30 C
Phnom Penh

អាជ្ញាធរ​កំពុង​តែ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហាទឹក​ទន្លេមេ​គង្គ​ដែល​ប្រែ​ក្លាយ​ពីថ្លា​ទៅ​ជា​ល្អក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​​អង្កេតតាម​ដាន​​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​ខុស​ពី​ធម្មតា​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​កំពុង​តែ​ព្រួយ​បារម្ភ​​ខ្លាច​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក ​មន្ទីរ​ធនធាន​ទឹក​​និង​ឧតុនិយម​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា ភក់​និង​វត្ថុ​កខ្វក់​​កំពុង​តែ​បំពុល​ទឹក​ទន្លេ​មេគង្គ​ ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ប្រែ​ក្លាយពី​ថ្លា​ទៅ​ជា​ល្អក់​។

លោក​ ហេង​ រ័ត្ន​មុនីដា ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​ក្រចេះ​ បាន​មាន​ប្រ​សាសន៍​ថា “ វា​មិន​ដែល​ល្អក់​បែប​នេះ​ទេ​ពី​មុន​មក​”។​ លោក​បន្ថែម​ថា មន្ទីរ​របស់​លោក​​​បាន​យក​ទឹក​ល្អក់​នេះ​​ទៅ​ពិសោធ​ដើម្បី​កំណត់​ថា តើ​វា​ល្អក់​ដោយ​សារ​ភក់​ ឬ​ក៏​អាច​ដោយ​សារ​ការ​បំពុល​ពីគម្រោង​​អភិវឌ្ឍន៍​នៅ​ខ្សែ​ទឹក​ខាង​លើ​។

លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​​​កំពុង​តែ​អង្កេតតាមដាន​ និង​ព្យាយាម​ស្វែង​​​រក​មូលហេតុ​ថា តើ​ហេតុ​អ្វី​បាន​ជា​ទឹក​ទន្លេ​មេគង្គ​ល្អក់​ខ្លាំង​យ៉ាង​នេះ”។
ប្រហែល​ជា​ពីរ​សប្តាហ៍​កន្លង​ទៅ​ ទឹក​ទន្លេ​មេគង្គ​បាន​ចាប់​ផ្តើម​ល្អក់​ទៅៗ​ ហើយ​បាន​​ “ល្អក់​ខ្លាំង” ​កាល​ពី​សប្តាហ៍​មុន។​ លោក​បាន​បន្ថែម​ថា ប្រជា​ពលរដ្ឋ​កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ទឹក​ដែល​ល្អក់ខុស​ពី​ធម្ម​តានេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មច្ឆ​ជាតិ​ ក៏ដូច​ជា​ អន្លង់​ផ្សោ​ត​ក្បែរ​នោះ​ដែល​មានសត្វ​ផ្សោត​ប្រភេទ​ អ៊ីរ៉ាវ៉ាឌី​ រស់​នៅ​។

លោក​ ទុយ​ ចាន់​តារា​ អនុ​ប្រ​ធាន​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​ស្ទឹង​ត្រែង​ បាន​ឲ្យ​ដឹង​ថា មន្ទីរ​របស់​លោក​ក៏​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​នេះ​ផង​ដែរ​។

លោក​ ចាន់​តារា បាន​​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​ឃើញ​ទឹក​ល្អក់​បែបនេះ​ទេ​ពី​មុន​មក ​អំឡុង​រដូវ​ប្រាំង​ហើយ​យើង​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​ទឹក​ល្អក់​នេះ​នៅ​ឡើយ​ទេ”។​​ មន្ទីរ​ធន​ធានទឹក​និង​ឧតុ​និយម​ខេត្តទាំង​ពីរ​ កំពុង​តែ​​អង្កេតតាម​ដាន​​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ទឹក​ល្អក់  ​ហើយ​ថា​ តើ​វា​អាច​មាន​ការ​បំពុល​ដល​់​មច្ឆ​ជាតិ​ឬ​ក៏​អត់​។

លោក​ ចាន់​តារា​ និង​លោក​ រ័ត្ន​មុនី​ដា​ បាន​​លើក​ឡើង​ថា ក្តី​ព្រួយ​​បារម្ភ​ភ្លាម​ៗ​នោះ​គឺ​ អំពី​អនាគត​របស់​​សត្វ​ផ្សោត​ អ៊ីរ៉ាវ៉ាឌី​ ដែល​ជា​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។
យោង​តាម​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ WWF បាន​ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ជិត​ផុត​ពូជ​ដែល​រស់​នៅ​អន្លង់​ទាំងអស់​ចំនួន​ប្រាំបួន​ នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​ មាន​មិន​ដល់​១០០​ក្បាល​នោះ​ទេ​។

លោក​ ហន​ ចាន់​ដេត អ្នក​គ្រប់​គ្រង​គម្រោង​​​​​តំបន់​អភិរក្សរបស់​អង្គការ​ WWF ​នៅ​ក្នុងខេត្ត​ក្រចេះ​  ​ក៏បាន​លើក​ឡើង​ដែរ​ថា ក្រុម​ការ​ងារ​របស់​លោក​នឹង​​អង្កេតតាម​ដាន​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​នេះ​ ហើយ​និង​កំណត់​ថា តើ​វា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សត្វ​ផ្សោត​ដែរ​ឬ​អត់​។ លោក​ ចាន់​ដេត​ បាន​មាន​ប្រសាសន៍​ថា​ “ប្រសិន​បើ​វា ជា​ការ​បំពុល​នោះ​​វា​នឹងមាន​ផល​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សត្វ​ផ្សោត​​​។ សត្វ​ផ្សោត​ទាំង​នេះ​ងាយ​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ ​ហើយ​ការ​បំពុល​អាច​សម្លាប់​ពួក​វា​”។ លោក​បាន​បន្ថែម​ថា គេ​បាន​កាត់​យក​សាច់​សត្វ​ផ្សោត​ដែល​ងាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ដើម្បី​យក​ទៅ​ពិ​សោធន៍​រួច​ហើយ​។

លោកស្រី​​ អាម៉េ ត្រានដេម​ (Ame Trandem) ​​ប្រធាន​កម្មវិធី​​របស់​អង្គការ​តស៊ូ​មតិ​ទន្លេ​អន្តរជាតិ​​ប្រ​ចាំតំបន់​អាស៊ី​អាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា កករ​ដែល​កើត​ចេញ​ពី​ទឹក​ជំនន់​ទន្លេ​មេគង្គ​កាល​ពី​ខែមុន​នៅ​ក្នុង​ប្រទេស​ថៃ​ ប្រទេស​វៀត​ណាម​ និង​ប្រទេស​ចិន ​អា​ច​មក​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ហើយបើ​គិត​មក​ទល់​ពេល​ឥឡូវ​។

យោង​តាម​គណៈកម្មការ​ទន្លេ​មេគង្គបាន​ឲ្យ​ដឹង​ថា មិន​ដល់​មួយ​សប្តាហ៍​ផង​កម្រិត​ទឹក​ទន្លេ​មេគង្គ​បាន​ឡើង​ដល់​ទៅ​ជាង​មួយ​ម៉ែត្រ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​។ ទី​ភ្នាក់​ងារ​អន្តរ​រដ្ឋាភិបាល​បាន​លើក​ឡើង​​​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា “របាយ​​ការណ៍​​ កាល​ពី​មុន​របស់​គណៈកម្មការ​ទន្លេ​មេ​គង្គ​បង្ហាញ​ថា ទឹក​ទន្លេ​មេគង្គមិន​​ដែល​បាន​ឡើង​យ៉ាង​​ខ្លាំងបែប​នេះ​ទេ​អំឡុង​​ខែធ្នូ​ ពោល​​គឺ​មិន​​ដែល​ធ្លាប់​មាន​អស់​រយៈពេល​ប្រហែល​៥០​ឆ្នាំ​មក​ហើយ​”៕ ស៊ុយឈាង​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស