អ្នកស្រី យ៉ោម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញដ៏លេចធ្លោបានឲ្យដឹងកាលពីម្សិលមិញថា អ្នកស្រីមានផែនការធ្វើពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងសារព័ត៌មានគាំទ្ររដ្ឋាភិបាល ប្រសិនបើសារព័ត៌មានទាំងនេះមិនកែតម្រូវព័ត៌មានចេញកាលថ្ងៃអង្គារ ដែលចោទអ្នកស្រីថាមានសាហាយស្មន់។
កាលពីថ្ងៃអង្គារ កាសែតកម្ពុជាថ្មី មានចំណងជើងថា “យ៉ោម បុប្ផា ដែលថ្មីៗនេះត្រូវបានដោះលែងពីពន្ធនាគារ មានស្នេហាលួចលាក់ ត្រូវបានចាក់សោនៅក្នុងផ្ទះ និងត្រូវប្តីវាយដំ” នោះបានអះអាងថា អ្នកស្រីយ៉ោម បុប្ផា អាយុ៣២ឆ្នាំ មានការពាក់ព័ន្ធក្នុងជម្លោះក្នុងគ្រួសារជាមួយប្តីរបស់អ្នកស្រីជុំវិញសាហាយស្មន់ជាមួយសមាជិកម្នាក់នៅសហគមន៍បឹងកក់។
កាសែតកោះសន្តិភាព និងដើមអម្ពិលបានចេញផ្សាយរឿងរ៉ាវស្រដៀងគ្នានេះ។ កាសែតទាំងបីនេះមិនបានយោងប្រភពណាមួយដើម្បីគាំទ្រការអះអាងរបស់ពួកគេទេ។
អ្នកស្រី បុប្ផា បានឲ្យដឹងកាលពីម្សិលមិញថា “ខ្ញុំដឹងថា បណ្តាញព័ត៌មានក្នុងស្រុកកំពុងព្យាយាមបរិហាកេរ្តិ៍ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋនៅបឹងកក់ឈប់គាំទ្រខ្ញុំ”។អ្នកស្រីបានមានប្រសាសន៍ថា “ប្រសិនបើកាសែតទាំងនេះមិនព្រមកែតម្រូវទេ ខ្ញុំនឹងប្តឹងដើម្បីកុំឲ្យកាសែតទាំងនេះរាយការណ៍អ្វីមិនពិត”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងជួបជាមួយមេធាវីនៅថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីលទ្ធភាពចាត់វិធានការផ្លូវច្បាប់។
លោក ខៀវ ណារី និពន្ធនាយករបស់កាសែតកម្ពុជាថ្មី មានប្រសាសន៍ថា ព័ត៌មានទាំងអស់នេះទទួលបានពីប្រភពគួរឲ្យទុកចិត្តបាន។ លោកបានឲ្យដឹងថា “ប្រសិនបើអ្នកស្រីចង់ប្តឹងនោះ ជាសិទ្ធិរបស់គាត់។ ប្រសិនបើគាត់ចង់ឲ្យយើងកែតម្រូវ គាត់អាចផ្ញើលិខិតមកកាសែតយើងដើម្បីកែតម្រូវ”៕ ប៊ុននី