កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាលើសេចក្តីព្រាងថវិកា ចំណាយមួយ ដែលមាន ខចែងអំពីការផ្អាកការផ្តល់មូលនិធិខ្លះដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែមានអនុវត្តប្រតិបត្តិការស៊ើបអង្កេតឯករាជ្យទៅលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន ឬក៏រហូតទាល់តែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសភា។
សេចក្តីព្រាងថវិកានេះមានគោលដៅតែផ្នែកតូចមួយ ពោលគឺមានតែថវិកា៨០លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ សម្រាប់ផ្តល់ឲ្យប្រទេសកម្ពុជា តាមរយៈរដ្ឋាភិបាលដោយផ្ទាល់។ ទោះបីជាយ៉ាងណា មូលនិធិផ្សេងៗទៀតគឺជាមូលនិធិជំនួយមនុស្សធម៌ និងមូលនិធិសម្រាប់ការបណ្តុះបណ្តាលអំពីសិទ្ធិមនុស្សដល់កងយោធពលខេមរភូមិន្ទ។
សេចក្តីព្រាងថវិកានេះបង្ហាញថា ជំនួយនេះនឹងត្រូវកាត់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រហូតទាល់តែលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា “រដ្ឋាភិបាលកំពុងតែរៀបចំ និងអនុវត្តការស៊ើបអង្កេតឯករាជ្យ និងគួរទុកចិត្តមួយ ទៅលើភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយមានការឯកភាពពីគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ឬរហូតទាល់តែគណបក្សសង្គ្រោះជាតិទទួលយកអាសនៈរបស់ខ្លួន។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានស្វាគមន៍សេចក្តីព្រាងថវិកានេះ ដោយលើកឡើងថា ខណៈដែលជំនួយចំនួនតិចតួចប៉ុណ្ណោះបានកំពុងដកចេញ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា អាចនឹងមើលឃើញ គំរូនៃការកាត់ផ្តាច់ជំនួយនេះ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “នេះបង្ហាញពីភាពអាម៉ាស់របស់លោក ហ៊ុន សែន ហើយភាពអាម៉ាស់មានសារៈសំខាន់ជាងប្រាក់ទៅទៀត ពោលគឺវារួមចំណែកយ៉ាងច្រើនក្នុងការបញ្ជាក់ពីភាពមិនស្របច្បាប់នៃរបបរបស់លោក ហ៊ុន សែន”។ លោកបានបន្តថា “លោក ហ៊ុន សែន …ខ្លាចទិដ្ឋភាពឯកោពីអន្តរជាតិជាងអ្នកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ពេលនេះរបបរបស់គាត់ប្រឈមនឹងបញ្ហាផ្លូវច្បាប់”។
លោក ស៊ាន ម៉ាឃីនតុស (Sean Mclntosh)អ្នកនាំពាក្យស្ថានទូតអាមេរិក មិនបញ្ជាក់ថាតើសេចក្តីព្រាងថវិកានេះនឹងកាត់ផ្តាច់មូលនិធិជំនួយចំនួនប៉ុន្មានទេ។លោកបានលើកឡើងនៅក្នុងអ៊ីមែលថា “យើងនៅតែគាំទ្រឲ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពមួយទៅលើភាពមិនប្រក្រតីដែលត្រូវបានរាយការណ៍ អំឡុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣និងការអនុវត្តកម្មវិធីកំណែទម្រង់ ដើម្បីធានាថា ការបោះឆ្នោតដែលកំពុងបោះជំហានទៅមុខពិតគួរទុកចិត្តបានមែន”។
លោកក៏បានលើកឡើងវិញផងដែរថា ការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋមេរិកនេះ នឹងមិនប៉ះពាល់ផ្ទាល់ដល់ពលរដ្ឋកម្ពុជាទេ។ លោកបានមានប្រសាសន៍ បន្តទៀតថា “ការដាក់កំហិតនេះនឹងមិនប៉ះពាល់ដល់ជំនួយមនុស្សធម៌របស់យើង និងគម្រោងផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជាទេ”។
លោក ឯក ថា អ្នកនាំពាក្យរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតយ៉ាងត្រឹមត្រូវនិងបានអំពាវនាវឲ្យពិចារណាក្នុងការកាត់ជំនួយ។ លោកបានមានប្រសាសន៍ថា “ យើងកំពុងអំពាវនាវដល់អ្នកផ្តល់ជំនួយនានា ប្រទេស ជាមិត្តជិតឆ្ងាយ កុំឲ្យកាត់បន្ថយ ឬផ្តាច់ជំនួយដល់កម្ពុជា ពីព្រោះក្នុងនាមប្រជាជនកម្ពុជា យើងត្រូវការជំនួយគាំទ្រ ក្នុងការអភិវឌ្ឍប្រទេស”៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ Zsombor Peter)