30 C
Phnom Penh

មេដឹក​នាំ​សហជីព​ត្រូវ​បានឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​ការ​​តវ៉ា​ដោយ​សន្តិវិធី​នៅ​តាម​ផ្លូវ​មាត់​ទន្លេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បង្ក្រាប​បាតុកម្ម​​ និង​កង​សន្តិ​សុខ​បាន​ឃាត់​ខ្លួន​មេដឹកនាំសហជីព​ម្នាក់​ចំពោះ​ការ​រៀប​ចំ​ការ​ជួប​ជុំ​តូច​មួយ​​នៅ​តាម​ផ្លូវ​មាត់​ទន្លេ​ក្នុង​រាជធានីភ្នំពេញ​កាល​ពី​រសៀលម្សិល​មិញ ដើម្បី​ទាម​ទារ​ឲ្យមាន​ការ​ដោះ​លែង​មេដឹក​នាំ​សហ​ជីព​មួយរូប​ដែល​ត្រូវ​បាន​នគរបាល​វាយដំ និង​ចាប់ខ្លួន​អំឡុង​បាតុ​កម្ម​មួយកាល​ពីដើមខែ​នេះ​។

លោក សុខ ឈុនអឿន ប្រធាន​ស្តីទី​សមាគមប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​(អាវ​ស)ត្រូវ​នគរបាល​ និង ​សន្តិសុខ​ខណ្ឌ​ចាប់ខ្លួន​ឡើង​រថយន្ត​ អំឡុង​ការ​​ប្រមូល​ផ្តុំ​គ្នា​នៅ​​មាត់​ទន្លេ​​ មុខ​​​ព្រះ​បរមរាជ​វាំង​ កាល​ពី​ម្សិល​មិញ​។សីុវ  ចាន់​ណា​
លោក សុខ ឈុនអឿន ប្រធាន​ស្តីទី​សមាគមប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​(អាវ​ស)ត្រូវ​នគរបាល​ និង ​សន្តិសុខ​ខណ្ឌ​ចាប់ខ្លួន​ឡើង​រថយន្ត​ អំឡុង​ការ​​ប្រមូល​ផ្តុំ​គ្នា​នៅ​​មាត់​ទន្លេ​​ មុខ​​​ព្រះ​បរមរាជ​វាំង​ កាល​ពី​ម្សិល​មិញ​។ស៊ីវ  ចាន់​ណា​

ការ​ចាប់ខ្លួនលោក សុខ ឈុនអឿន ​ប្រធាន ​​ស្ដីទី​សមាគម​ប្រជាធិបតេយ្យឯករាជ្យ​​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ បាន​ធ្វើ​ឲ្យ​ចំនួន​បាតុករ​ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឡើង​ដល់​២៤​នាក់ហើយ​​ ចាប់​តាំង​ពី​លោក​ វ៉នពៅ​ ប្រធាន​សមាគមនេះ​ និង​មនុស្ស​​ប្រាំ​បួន​នាក់​ទៀត​ត្រូវ​បាន​ទាហាន​ឆត្រ​យោង​វាយដំទាត់ ​ធាក់​ និង​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី២ ខែ​មករា​។ មនុស្ស​១៣នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ នៅពេល​នគរបាល​បាន​បាញ់​ កម្មករ​​រោង​ចក្រ​កាត់​ដេរ​ ដែល​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែឲ្យ​​ស្លាប់​ចំនួន​​ប្រាំនាក់​។

នគរបាល​បង្ក្រាប​បាតុកម្ម​រាជធានីភ្នំពេញ​បាន​ចាប់ខ្លួនលោក សុខ ឈុនអឿន​ ឡើង​លើ​​រថយន្ត​នគរបាល​ រួច​​បើក​ចេញ​ទៅ​យ៉ាង​រហ័សឆ្ពោះទៅ​មុខ​ព្រះ​បរម​រាជវាំង​ ​ បន្ទាប់​ពី​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​តូច​ និង​ដោយ​សន្តិវិធី​នេះ​បាន​បញ្ចប់។

លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​បាន​មាន​ប្រសាសន៍ថា លោក​ សុខ ឈុនអឿន ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​​ដោយ​​គ្មាន​ការ​អនុញ្ញាត ​ពីរដ្ឋាភិបាល​ ហើយ​ពេល​នេះ​កំពុង​ជាប់​ឃុំ​នៅ​ស្នង​ការ​រដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​។​​ លោក​​បាន​មាន​​ប្រសាសន៍ថា ​ “គាត់​ត្រូវ​ចាប់ ខ្លួន​ដោយសារតែ​ពួកគាត់​ប្រមូល​ផ្តុំ​គ្នា​ដោយ​មិន​​សុំ​ការ​អនុញ្ញាត​” ដោយ​លោក​​​បង្វែ​រ​សំណួរ​​បន្ថែម​ទៅ​នគរបាល​រាជធានី​។

ក្រសួង​មហាផ្ទៃ​បាន​​ចេញ​បម្រាម​មួយ​ហាម​មិន​ឲ្យ​មានការ​ប្រមូល​ផ្តុំគ្នា​នៅតាម​ទី​សាធារណៈ​កាល​ពីថ្ងៃ​ទី​៤ ខែមករា​។

លោក​ ឡុង​ វុទ្ធី មន្ត្រី​​ផ្នែក​តស៊ូមតិ​នៅ​សមា​គម​ប្រជាធិប​តេយ្យឯករាជ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​ប្រមូល ​ផ្តុំ​គ្នា​កាល​ពីម្សិលមិ ញ​ដែរ​ បាន​ថ្កោល​ទោស​ការ​ចាប់ខ្លួន​​លោក សុខ ឈុនអឿន ។ លោក​បានមាន​ប្រសាសន៍ថា “ការចាប់​ខ្លួន​​នេះគឺដើម្បី​បំភិត​បំភ័យអ្នក​ផ្សេង​ ហើយ​រារាំងពួកគេ​កុំ​ឲ្យ​ធ្វើការ​តវ៉ា ហើយ​ខ្ញុំគិត​ថា ការចាប់ខ្លួន​លោក សុខ ឈុនអឿន គឺជា​អំពើ​អយុត្តិធម៌​”។

ដំបូង​ឡើយ​ លោក​ សុខ ឈុនអឿន មាន​គម្រោង​ប្រមូល​ផ្តុំ​អ្នក​តវ៉ា​​ប្រមាណ​១៥០នាក់​នៅ​ខាងមុខវត្ត​ឧណ្ណាលោម ប៉ុន្តែ​បាន​ប្តូរ​ចិត្ត វិញ បន្ទាប់​ពី​ឃើញកង​សន្តិសុខ​ខណ្ឌដូន​ពេញរាប់សិប​នាក់​ប្រដាប់ដោយ​ដំបង​ និង​ពាក់​មួ​ក​ការ​ពារ​សុវត្ថិភាព​ រង់​ចាំ​នៅ​ទី​នោះ និង​បាន​ចាប់ផ្តើម​បណ្តេញ​ក្រុម​អ្នក​កាសែត​​ ដែល​បាន​ទៅ​ឃ្លាំមើល​ហេតុ​ការណ៍នេះ​​នៅ​ទី​នោះ​។ បន្ទាប់មក​លោក សុខ​ ឈុនអឿន បាន​ផ្លាស់​ប្តូរទីតាំង​ជួប​ជុំ​គ្នា​នៅ​កន្លែង​គោរព​សក្ការបូជា​តូច​មួយ​នៅខាង​មុខ​ព្រះបរម​រាជ​វាំង​វិញ​។ ហើយ​មិន​យូរ​ប៉ុន្មាន​កង​សន្តិ​សុខ​បាន​ទៅដល់​ទីនោះ​ និង​ចាប់ផ្តើម​រុញ​ច្រាន​អ្នក​តវ៉ា​ និង​អ្នក​ណាក៏​ដោយ​ដែល​ឈរ​រាំង​ផ្លូវ​ពួកគេ​នៅ​មាត់ទន្លេ​ ហើយ​ពេល​ខ្លះ​ពួកគេ​ថែម​ទាំង​​គ្រវី​ដំបង​ទៀតផង​។

អ្នក​តវ៉ា​ដែល​មាន​ចំនួន​មិនលើស​ពីជាង​១០​នាក់​នេះ​ បាន​ច្រៀង​ចម្រៀង​ពីរ​បីបទ​រួម​ទាំង​ភ្លេង​ជាតិ​ផង​ដែរ​ ហើយ​បាន​ស្រែក​ទាម​ទារ​​ឲ្យ​ដោះលែង​អ្នកជាប់​ឃុំ​ទាំង​២៣​នាក់​មុនពេល​​បំបែក​គ្នា​។ ពីរបីនាទីក្រោយ​មក​​នគរបាល​បង្ក្រាប​បាតុកម្ម​បាន​ទៅដល់​ទី​នោះ ហើយ​បាន​ចាប់​ទាញ​លោក សុខ ឈុន​អឿន​ឡើង​រថយន្ត​នគរបាល​។

លោកស្រី ណាលី ពីឡូក ប្រធាន​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ប្រមូល​ផ្តុំគ្នា​នេះដោយ​ផ្ទាល់​ បាន​មាន​ប្រសាសន៍ថា  ការចាប់ ខ្លួន​លោក​ សុខ ឈុនអឿន កាល​ពីម្សិលមិញ​ គឺជា “ឧទាហរណ៍​ មួយ​ទៀត​បង្ហាញ​ពី​ការ​​មិន​អត់ឱន​ដាច់​ខាត​របស់​រដ្ឋាភិបាល​​​ចំពោះ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​​សន្តិ​វិធី​ ទោះបីជា​មានការ​ធានាអះ​អាង​​ចំពោះ​​ សហ​គមន៍​អន្តរជាតិ​ និង​ប្រជាពល​រដ្ឋ​​កម្ពុជា​ថា ប្រទេស​នេះមាន​លទ្ធិ​ប្រជាធិប​តេយ្យ និង​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ក៏ដោយ​”។ លោក​ស្រី​បានមាន​ប្រសាសន៍ថា មេធាវី និង​សមាជិក​នៃ​សមាគម​ប្រជាធិបតេយ្យឯក​រាជ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ទៅកាន់​ស្នង​ការ​រដ្ឋាន​នគរបាល​រាជធានី​ដើម្បី​​ជួប​លោក សុខ ឈុនអឿន ប៉ុន្តែ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​​ជួប​ទេ​៕​សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស