40.9 C
Phnom Penh

សកម្មជន​សុំឲ្យ​ស្ថានទូត​និង​ម្ចាស់ជំនួយ​ជួយ​ដោះលែង​អ្នក​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ប្រឆាំង​ជំទាស់​នឹង​បម្រាម​ហាម​​មិន​ឲ្យ​ធ្វើ​ការប្រមូលផ្តុំ​​ក្នុងរាជ​ធានី​ភ្នំពេញ​ សកម្ម​ជន​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេ​រិក​ ស្ថានទូត​ជប៉ុន​ ស្ថាន​ទូត​អូស្ត្រាលី​និង​​​ស្ថានទូត​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​សុក្រ​មុន​ពេល​​​ឈប់​សម្រាក​ទទួល​ទាន​អាហារថ្ងៃ​​ត្រង់​ ហើយ​​​បាន​នាំ​គ្នា​តវ៉ា​ម្តង​ទៀត​នៅ​ពេល​រសៀល​​​នៅ​ស្ថានទូត​អង់គ្លេស​ សហ​ភាព​អឺរ៉ុប​និង​ការិយាល័យ​ធនាគារ​ពិភព​លោក​ បន្ទាប់​មក​ទៀត​បាន​ហែ​ក្បូន​ជាលើក​​ចុង​ក្រោយ​ទៅ​កាន់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ ដើម្បី​បញ្ចុះ​​បញ្ចូល​ឲ្យ​មាន​​ការ​ដោះ​លែង​អ្ន​ក​តវ៉ា​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​កាល​ពី​ដើម​ខែនេះ​។

ការ​តវ៉ា​​ដោយ​សន្តិ​វិធី​នៅ​មុខ​ស្ថានទូត​នានា​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​សកម្ម​ជន​ការ​ពារ​សិទ្ធិ​លំនៅ​ដ្ឋាន​មកពី​សហគមន៍​បឹង​កក់ ​ដែល​​បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត​នីមួយៗ​ ស្នើ​សុំ​ឲ្យ​ជួយ​ដាក់​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋា​ភិ​បាល​ដើម្បីឲ្យ​មានការ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​ ដែល​កង​ទ័ព​ឆត្រ​យោង​និង​កង​រាជ​អាវុធ​​ហត្ថ​ចាប់​ខ្លួន​អំឡុង​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​កម្មករ​រោងចក្រ​កាត់​ដេរក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មករា​។

អ្នក​ស្រី​ យ៉ោម​ បុប្ផា​ ​សកម្មជន​ការ​ពារ​សិទ្ធិ​​​ដីធ្លី​មក​ពី​សហ​គមន៍​បឹង​កក់​ បាន​ស្រែក​តាម​ឧគ្ឃោសនសព្ទ នៅ​ខាង​ក្រៅ​ស្ថានទូត​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា “ សូម​ ស្ថានទូត​អា​មេរិក​ជួយអន្តរាគមន៏ឲ្យ​​រដ្ឋាភិបាលដោះ​លែង​លោក​ វ៉ន​ ពៅ​ លោក​ ចាន់​ ពុទ្ធិសក្កិ​ លោក​ ថេង​ សាវឿន​ និង​មនុស្ស​២០នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ ហើយ​សូម​ជួយ​រក​យុត្តិធម៌ឲ្យ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ផង​”។

អ្ន​កស្រី​ យ៉ោម​ បុប្ផា​ បាន​និយាយ​ ខណៈ​អ្នក​តវ៉ា​រាប់​សិប​នាក់​កំពុង​ស្រែក​ពាក្យ​ស្លោក​និង​គ្រវី​ទង់​ជាតិ​ដែល​តំណាង​សហ​រដ្ឋ​អាមេរិក​ អង្គការ​សហ​ប្រជាជាតិ​ និង​សហ​ភាព​អឺរ៉ុប​ថា “ មនុស្ស​ទាំង​២៣​នាក់​មិន​បាន​ធ្វើ​​​អ្វី​ខុស​ឡើយ​។ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះ​​​លែង​ពួក​គេ​ភ្លាម​ៗ​នោះ​ទេ​ យើង​នឹង​ ត​ស៊ូ​ ហើយ​​​យើង​ហ៊ាន​បូជា​ជីវិត​ដើម្បី​សេរី​ភាព​និង​យុត្តិធម៌​ ទោះ​បី​ជា​រដ្ឋា​ភិ​បាល​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​យើង​ក៏​ដោយ​”។

បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំកែប្រែ​ទី​៣ ដែលមាន​ការ​រឹត​បន្តឹង​សន្តិ​សុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ក្រោយ​​ពេល​ចាប់​ខ្លួន​ មនុស្ស​ទាំង​២៣​នាក់​ មិនទាន់​ត្រូវ​បាន​នាំ​យក​មក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​ពាក្យ​​ប្តឹង​ពួក​គេ​រួច​។ មនុស្ស​១០នាក់​ក្នុង​ចំណោម​មនុស្ស​ជាប់​​ឃុំ​ទាំង​អស់​ត្រូវ​បាន​ឆក់​និង​វាយ​ដំ​យ៉ាង​ព្រៃផ្សៃ​ដោយ​​ទ័ព​ឆត្រ​យោង​មក​ពី​អង្គភាព​ទ័ព​ឆត្រ​​យោង​លេខ​៩១១​ ដែល​គេ​ដាក់ពង្រាយ​នៅ​ខាង​ក្រៅ​រោង​ចក្រ​កាត់​ដេរ​ យ៉ាក់ជីង ​គ្រប់​គ្រង​ដោយ​កូរ៉េ ​ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​ខែ​មករា​ ។

មនុស្ស​១៣​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ​ក្រោយ​ពេល​មានការ​ប៉ះ​ទង្គិច​ដ៏បង្ហូរ​ឈាម​នៅ​ផ្លូវ​វេង​ស្រេង​ ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ អំឡុងពេល​​កងរាជ​អាវុធ​ហត្ថ​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​ អាកា​៤៧ លើ​យុវជន​គប់​ដុំថ្ម​ដោយ​បណ្តាល​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចំនួន​ប្រាំ​នាក់​ស្លាប់​និង​ជាង​៤០​នាក់​ផ្សេង​ទៀត​រង​របួស។​ មន្ត្រី​ស្ថានទូត​អាមេរិក​មួយ​រូប​ បាន​ទទួល​យក​ញត្តិ​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ ពី​អ្នក​តវ៉ា​ដែល​​បន្ទាប់​មក​បាន​នាំ​គ្នា​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ និង​ម៉ូតូ​ទៅ​កាន់​ស្ថានទូត​ជប៉ុន​ ជា​ទី​ដែល​ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​ម្តង​ទៀត​ដោយ​គ្រវី​ទង់​ជាតិ​ និយាយ​​តាម​ឧគ្ឃោសនសព្ទ​ និង​ស្រែក​ពាក្យ​ស្លោក មុន​ពេល​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថានទូត​ ដើម្បី​ដាក់​ញត្តិ​ឲ្យ​ស្ថាន​ទូត​ជប៉ុន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ឲ្យ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​។

នៅ​ពេល​ការ​តវ៉ា​គ្មាន​ការ​រារាំង​ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចេញ​បម្រា​ម​ហាម​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ចាប់​ពី​១០​នាក់ឡើង​ទៅនោះ​ នៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​​អ្នក​តវ៉ា​​បាន​ចាប់​ផ្តើម​ហែ​​ក្បួន​ទៅ​កាន់​ស្ថាន​ទូត​​អូស្ត្រាលី​ តាម​បណ្តោយមហា​​វិថីព្រះ​​នរោត្តម​​ ដោយ​មាន​មន្ត្រី​នគរបាល​សម្ងាត់​រាប់​សិប​នាក់​ដើរ​តាម​យ៉ាង​កៀក​ពី​ក្រោយ ​​ហើយ​មន្ត្រី​នគរបាល​សម្ងាត់ទាំងនេះ​​ បាន​ផ្តល់​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍នេះ​ទៅ​ឲ្យថ្នាក់់​លើ​​របស់​ខ្លួន​ជាប់​ជានិច្ច​​​​​​​តាម​​អាយកូម​។

បន្ទាប់​ពី​ដាក់​ញត្តិ​ជូន​ស្ថានទូត​អូស្ត្រាលី​រួច​ អ្នក​តវ៉ា​ បាន​នាំ​គ្នា​ធ្វើ​ដំណើរទៅ​​កាន់​ស្ថាន​​ទូត​អាល្លឺម៉ង់ ដែល​ស្ថិតនៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​២១៤ ជា​ទី​ដែល​អ្នក​ស្រី​ ទេព​ វន្នី​មេ​ដឹក​នាំ​អ្នក​តវ៉ា​បាន​និយាយថា ប្រទេស​ម្ចាស់​ជំនួយ​ត្រូវ​តែ​​ចេញ​មុខ​មក​និយាយ​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​។

អ្នក​ស្រី​ ទេព​ វន្នី និយាយ​ថា “ ស្ថាន​​​​ទូត​​​ទាំងនេះ​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ និង​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​មាន​អំណាច​ខ្លាំង​ណាស់​​ ហេតុ​ដូច្នេះ​ពួកគេ​អាច​ជួយ​យើង​បាននៅ​ក្នុង​ករណី​នេះ​។

អ្នក​ស្រី​បាន​និយាយ​បន្ត​ថា “ សម្លាប់​មនុស្ស​ គឺ​ជា​ទង្វើ​មួយ​ដ៏​ព្រៃ​ផ្សៃ​។ ហើយ​ជា​ពិសេស​ គឺ​ទ័ព​ឆត្រ​យោង​មក​ពី​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ព្រៃ​ផ្សៃប្រឆាំង​មនុស្ស​។ នេះគឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​យើង​ថ្កោល​ទោស​សកម្ម​ភាព​ខុស​ច្បាប់​​របស់​រដ្ឋាភិបាល​ដែល​ចង់​បាន​តែ​អំណាច ​ហើយ​មិន​គិត​គូរ​ពី​ប្រជា​ពលរដ្ឋ​”។

នៅ​ពេល​នាំ​គ្នា​ចេញ​មក​តាម​ផ្លូវ​ម្តង​ទៀត​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ អ្នក​តវ៉ា​បាន​នាំ​គ្នា​តវ៉ា​មួយ​ស្របក់​​ម្តង​ទៀត​នៅ​ស្ថាន​ទូត​អង់​គ្លេស​ ការិយាល័យ​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ធនាគារ​ពិភពលោក​ព្រម​ទាំង​​ស្ថានទូត​កូរ៉េ​ផង​​ដែរ​។​

នៅ​ពេល​ចូល​រួម​ក្នុង​ការ​តវ៉ា​​នៅ​ស្ថាន​ទូត​នានា​ អ្នក​ស្រី​ ប្រាក់ សុផាន់​​​​ណារី​ ​ប្រពន្ធ​របស់​លោក​ វ៉ន​ ពៅ ​ដែល​​ត្រូវ​ទ័ព​ឆត្រ​​យោង​​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ​ហើយ​​ចាប់​ខ្លួន​នៅខាង​ក្រៅ​រោង​ចក្រ​ យ៉ាក់​ជីង​ កាល​ពី​ថ្ងៃ​ទី​២​ខែ​មករា​ បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ប្តី​របស់អ្នក​​ស្រី ​ដែល​កំពុង​មាន​សុខភាព​មិន​ល្អ ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​យ៉ាង​ដូច្នេះ​។

អ្នក​ស្រី​បាន​សួរ​នៅ​ពេល​និយាយ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា “ ហេតុអ្វី​បាន​ជា​គេ​ចាប់​គាត់​ហើយ​ដាក់​គាត់នៅ​ក្នុង​ពន្ធនាគារ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ដូច្នេះ​?”។អ្នក​ស្រី​បាន​និយាយ​បន្ត​ថា “ ប្រសិន​បើ​បញ្ហា​សុខភាព​របស់​ប្តី​ខ្ញុំ​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ​នោះ​ ខ្ញុំ​នឹង​ថ្កោល​ទោស​រដ្ឋា​ភិបាល​ហើយ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​”។សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស ​និង​មេធាវី​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែទី៣​ កាល​ពី​ថ្ងៃ​សុក្រ​ ខណៈ​មាន​សេចក្តី​រាយ​ការណ៍ថា​ មនុស្ស​ទាំង​២៣​នាក់​ជិត​ត្រូវបាន​គេ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ​ ហើយ​ឯកសារ​ពន្ធនាគារ​ក៏​ត្រូវ​បាន​គេ​ត្រៀម​​​រួច​ហើយ​ផង​ដែរ​សម្រាប់​ការ​ដោះ​លែង​។

លោក យ៉េង​ វីរៈ​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ឲ្យ​ដឹង​ថា​ មេ​ធាវី​នៅ​ពន្ធនាគារ​បាន​ដាក់​សំណើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​រួច​ហើយ​។លោក​​បាន​មាន​ប្រសាសន៍​ថា “ យើ់ង​សង្ឃឹមថា ពួក​គេ​នឹង​ត្រូវបាន​ដោះ​លែង​”។

លោក​ សុរិយា​ ស៊ូបេឌី​ ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​បេសកកម្ម​លើក​ទី​១០​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​លោក​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​​សុក្រ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ដោះ​លែង​អ្នក​ទាំង​អស់​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​​ អំឡុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​សប្តាហ៍​នេះ​។

លោក​ ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​សកម្ម​ជន​ទាំងនេះ​ថា ជា “ អ្នក​តវ៉ា​អាជីព​” ព្រោះ​មានមេ​ដឹក​នាំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ជួល​ឲ្យពួក​គេ​មក​ធ្វើ​ការ​តវ៉ា​នៅ​តាម​ស្ថាន​ទូត​ទាំងនេះ​។
លោក​ ប៉ា​ សុជាតិ​វង្ស​ មាន​ប្រសាសន៍​ ដោយ​បដិសេធ​មិន​និយាយ​ថា តើ​នរណា​ដែល​លោក​ជឿជាក់​ថា​ ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​សកម្មជន​ថា “ ពេល​ពួក​គេ​បាន​លុយពួកគេ​ធ្វើ​ការ​តវ៉ា”៕ ស៊ុយឈាង​

(រាយការណ៍បន្ថែមដោយ​​ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស