណាស់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

លោក អៀន រ៉ាម៉ិច (Ian Ramage) នាយក​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​​ និង​ពិគ្រោះ​យោបល់​ ដំរី​បាន​លើក​ឡើងផងដែរ​ថា ​តួលេខ​​អតិ​ផរ​ណា​ប្រហែល​​ជា​មាន​រឿង​រ៉ាវ​នៅពីក្រោយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “កាលពី​ខែវិច្ឆិកា និង​ខែធ្នូ ខ្ញុំ​បាន​ឮថា រថយន្ត​ឈ្នួល​ជួប​បញ្ហា​នៅ​ព្រំ​ដែន​ ពីព្រោះ​ពួកគេ​ត្រូវ​បង់​ពន្ធ​ប្រហែល​បី​ដង​ច្រើន​ជាង​ពីមុន​។ ផល​ប៉ះ​ពាល់​កំពុង​ចាប់​ផ្តើម​កើត​ឡើង​ហើយ។ លោក​​មាន​ប្រសាសន៍​បន្ត​ថា “ប្រជា​ជន​​មាន​អាហារ​បម្រុង​ គ្រឿង​ផ្គត់​ផ្គង់​ និង​សម្ភារ​ផ្សេង​ៗទៀត​ទុក​នៅ​លើ​ធ្នើ។ យើង​ត្រូវ​រង​ចាំ​មើល​ពីរបី​ខែ​ទៀត ដើម្បី​ឲ្យ​ដឹង​ថា តើ​នឹង​មាន​រឿង​អ្វីកើត​ឡើង​ជាក់​ស្តែង​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស