31.4 C
Phnom Penh

​រៀប​ចំពិធី​បង្សុកូល​ដល់​កម្មករ​ប្រាំ​នាក់​ដែល​ត្រូវ​​អាជ្ញាធរបាញ់​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​និង​សកម្ម​ជននយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បាន​រៀប​ចំ​ពិធី​មួយ​កាល​ពី​ម្សិលមិញដើម្បី​ឧទ្ទិសកុសល​ដល់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រាំ​នាក់​ដែលមន្ត្រី​​​កង​​រាជ​អាវុធ​ហ​ត្ថ​បាញ់​សម្លាប់​អំឡុង​ការ​​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករដែល​​គប់​ដុំថ្ម​ដាក់ពួកគេ ​​នៅ​ផ្លូវ​វេងស្រេងកាលពី​ពីរ​សប្តាហ៍​កន្លង​​មក​នេះ។

ពិធីរាប់​បាត​ដែលមាន​រយៈពេល​មួយ​ម៉ោង​​នៅ​ផ្ទះ​របស់​អ្នក​ស្រី ទេព ​វន្នី​ សកម្ម​ជន​សិទ្ធិដីធ្លី​នៅក្នុង​សហគមន៍​បឹង​​កក់​នេះ​ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​​៩និង​​​៣០​នាទី​ព្រឹក ​​ដោយ​​មនុស្ស​ប្រហែល​៥០នាក់​បាន​យក​ទេយ្យទាន​មាន​បច្ច័យ​​បន្តិច​បន្តួច​ ចង្ហាន់ ទឹក​​និ​ងមី​​ប្រគេ​ន​ព្រះ​សង្ឃ​ប្រហែល​​២០០អង្គ​​នៅ​កន្លែង​រំឭក វិញ្ញាណក្ខន្ធមួយ​ដែល​បង្កើត​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្ន​ក​តវ៉ា​ទាំង​ប្រាំនាក់​ដែល​បាន​ស្លាប់ និង​កម្មករ​ជាង​៤០នាក់​ទៀត​​ដែល​បាន​រង​របួស​អំឡុងការ​ធ្វើ​​បាតុកម្ម​កាលពី​ថ្ងៃទី​៣ ខែ​មករា។

បន្ទាប់ពី​មាន​ការ​​សូត្រ​មន្ត​​បង្សុកូល​ឧទ្ទិស​កុសលដោយ​ព្រះ​សង្ឃ​ដែល​ជា​សមាជិក​បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិធម៌​សង្គមរួច​មក​​ អ្នក​ចូល​រួម​ទាំង​អស់​បាន​អុជ​ធូប និង​បានដើរ​ទៅ​កន្លែង​​រំឭក​វិញ្ញាណ​ក្ខន្ធ​​នៅ​ក្នុង​​ផ្ទះ​របស់​អ្នក​ស្រី ទេព វន្នី ដែល​​មាន​ដាក់​តាំង​រូប​ថតកម្មករ​រោង​ចក្រ​កាត់ដេរ​ទាំង​​​បួន​នាក់​ដែល​អង្គ​ការ​សិទ្ធិ​មនុស្ស​​លីកាដូ​អះអាង​ថា បាន​ស្លាប់​អំឡុង​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វេង​​ស្រេងនោះ​​។

អ្នកស្រី ទេព វន្នី​ បាន​និយាយ​ទៅ​កាន់​​អ្នក​​មក​ចូលរួម​ពិធី​ដែល​ ​រួម​មាន​​សមា​ជិក​របស់​​ក្រុម​គ្រួសារ​សពកម្មករ​ សំ រ៉ាវី​ អាយុ​២៦ឆ្នាំ និង ​គឹម ផល្លៀប ​អាយុ​២៩​ឆ្នាំ​​​​ថា “យើង​នឹង​ចង​ចាំ​ អ្នក​​ទាំង​បួន​ដែលបាន​ស្លាប់​ទៅ​ហើយ​នេះ​ទុក​​ក្នុង​ចិត្ត​ជាប់ជា​និច្ច​ ហើយ​យើង​មិន​អាច​ឈរឱប​ដៃ​​មើល​ពួក​គេ​ស្លាប់​ទាំង​​មិន​ទទួល​បានយុត្តិធម៌​​ឡើយ”។

អ្នកស្រី​បាន​និយាយ​ថា “យើង​ទាម​ទារ​រក​យុត្តិ​ធម៌ដល់​កម្ម​ក​រ​របស់​យើង​ដែល​បាន​ស្លាប់​ និង​រងរបួស​អំឡុង​​ការ​តវ៉ា​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ​នោះ”។ ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​បណ្តាញ​​ ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​​​មាន​សង្ឃដីកាថា​ ការ​រៀប​ចំ​ពិធី​នៅ​ផ្ទះ​របស់​អ្នក​ស្រី ទេព វន្នី​ នេះ​គឺ​ដោយ​សារ​រដ្ឋា​ភិ​បាល​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំគ្នា​ជា​សាធារណៈ​និង​ដោយ​សារ​ការ​បង្ក្រាប​ដោយ​ហិង្សា​កាល​ពីពេល​ថ្មីៗ​នេះ​​។

ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​បន្ថែម​ថា “នៅ​ពេលយើង​​​ធ្វើ​បាតុកម្ម​ អាជ្ញា​ធរ​បង្ក្រាប​។ នៅពេល​កម្ម​ករ​ធ្វើ​កូដ​កម្ម ពួកគេ​បាញ់​សម្លាប់​​។ យើង​រៀប​ចំ​ពិធី​នេះឡើង​​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល ​បាន​ស្លាប់​នៅ​ផ្លូវ​វេងស្រេង​ដោយ​សារ​ការ​បង្ក្រាប​របស់​​អាជ្ញាធរ​ និង​ដើម្បី​បួង​សួង​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ឈប់​ប្រើ​អំពើ​ហិង្សា​​​ទៀត​”។

ឈៀវ ផានិត អាយុ​២០ឆ្នាំ​ ជា​ប្រពន្ធ​របស់​សព សំ រ៉ាវី បាន​និយាយថា ខ្លួន​នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​ឆាប់ៗនេះ​ ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ការ​ស្លាប់​របស់​ប្តី​ខ្លួន។ ផានិត​​ បាន​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​នាំ​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​អាជ្ញាធរ​បាន​ប្រើ​ប្រាស់​អាវុធបង្ក្រាប​ទៅលើ​កម្មករ​ ហើយ​ចាប់​តាំង​ពីប្តឹខ្ញុំ​បាន​ស្លាប់​មក  ​​មិន​ទាន់​មាន​អាជ្ញាធរណា​ចេញមុខ​​ស៊ើប​អង្កេត​ឡើយ។ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​សម្លាប់​នេះ”​៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស