ក្រសួងព័ត៌មានបានអញ្ជើញលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដ៏មានប្រជាប្រិយភាពឲ្យមកជួបពិភាក្សាគ្នា កាលពីថ្ងៃសុក្រ បន្ទាប់ពីបានច្រានចោលម្តងហើយម្តងទៀត នូវសំណើរបស់លោក ដែលបានស្នើសុំដំឡើងស្ថានីយផ្សាយបន្តនៅតាមបណ្តាខេត្តចាប់តាំងពីឆ្នាំ២០០៥មកនោះ។
អ្នកស្រី ហួន ផាន់ណារី ជំនួយការរបស់លោក ម៉ម សូណង់ដូ បានលើកឡើងថា លោក ប៊ុត ប៊ូវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសោតទស្សន៍ បានសរសេរលិខិតមួយច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ មកអញ្ជើញលោក ម៉ម សូណង់ដូ ឲ្យមកចូលរួមក្នុងកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីសំណើរបស់លោក ដែលស្នើសុំដំឡើងស្ថានីយផ្សាយបន្តនៅតាមបណ្តាខេត្ត ក៏ដូចជាអាជ្ញាប័ណ្ណសុំបង្កើតទូរទស្សន៍ផងដែរ ប៉ុន្តែសំណើរបស់លោក ម៉ម សូណង់ដូ ត្រូវបានច្រានចោលម្តងទៀតកាលពីថ្ងៃអង្គារ។
អ្នកស្រី ផាន់ណារី បាននិយាយថា “ យើងទទួលបានលិខិតមួយច្បាប់ពីក្រសួងព័ត៌មាន ដែលអំពាវនាវឲ្យមានកិច្ចប្រជុំមួយជាមួយលោក ម៉ម សូណង់ដូ កាលពីថ្ងៃសុក្រ ប៉ុន្តែយើងបានស្នើឲ្យមានការពន្យារពេលទៅវិញ ព្រោះលោក ម៉ម សូណង់ដូ បច្ចុប្បន្នកំពុងនៅក្រៅប្រទេស”។ អ្នកស្រីបានបន្តថា លោក ម៉ម សូណង់ដូ នឹងត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ហើយអាចចូលរួមប្រជុំបាននៅថ្ងៃសុក្រសប្តាហ៍ក្រោយ។
ទោះបីជាក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យទូរទស្សន៍ថ្មីមួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏អង្គភាពដែលគ្មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានប្រាប់ថា “ ហ្វ្រេកង់ចង្អៀតខ្លាំងណាស់”។
អ្នកស្រី ផាន់ណារី បានព្រមានថា ការគំរាមធ្វើការតវ៉ារបស់លោក ម៉ម សូណង់ដូនៅតាមផ្លូវខាងក្រៅក្រសួងព័ត៌មាន អាចនឹងកើតឡើង ប្រសិនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅតែបដិសេធសំណើរបស់លោក ម៉ម សូណង់ដូ។
អ្នកស្រីបាននិយាយថា “ ប្រសិនបើយើងត្រូវបានច្រានចោលម្តងទៀត ការតវ៉ានិងការជួបជុំ នឹងត្រូវធ្វើឡើងជាក់ជាពុំខាន ប្រសិនអ្នកគាំទ្រ និងពលរដ្ឋចង់ធ្វើ”។
លោក ម៉ម សូណង់ដូ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីឆ្នាំ២០១២ ពីបទញុះញង់ឲ្យមានការបង្កើតចលនាអបគមន៍ ដែលអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានលើកឡើងថា ជារឿងប្រឌិតឡើងដោយរដ្ឋាភិបាល។ លោកត្រូវបានដោះលែងកាលពីឆ្នាំមុន បន្ទាប់ពីអន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងលើរដ្ឋាភិបាល។
កាលពីថ្ងៃពុធ លោក ម៉ម សូណង់ដូ បានប្តេជ្ញាថា នឹងប្រឆាំងជំទាស់រដ្ឋាភិបាលនិងបម្រាមដែលហាមមិនឲ្យមានការតវ៉ា បន្ទាប់ពីបានជម្រាបប្រាប់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អំពីបំណងធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ ហើយបន្ទាប់មកហែក្បួនទៅក្រសួងព័ត៌មានដើម្បីទាមទារឲ្យក្រសួងយល់ព្រមផ្តល់ហ្វ្រេកង់សម្រាប់ការដំឡើងស្ថានីយផ្សាយបន្ត។
សាលារាជធានីបានផ្អាកការចេញសេចក្តីឆ្លើយតបដែលលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើង កាលពីថ្ងៃសុក្រ ពេលនេះវារហ័សពេកមិនអាចចេញលិខិតឆ្លើយតបបានទេ ព្រោះលោក ម៉ម សូណង់ដូ បានជួបពិភាក្សាជាមួយលោក ប៊ូវុធ ដែលពេលនេះមិនអាចទាក់ទងបាន។
លោកបានមានប្រសាសន៍ថា “ យើងបានសម្រេចផ្អាក ព្រោះយើងនឹងផ្តល់ពេលវេលាឲ្យក្រសួងព័ត៌មានជួបពិភាក្សាជាមួយលោក ម៉ម សូណង់ដូ ជាមុនសិន”។
បច្ចុប្បន្នមានស្ថានីយទូរទស្សន៍សរុបចំនួន១១ ហើយទូរទស្សន៍ទាំងអស់នេះ គឺជាទូរទស្សន៍ដែលផ្សព្វផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាលដោយធ្វើព្រងើកន្តើយចំពោះគណបក្សប្រឆាំង ឬក៏ផ្សាយអ្វីដែលអាក្រក់ពីគណបក្សប្រឆាំង។
យោងតាមស្ថិតិរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មានស្ថានីយវិទ្យុចំនួន៣៤នៅក្នុងរាជធានីភ្នំពេញ ៣៨នៅតាមខេត្ត និង២៥ផ្សេងទៀត គឺជាស្ថានីយផ្សាយបន្ត។ ក៏ដូចជាស្ថានីយទូរទស្សន៍ដែរនោះ ស្ថានីយវិទ្យុភាគច្រើន ត្រូវបានគេចាត់ទុកថា គាំទ្រតែគណបក្សកាន់អំណាច។
អ្នកគាំទ្រស្ថានីយសម្បុកឃ្មុំ គ្រោងនឹងចាប់ផ្តើមធ្វើការតវ៉ា នៅថ្ងៃទី២៧ខែមករា៕ ស៊ុយឈាង