33 C
Phnom Penh

អភិបាល​រាជ​ធានី​ភ្នំពេញ​សន្យា​ជាថ្មី​ម្ត​ង​ទៀត​ជួយ​​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​ លោក​ ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​សហគមន៍បុរី​កីឡា​ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ ដែល​​ឥឡូវ​នេះ​រស់​នៅ​កន្លែង​​​​​គំនរចាក់​សំរាម​នៅ​ក្បែរ​អតី​ត​លំ​​នៅដ្ឋាន​របស់​ខ្លួន​ ហើយ​ជាថ្មី​ម្ត​ង​ទៀត​លោក​​បាន​សន្យា​សាង​ សង់​លំនៅ​ដ្ឋាន​​សម​រម្យ​​សម្រាប់​អ្នកភូមិ​១៥០គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​ពី​កន្លែង​អតីត​​ផ្ទះ​សំបែង​​របស់ខ្លួន​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា បើទោះ​​ជា​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​ផែន​ការ​​ជាក់​​​លាក់​​ច្រើនទៀត​ក៏ដោយ ក៏​សាលា​រាជ​ធានីភ្នំពេញ​​នឹង​ធ្វើការ​បោស​សម្អាត​តំបន់​ចាក់​សំរាម​ដែល​​​​ឥឡូវ​នេះ​អ្នក​ភូមិ​ចំនួន​១៥០​គ្រួសារ​រស់​នៅ​​និង​សាងសង់​ផ្ទះសំ​បែង​ជូនអ្នក​ភូមិ​ទាំង​១៥០​​​គ្រួសារ​នោះ ​យ៉ាង​ហោច​ណាស់​​មាន​​ទំហំ​៤ម៉ែត្រ​​​​គុណនឹង​៦ម៉ែត្រដែរ​នៅ​ក្បែរនោះ។

អ្នក​ភូមិ​១៥០គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញពីផ្ទះ​សំបែង​ចាស់​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១២ មិន​ត្រូវ​បាន​ផ្ត​ល់​លំនៅដ្ឋាន​ជា​ជម្រើស ឬ​សំណងដូច​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យដែល​​​បាន​យក​ដី​របស់​ពួក​គាត់​ នោះ​បាន​សន្យា​​ជាមួយ​ពួកគាត់ឡើយ​​។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសា​សន៍​ថា “ពួកគាត់​កំពុង​រស់​នៅ​ដោយ​គ្មាន​អនា​ម័យ​​​…យើង​មិន​អា​ច​អនុញ្ញាត​ឲ្យ​ពួកគាត់​បន្ត​រស់នៅ​ដូច​សព្វថ្ងៃនេះ​បាន​ទៀត​ឡើយ ពីព្រោះ​វានឹង​ប៉ះពាល់ខ្លាំង​ណាស់​ដល់​សុខ​ភាព​របស់​ពួកគាត់”។

លោក ឡុង​ ឌីម៉ង់ បាន​មាន​ប្រសា​សន៍​​​ទៀត​ថា សាលា​រាជ​ធានី​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុនភាពីម៉ិច ជាក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន ទ្រព្យ​​ដែល​មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​សាង​សង់អគារ​​ផ្ទះ​ល្វែង​សម្រាប់​​គ្រួសារ​អ្នកភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញទាំង​នោះ​ បន្ទាប់​ពី​រដ្ឋាភិ​បាល​​​បាន​ផ្ត​ល់​ដីសហ​គមន៍បុរី​កីឡានេះ​ទៅ​ឲ្យក្រុម​ហ៊ុន​នេះរួច​មក។

បន្ទាប់ពី​លោក​ចូលកាន់​តំណែង​ជា​អភិ​បាល​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣  លោក ប៉ា សុជាតិវង្ស បាន​ជួប​ជាមួយ ​​​​អ្ន​កភូមិ​អតី​ត​សហគមន៍​បឹង​កក់​ដែល​ធ្វើការ​តវ៉ា ដែល​បាន​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ដែរ ​ហើយ​បាន​សន្យា​ដោះ​ស្រាយ ​ជម្លោះដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នេះ​ជាមួយ​ក្រុម​ហ៊ុនស៊ូកាគូ អ៊ិន ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​កាន់​កាប់​ដោយ លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។

ដោយ​លោក ប៉ា សុជាតិវង្ស មាន​ការ​ដោះ​ស្រាយ​​​ជម្លោះ​តំបន់​បឹង​កក់​យឺត​យ៉ាវ​នោះ លោក ពេជ្រ លឹមឃួន​ អ្នកភូមិ​បុរី​កីឡា បាន​មាន​និយាយកាល​ពី​ម្សិល​មិញ​ថា លោក​មាន​ការ​ព្រួយ​បារម្ភថា លោកអភិបាល​​​​រាជ​ធានី​នឹង​មិន​បាន​គោរព​តាម​ការ​សន្យា​ជាមួយ​អ្នក​ភូមិ​សហ​គមន៍​បុរី​កីឡា​ដែរ។

លោក លឹមឃួន បាន​និយាយ​​ថា “យើង​សង្ឃឹម​ថា  លោក​អភិបាល​នឹង​មិន​កុហក​ពួកយើង​ឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស