មេធាវីចំនួន១០រូបតំណាងឲ្យកម្មកររោងចក្រកាត់ដេរ មន្ត្រីសហជីព និងសកម្មជននយោបាយចំនួន២២នាក់ក្នុងចំណោមកម្មកររោងចក្រកាត់ដេរ មន្ត្រីសហជីព និងសកម្មជននយោបាយចំនួន២៣នាក់ ដែលត្រូវបានឃុំឃាំងនៅពន្ធនាគារដែលមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅក្នុងខេត្តកំពង់ចាម ចាប់តាំងពី ការចាប់ខ្លួនពួកគេអំឡុងការតវ៉ាចំនួនពីរនៅរាជធានីភ្នំពេញ កាលពីដើមខែនេះ បានដាក់សំណើសុំឲ្យតុលាការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំ កាលពីម្សិលមិញ នេះបើយោងតាមមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង១០នាក់។
លោក ហម ស៊ូរិទ្ធ មេធាវីនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា សំណើសុំឲ្យមានការដោះលែងនៅក្រៅឃុំសម្រាប់អ្នកដែលត្រូវបានឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី៣ ត្រូវបានដាក់ជូនទៅកាន់សាលារាជធានីភ្នំពេញ ជាទីដែលមនុស្សទាំង២៣នាក់ ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា និងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
លោក វ៉ន ពៅ មេដឹកនាំសហជីពដ៏លេចធ្លោមិនត្រូវបានរួមបញ្ចូលនៅក្នុងសំណើនេះទេ ព្រោះពាក្យសុំនៅក្រៅឃុំរបស់គាត់ត្រូវបានច្រានចោលកាលពីសប្តាហ៍មុន។ លោក ស៊ូរិទ្ធ បានមានប្រសាសន៍ថា “ យើងបានអំពាវនាវឲ្យតុលាការដោះលែងមនុស្សចំនួន២២នាក់ ព្រោះពួកគេជាកម្មករនិងជាមេគ្រួសារ។ ក្រុមគ្រួសាររបស់ពួកគេពឹងផ្អែកតែលើពួកគេប៉ុណ្ណោះ។ មនុស្សទាំង២២នាក់ អាចទៅរស់ជាមួយក្រុមគ្រួសាររបស់ខ្លួនវិញ ហើយប្រសិនបើតុលាការចង់កោះហៅពួកគេមកបង្ហាញខ្លួននៅតុលាការ ពួកគេនឹងបង្ហាញខ្លួនតាមសំណើ”។
មនុស្សចំនួន១០នាក់ក្នុងចំណោមអ្នកទាំង២៣នាក់នេះ ត្រូវកងទ័ពឆត្រយោងចាប់ខ្លួន អំឡុងការបង្ក្រាបលើកម្មកររោងចក្រកាត់ដេរមកពីរោងចក្រកាត់ដេរ យ៉ាក់ជីង កាលពីថ្ងៃទី២ខែមករា។រីឯមនុស្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ អំឡុងការតវ៉ានៅផ្លូវវេងស្រេង ដែលកងរាជអាវុធហត្ថបានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរកំពុងធ្វើកូដកម្មចំនួនប្រាំនាក់។
មន្ត្រីតុលាការនិងមន្ត្រីពន្ធនាគារ បានបដិសេធសំណើម្តងហើយម្តងទៀតរបស់មេធាវី ដែលស្នើឲ្យមានការបង្ហាញពីទីតាំងរបស់មនុស្សទាំង២៣នាក់ ដែលត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃទី៨ខែមករា ហើយចាប់តាំងពីពេលនោះមកការចូលទៅសួរទុក្ខក៏ត្រូវបានដាក់កំហិតដែរ។
លោក វ៉ន ពៅ បច្ចុប្បន្នកំពុងតែមានការឈឺចាប់លើមុខរបួសវះកាត់តម្រងនោម ដែលត្រូវបានវះកាត់កាលពីប្រាំខែមុន នេះបើយោងតាមការឲ្យដឹងពីប្រពន្ធរបស់លោក។ រីឯសកម្មជនការពារសិទ្ធិមនុស្សដែលបានទៅសួរសុខទុក្ខគាត់កាលពីសប្តាហ៍មុនបាននិយាយថា អាជ្ញាធរបានទាត់ធាក់គាត់ម្តងហើយម្តងទៀតនៅក្បែរស្នាមរបួសវះកាត់តម្រងនោម។
ចៅក្រមស៊ើបអង្កេត ភូ ពៅស្រ៊ុន នៅសាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណើសុំឲ្យដោះលែងមនុស្សចំនួន២២នាក់ឲ្យនៅក្រៅឃុំឡើយ ប៉ុន្តែលោកបានលើកឡើងថា តុលាការកំពុងតែចាត់វិធានស៊ើបអង្កេតហើយ។ ហើយសំណុំរឿងនេះក៏ត្រូវបានលោក សុរិយា ស៊ូបេឌី ប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកយកមកនិយាយអំឡុងកិច្ចប្រជុំរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារផងដែរ។
លោកបានមានប្រសាសន៍ថា “ យើងឥឡូវនេះកំពុងតែស្ថិតក្នុងដំណើរការស៊ើបអង្កេតនិងកំពុងតែប្រមូលភ័ស្តុតាងថា តើត្រូវដាក់បន្ទុកឬក៏មិនដាក់បន្ទុកលើចុងចោទ ហើយប្រសិនបើយើងរកឃើញថា ពួកគេមិនជាប់ពាក់ព័ន្ធនោះ យើងនឹងដោះលែងពួកគេ។ យើងនឹងអនុវត្តតាមច្បាប់” ។
លោក ឈឹម ភ័ណ្ឌ អាយុ ៣៥ឆ្នាំត្រូវជាបងប្រុសរបស់ ឈឹម ធឿន អាយុ២៦ឆ្នាំ ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានចាប់ខ្លួននៅផ្លូវវេងស្រេងបញ្ជូនទៅពន្ធនាគារ បានឲ្យដឹងថា លោកបានទៅសួរសុខទុក្ខប្អូនប្រុសដែលរងរបួសធ្ងន់កាលពីសប្តាហ៍មុន ហើយបានទាមទារឲ្យមានការដោះលែងគាត់ឲ្យនៅក្រៅឃុំជាបន្ទាន់។
គាត់បាននិយាយថា “គេបានវាយដំពេញទាំងរាងកាយរបស់គាត់។ ខ្ញុំចង់ឲ្យតុលាការដោះលែងគាត់ ព្រោះគាត់គ្មានកំហុសទេ ហើយគាត់គ្រាន់តែទាមទារឲ្យមានការដំឡើងប្រាក់ខែប៉ុណ្ណោះ។ គ្រួសាររបស់យើងពឹងផ្អែកលើគាត់”៕ ស៊ុយឈាង