27 C
Phnom Penh

មនុស្ស​មួយ​ក្រុម​កាប់​​បុរសម្នាក់ស្លាប់​ដោយ​​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់នៅ​​ក្នុង​ខេត្ត​កំពង់​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា មនុស្ស​មួយ​ក្រុម​នៅក្នុង​ស្រុក​បសេដ្ឋ​ ខេត្ត​  កំពង់​ស្ពឺ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍បាន​កាប់​បុរស​អាយុ​៥៥​ឆ្នាំ​ម្នាក់ស្លាប់​​ដែល​ពួកគេ​ចោទ​ថា​ ​ចេះ​អំពើ​អាប​ធ្មប់។

លោក សោម ចាន់​ថា អធិការ​នគរ​បាល​ស្រុក​បសេដ្ឋបាន​ឲ្យ​ដឹង​ថា “ ជន​រង​គ្រោះ​​ឈ្មោះ​ ខៀវ ប៉ន ​ត្រូវ​មនុស្ស​មួយ​ក្រុម​​មាន​គ្នា​ប្រហែល​ប្រាំមួយ​នាក់​កាប់​​ចិ​​​ញ្ច្រាំ​​​យ៉ាង​តិច​ដប់​ពូថៅ”។

អ្នក​ភូមិរស់​នៅក្នុង​ភូមិត្រពាំង​ឈូក       ​ ឃុំប​សេដ្ឋ បាន​ធ្វើ​ពិធី​ដារលាន​កាល​ពី​យប់​ថ្ងៃ​សៅរ​៍ ដោយ​មាន​ការ​រាំ​កម្សាន្ត​សប្បាយ​ផង​ដែរ។ លោក ចាន់ថា បាន​មាន​ប្រសាសន៍​​​ថា អ្នក​ចូលរួម​ពិធី​មួយ​ក្រុម​បាន​ល្បួង​បុរស​ឈ្មោះ  ខៀវ  ប៉ន  ឲ្យ​ដើរ​ចេញ​​ពី​ពិធី​នោះ ហើយ ​បាន​សម្លាប់​បុរស​រូបនេះ​នៅ​ចម្ងាយ​ប្រហែល​​ ៥០ម៉ែត្រ​ពីកន្លែង​ដែល​អ្នក​ភូមិ​រាំ​កម្សាន​សប្បាយ​នោះ។

លោក​​ ចាន់​ថា បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​ថា“ សាកសព​ជន​​​​រងគ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញកាប់​ស្ទើរ​ដាច់​ក​ចេញ​ពីក្បាល​​​នៅក្នុង​វាល​ស្រែ​មួយ​”​។

លោក​បាន​​បន្ថែម​ថា លោក ខៀវ ប៉ន ត្រូវ​គេ​សម្លាប់​ចន្លោះ​​​ម៉ោង​ប្រហែល​១១យប់​ ទៅ​​​ម៉ោង​១២ និង​៣០នាទី​រំលង​អធ្រាត្រ ហើយ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាក​សព​នៅ​ម៉ោង​ប្រហែល​ ៦ និង​៣០នាទី​ព្រឹក​ស្អែក។

លោក ចាន់ថា ​បាន​មាន​ប្រសាសន៍​ថា លោក ខៀវ ប៉ន គឺ​ជា​គ្រូ​ឱសថ​បុរាណខ្មែរ​ ប៉ុន្តែ​ថា អ្នកភូមិ​មួយ​ចំនួន​ជឿថា គាត​់​​ចេះ​អំពើ​អាប​ធ្មប់។ លោក​បាន​បន្ថែ​ម​ថា ជន​រង​​​គ្រោះ​រស់នៅ​តែ​ម្នាក់​ឯង​​ទេ​​ចាប់​តាំង​ពី​លែង​លះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​មក​។

លោក ចាន់ថា បាន​មាន​ប្រសាសន៍​ថា      “ យើង​កំពុង​ស៊ើប​អង្កេត​ដើម្បី​រក​ឲ្យ​ឃើញ​ថា អ្នក​ណា​ខ្លះ​ពាក់​ព័ន្ធ​នៅក្នុង​ការ​សម្លាប់​នេះ និង​តាមចាប់​ខ្លួន​ពួកគេ​មក​ផ្តន្ទា​ទោស​”។​

លោក​បានបន្ថែម​ថា  នគរបាល​បាន​ព្យាយាម​​ ណែនាំ​អ្នក​ភូមិ​ក្នុ​ងពេល​កន្លង​មក​ថា ពួក​គាត់​មិន​ត្រូវ​ប៉ះពាល់​អ្នក​ដែល​គ្រាន់​តែ​សង្ស័យ​ថា ចេះ​អំពើ​អាបធ្មប់​នោះឡើយ។

លោកបាន​មាន​ប្រសាសន៍ថា ចាប់​តាំង​ពីលោក​ចូលបម្រើ​ការ​ងារ​ជា​អធិការ​នគរ​បាល​ស្រុក​ក្នុង​ឆ្នាំ​១៩៩៩មក លោក​ ចាន់​ថា បាន​មាន​ប្រសាសន​៍ថា​ លោក​បាន​ជួប​ប្រទះ​ប្រាំ​ករណី​ហើយ​ដែល​គ្រាន់តែ​សង្ស័យ​​ថា ​ចេះ​អំពើ​អាបធ្មប់​ត្រូវបាន​សម្លាប់​នោះ។ នេះគឺ​ការ​សម្លាប់​លើក​ទី​១ហើយ​ពាក់​ព័ន្ធករ​ណី​អំពើ​អាប​ធ្មប់​នៅ​ឆ្នាំ​នេះ។

លោក ចាន់ សុវ៉េត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​​បាន​មាន​ប្រសាសន៍ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​ត្រូវ​គេ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​ ហើយ​​​​​ត្រូវ​គេ​សម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំមុន។

អំពើ​មនុស្ស​ឃា​ត ការ​យាយី ឬ​ការ​និរ​ទេស​អ្នក​ដែល​គេ​ចោទ​​ថា ចេះ​អំពើ​អាប​ធ្មប់នោះ​មិន​មែន​ជា​រឿង​​ចម្លែក​ទេ​នៅតាម​តំបន់​ជន​បទ​ក្នុង​ប្រទេ​សកម្ពុជា​ ចំណែកឯ​ អ្នក​ដែល​សង្ស័យថា ចេះ​អំពើ​អាប​ធ្មប់​នោះ​ ជា​រឿយៗ​ត្រូវ​គេ​ទម្លាក់​កំហុស​ដោយ​សារ​​​មាន​​​ការ​កើត​ជំងឺត​ម្កា​ត​​់ផ្សេ​ងៗ​ដូច​ជា​ មនុស្ស​ធ្លាក់​ខ្លួន​ឈឺ ឬ​ផល​​​ដំណាំ​មិន​ល្អ​ជា​ដើម។

កាលពី​ឆ្នាំ​មុន មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤០​នាក់​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​ដែរ​ បាន​វាយ​សម្លាប់​បុរស​ម្នាក់​ដែលគេ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់។

នគរបាល​លើក​ឡើង​ថា មាន​ជន​ល្មើស​ច្រើន​ណាស់​ដែល​​​មិន​ទាន់​​ចាប់ខ្លួន​មក​ធ្វើការ​ចោទ​ប្រកាន់នៅឡើយ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស