ស្ដ្រីកម្ពុជាម្នាក់ដែលត្រូវបានអ្នកគ្រប់គ្រងកាស៊ីណូមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ចាប់បង្ខាំងនិងប្រើអំពើហិង្សាវាយដំកាលពីខែធ្នូ បានធ្វើដំណើរវិលត្រឡប់ទៅប្រទេសថៃវិញកាលពីម្សិលមិញ ដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការប្ដឹងជនល្មើសដែលធ្វើបាបនាង។
ស្ត្រីឈ្មោះ ផាត សុមេសា អាយុ៣២ឆ្នាំមកពីខេត្តបន្ទាយមានជ័យបាននិយាយតាមទូរស័ព្ទបាននិយាយកាលពីម្សិលមិញថា នាងកំពុងធ្វើដំណើរទៅប្រទេសថៃ ដើម្បីជួបជាមួយមន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ព្រមទាំងមេធាវីជនជាតិថៃម្នាក់នៅថ្ងៃនេះ ដើម្បីឲ្យជួយនាងដាក់ពាក្យបណ្ដឹងទៅតុលាការថៃ ប្ដឹងពីបទចាប់បង្ខាំងខុសច្បាប់និងធ្វើទារុណកម្ម។
នាងបានលើកឡើងថា “ខ្ញុំគ្រាន់តែស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង ដែលត្រូវគេចាប់បង្ខាំងនិងធ្វើទារុណកម្មប៉ុណ្ណោះ ហើយខ្ញុំចង់ជួយពលករចំណាក់ស្រុកកម្ពុជាផ្សេងៗទៀតនៅក្នុងប្រទេសថៃឲ្យទទួលបានការគោរពជាងនេះ”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ សាច់ញាតិរបស់ស្ត្រីឈ្មោះ ផាត សុមេសា បានប្រទះឃើញរូបថតអាក្រាតពាក់កណ្ដាលខ្លួនរបស់នាងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយបានដឹងថា នាងត្រូវបានគេចាប់បង្ខាំងផ្ទុយពីឆន្ទៈរបស់នាងនៅកាស៊ីណូដែលនាងធ្វើការ។ មន្ត្រីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ត្រូវបានជូនដំណឹងពីករណីនេះ ហើយស្ត្រីឈ្មោះ ផាត សុមេសា ត្រូវបានសង្គ្រោះកាលពីថ្ងៃទី១៧ ខែធ្នូ។
លោក ស៊ុម ចាន់គា មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានអមដំណើរស្ត្រីឈ្មោះ ផាត សុមេសា ទៅកាន់ទីក្រុងបាងកក បានមានប្រសាសន៍ថា ពួកលោកនឹងជួបជាមួយនគរបាលថៃនៅថ្ងៃសៅរ៍ ដើម្បីចង្អុលបង្ហាញកន្លែងដែលស្ត្រីឈ្មោះ ផាត សុមេសា ត្រូវបានចាប់បង្ខាំងនិងធ្វើទារុណកម្មមុនពេលដាក់ពាក្យបណ្ដឹងទៅតុលាការថៃ”៕ សុខុម