27 C
Phnom Penh

លោក​ ហ៊ុន សែន  អំពាវ​នាវ​ឲ្យអ្នក​គាំទ្រ​បក្ស​ប្រជាជនក្រោក​ឈរ​​ដើម្បីការ​ពារ​រដ្ឋាភិបាល​របស់​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែងនៅ​​រយៈពេល​ពីរសប្តាហ៍​ បន្ទាប់​ពី​បង្ក្រាប​បាតុកម្ម​របស់​គណបក្សប្រឆាំង​ដែល​ទាម​ទារ​ឲ្យលោក​ចុះចេញ​ពីអំណាច លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពីថ្ងៃសៅរ៍​ បាន​អំពាវ​នាវ​ឲ្យអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់លោក ត្រៀម​ខ្លួន​ក្រោក​ឈរឡើង​ប្រឆាំង​ជាមួយក្រុមប៉ុន​ប៉ង​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​​។

លោក​ ហ៊ុន សែន បានមាន​ប្រសាសន៍​អំឡុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​មណ្ឌល​កុមារ​កំព្រា​មួយ​​កន្លែងនៅ​​ក្នុង​ខេត្ត​ក្រចេះថា  “សូម ​បង​ប្អូន​ទាំង​អស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ ត្រៀម​ខ្លួន​ក្រោក​ឈរ​ឡើង​​ប្រឆាំង​គ្រប់​សកម្មភាព​ទាំង​អស់​ដែលខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​​​​មាន​លក្ខណៈ​ជា​រដ្ឋ​ប្រហារ​”។

លោក​បានមាន​ប្រសាសន៍ថា “ការ​មាន​បំណង​ទម្លាក់​រដ្ឋាភិបាល [​របស់ខ្ញុំ]  មិន​អាច​ទទួល​យក​បាន​ឡើយ​”។ លោក​បាន​​លើក​ឡើង​ទៀត​ថា នរណា​ក៏​ដោយ​ដែល​ព្យាយាម​ប្រឆាំង​នឹង​ការ​ដឹកនាំប្រទេស​របស់លោក​​ នឹង​មិន​ត្រូវ​ “អត់​ឱន” ​ឲ្យ​ឡើយ​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរថា ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​របស់លោក​សម្រេច​ចិត្ត​ចេញ​មក​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ពួកគេ​គួរតែ​រួប​រួម​កម្លាំង​គ្នា​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ទៀត​ថា “ពី​មុន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់កម្លាំង​អ្នក​គាំទ្រ​ និង​សមាជិក​របស់​ខ្លួន​​ [ដើម្បី​ទប់​ទល់​នឹង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​] ទេ​ ហើយ​មាន​អ្នក​ខ្លះ​និយាយ​ថា ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​ចេញ​មក​តវ៉ា​វិញ​ នឹង​គ្មាន​មនុស្សច្រើន​​ទេ​”។ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​​ថា “ អ្នក​ ឯង​ចង់​ដឹង​ ឬចង់​សាក​លមើល​ទេ​?​ប្រសិន​បើ​ ហ៊ុន សែន ចេញ​មក​ធ្វើ​ ​​វា​នឹង​មិន​តូច​ទេ​ ហើយនឹង​មាន​ការ​ចាត់​វិធានការ ដូច្នេះ​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ចំពោះ​រឿង​នោះ​។ មិន​មែន​ជា​ការ​គំរាម​ទេ​ តែ​នេះ​​គឺជាការ​អនុ​វត្ត​ច្បាប់​”។

កាល​ពីថ្ងៃ​ទី​៤ ខែមករា​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន បាន​បញ្ជូន​មនុស្ស​​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម​​ប្រដាប់​ដោយ​ដំបងដែក ដំបង​ឈើ​ និង​ពូថៅ​ចូល​ទៅ​ទីតាំង​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី បោស​សម្អាត​​ក្រុម​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួ​ម​ទាំង​ព្រះសង្ឃ​ផង ដែល​បាន​បោះ​ជំរំនៅ​ទី​នោះ​អស់​រយៈ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​លើ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស​កាល​ពីខែ​កក្កដា។

ការ​ដើរ​ក្បួន​ និង​បាតុកម្ម​​របស់​គណបក្ស​​ប្រឆាំង​បាន​រីក​ធំឡើង​ៗ​ បន្ទាប់​ពី បាន​រួម​បញ្ចូ​ល​ គ្នាជាមួយការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ និង​ការ​អំពាវ​នាវ​រួម​គ្នា​របស់​ពួកគេ​បាន​​ផ្លាស់​ប្តូរ​ទៅ​ទាម​ទារ​ឲ្យលោក​ ហ៊ុន សែន​ ចុះ​ចេញ​ពីអំណាច​វិញ​។

មន្ត្រីកង​រាជអាវុធ​ហត្ថ​ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យទៅ​បង្ក្រាប​កូដ​ករ​ ដែល​គប់​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច​នៅលើ​កំណាត់ផ្លូវ​វេង​ស្រេង​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពីថ្ងៃ​ទី​៣​ ខែមករា​បាន​បាញ់​កម្មករ​រោង​ចក្រ​កាត់​ដេរប្រាំនាក់​ឲ្យ​បាត់​បង់ជីវិតនិង​ជាង​៤០​នាក់​ទៀត​រង​របួស​​។

ទោះបីជា​រដ្ឋាភិបាល​របស់​លោក​បាន​ព្យួរ​សិទ្ធិ​សេរីភាព​ក្នុងការ​ជួប​ជុំ និងសិទ្ធិ​ធ្វើ​​បាតុ​កម្ម​ដូច​មាន​​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​​កាល​ពី​ពីរ​សប្តាហ៍​មុនក៏​ដោយ​ ក៏​លោក ហ៊ុន សែន​ កាល​ពីថ្ងៃសៅរ៍ បាន​បញ្ជាក់​ថា ដំណោះស្រាយ​ចំពោះវិបត្តិ​នយោ​បាយ​កំពុង​កើត​មាន​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​​​ ត្រូវ​តែ​គោរ​ព​តាម​រដ្ឋធម្មនុញ្ញ​ដែល​លោក​បាន​ព្យួរ​។​

លោក ហ៊ុន សែន​ បានមាន​ប្រសាសន៍​ថា “ ការ​ទាម​ទារ​ណាមួយ​ដែល​ផ្ទុយ​​ពី​រដ្ឋ​ធម្មនុញ្ញ​​មិន​អា​ចទទួល​យក​បាន​ឡើយ​”។ លោក​មាន​ប្រសាសន៍​ទៀតថា គណបក្ស​សង្គ្រោះជាតិ​គួរតែ​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​ខ្លួន​ ដែល​បាន​បន្ត​អស់​រយៈពេល​ជិត​បួនខែ ដើម្បី​ដោះស្រាយ​​ស្ថាន​ភាព​ជាប់​គាំង​ក្រោយ​ការ​បោះឆ្នោត​។ លោក​បានមាន​ប្រសាសន៍​អំពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​​ និង​បាតុកម្ម​​របស់​គណ​បក្ស​ប្រឆាំង​ថា “ វាយូរ​ពេក​ហើយ​ គួរ​តែ​គ្រប់​គ្រាន់​ហើយ​”។

លោក​បានមាន​ប្រសាសន៍ថា “ ​ចូល​សភា​ដោះស្រាយ​​បញ្ហា​ជាមួយ​គ្នា​នៅ​ណុង​ មិន​ចូល​ទេ​ហីទៅ​” នៅក្នុង​អ្វីដែល​ទំនង​ជា​ការ​គំរាម​មិន​ចំៗ​ថា គណបក្ស​ប្រឆាំង​អាច​នឹង​បាត់​បង់​អាសនៈ​ទាំង​៥៥​របស់​ខ្លួ​ន​នៅ​ក្នុង​រដ្ឋ​សភា ដែល​លោក​ ហ៊ុន សែន​ បាន​គំរាម​ជា​យូរ​មក​ហើយ​។ លោក​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ការ​ដោះស្រាយ​បញ្ហា​ត្រូវ​តែ​ធ្វើ​នៅក្នុងសភា​ មិន​អាច​ធ្វើ​តាម​ចិញ្ចើម​ផ្លូវ​បាន​ទេ​”។

លោក យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​​​មាន​ប្រសាសន៍ថា គណ​បក្ស​របស់លោក​បានធ្វើ​តែ​បាតុកម្ម​ដោយ​​សន្តិវិធី​ប៉ុណ្ណោះ​។ អ្នក​នាំពា ក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​មាន​ប្រសាសន៍ថា “អ្វី​ដែល​​យើង​បាន​ធ្វើ​​​រហូត​មក​ទល់​ពេល​នេះ​ គឺបាតុកម្ម​សន្តិវិធី​ដើម្បីទាម​ទារ​ដំណោះ​ស្រាយ​សន្តិវិធី​ចំពោះ​ការ​ជាប់​គាំ​ង​ផ្នែក​នយោ​បាយ​​។ វាមិន​មែន​ជាការ​ធ្វើ​រដ្ឋប្រហារ​ទេ​វា គឺជាសេរី​ភាព​​នៃការ​បញ្ចេញ​មតិ វា​ជា​វិធី​បើក​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ​”។​

លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បានមាន​ប្រសាសន៍ថា គណ​បក្ស​របស់លោក​នឹង​មិន​ខ្លាច​ការ​បំភិត​បំភ័យ​របស់​លោក ហ៊ុន សែន ឡើយ​ ហើយ​បាតុ​កម្ម​សន្តិវិធី​​នឹង​នៅ​តែ​បន្ត​ ប្រសិន​បើ​គណ​បក្ស​កាន់​អំណាច​មិន​យល់ព្រម​បោះឆ្នោត​ឡើង​វិញ​ទេ​នោះ​។ លោក​បាន​បន្ត​ថា ហើយ​​ ប្រសិន​បើ​គ្មាន​សម្ប​ទាន​ពីគណ​បក្ស​ប្រជា​ជន​កម្ពុជា​​ទេ​​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​​ ជាតិ​នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន ស្រប​ច្បាប់​តាម​រយៈ​ការ​ទទួល​យក​ អាសនៈ​របស់​ខ្លួន​នៅក្នុង​រដ្ឋសភា​ឡើយ​​។

លោក កឹម​ សុខា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “នៅក្នុង​ប្រទេស យើង​កំពុង​ ​រង់​ចាំ​ដំណោះស្រាយ​នយោបាយ។ ប្រសិន​បើ​មិន​អាច​ដោះស្រាយ​បាន​ទេ ហើយ​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​យល់​ព្រម​រៀបចំ​​បោះ​ឆ្នោត​ឡើង​វិញ​ និងមិន​​ចាប់​ផ្តើម​ធ្វើ​ការស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅក្នុងការ​បោះ​ឆ្នោត​ទេ​នោះ​ យើ​ងនឹង​បន្ត​ធ្វើ​បាតុកម្ម​ទៀត​”៕ សុខុម​

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស