លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា CITA បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមានអារម្មណ៍ថា ចលនាគ្រូបង្រៀនរបស់លោកកំពុងរងការគំរាមកំហែង បន្ទាប់ពីលោកទទួលបានលិខិតអញ្ជើញពីក្រសួងមហាផ្ទៃ ហៅឲ្យលោកទៅពន្យល់ពីការងាររបស់លោកនៅថ្ងៃច័ន្ទ។
លិខិតអញ្ជើញដែលចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍និងចុះហត្ថលេខាដោយលោក មាស សារឹម អគ្គនាយករងនៃអគ្គនាយដ្ឋានក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បី “ ពិភាក្សាការងារ” របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពតវ៉ានៅខែនេះ ធ្វើឡើងដោយក្រុមគ្រូបង្រៀនដែលទាមទារដំឡើងប្រាក់ខែ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា “ ខ្ញុំនឹងមិនទៅទេ ពីព្រោះនៅថ្ងៃនោះខ្ញុំជាប់រវល់បំពេញបេសកកម្មនៅតាមខេត្ត” មុនពេលលោកបដិសេធមិនបញ្ជាក់លម្អិតបន្ថែមទៀត។
លោក រ៉ុង ឈុន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅទៅសាកសួរនៅសប្តាហ៍នេះ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងបាតុកម្មរបស់កម្មករកាត់ដេរ ដែលត្រូវកងរាជអាវុធហត្ថនិងទាហានបង្ក្រាបដោយហិង្សានោះ បានមានប្រសាសន៍ថា លោកចាត់ទុកការអញ្ជើញលើកចុងក្រោយនេះថា ជា “ការគំរាមកំហែងថ្មី”មួយមកលើរូបលោក។
កាលពីថ្ងៃទី២៧ ខែធ្នូ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានព្រមានលោក រ៉ុង ឈុន ថា លោកនឹងដកអាជ្ញាប័ណ្ណរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដោយសារតែសមាគមនេះពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិជាអ្វីដែលលោកបានច្រានចោលយ៉ាងដាច់អហង្ការ។
លោកបានមានប្រសាសន៍អំពីការអញ្ជើញលោកទៅក្រសួងមហាផ្ទៃថា “ វាពិតជាចម្លែកណាស់ ពីព្រោះខ្ញុំមិនដឹងថា ការងារប្រភេទណានៅ CITA ដែលពួកគេចង់ពិភាក្សានោះទេ។ ប៉ុន្តែ វាមិនមែនជាការគាប់ជួនទេ ពីព្រោះក្រសួងមហាផ្ទៃបានព្រមានហើយថា នឹងដកហូតអាជ្ញាប័ណ្ណ”។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានសមាជិកទាំងអស់ជាង១០.០០០នាក់នៅទូទាំងប្រទេស បានសម្រេចអំឡុងសមាជប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ធ្វើបាតុកម្មរយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យដំឡើងប្រាក់ខែដល់២៥០ដុល្លារសម្រាប់គ្រូ
បង្រៀនដែលភាគច្រើនទទួលបានប្រាក់ខែប្រហែល១០០ដុល្លារ។
អាជ្ញាធរបានចាប់ផ្តើមបង្ក្រាបលើចលនានេះកាលពីដើមខែមករា ដោយជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃបានគំរាមដកហូតអាជ្ញាប័ណ្ណរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងក្រោយមកបានបញ្ជាគ្រូបង្រៀនឲ្យចុះកិច្ចសន្យាឈប់ធ្វើកូដកម្មតទៅទៀត។
ក្រសួងមហាផ្ទៃក៏បានលើកឡើងដែរថា រដ្ឋាភិបាលមិនទទួលស្គាល់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពទេ ពីព្រោះសហភាពសហជីពកម្ពុជាដែលមានរូបលោកជាប្រធានមិនត្រូវបានចុះបញ្ជីត្រឹមត្រូវ។
លោក រ៉ុង ឈុន បានអះអាងថា ចលនាគ្រូបង្រៀននេះគ្មាននិន្នាការនយោបាយទេ ហើយបញ្ហាពិតប្រាកដហាក់ដូចជានៅត្រង់ថា “ គណបក្សប្រជាជនកម្ពុជាភ័យខ្លាចខ្លាំងចំពោះការតវ៉ាដោយសន្តិវិធី”។
លោកបានមានប្រសាសន៍ទៀតថា លោកនឹងបន្តអំពាវនាវឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ទោះបីជាសមាគមរបស់លោករងការគំរាមកំហែងក៏ដោយ៕ សុខុម