28 C
Phnom Penh

ក្រៅ​ពី​ករណី​​លោក​ ជា វិជ្ជា ករណី​ជាច្រើន​ទៀត​នៅ​តែ​មិន​មាន​ការ​ទទួល​ខុស​ត្រូវនិង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​ពេល​ពិធី​បុណ្យខួបគំរប់​១០ឆ្នាំ​ដែល​ត្រូវ​បាន​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ស្អែក​ សម្រាប់​រំឭក​អំពី​សោកនាដកម្ម​បាញ់​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​ នគរបាល​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ទោះ​បី​ជា​ខ្លួន​មិន​មាន​សមត្ថភាព​ចាប់​ជន​ណា​ម្នាក់​យក​ទៅផ្តន្ទាទោស​ពី​បទ​​មនុស្ស​ឃាត​លើ​សកម្មជនដ៏​​សំខាន់​​រូប​នេះ​​ក៏​ដោយ​ ក៏​ករណី​​បាញ់​សម្លាប់​នេះ​នៅ​តែ​បើក​ចំហ​។

ទោះ​បី​ជា​យ៉ាង​ណា  លោក ជា  មុនី ប្អូន​ប្រុស​​លោក ជា វិជ្ជា បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀតថា លោកមាន​ការ​ជឿ​ជាក់​ជា​យូរ​មក​ហើយ​ថា រដ្ឋាភិបាល​បាន​លាក់​បាំង​ភ័ស្តុតាង​សម្រាប់​ករណី​បាញ់​សម្លាប់​បង​ប្រុសបង្កើត​​របស់​លោក​។

លោកបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ឃាត​ករ​ត្រូវ​បាន​មេ​របស់​ពួកគេ​ការពារ​។ មេ​របស់​ពួកគេ​គឺ​រដ្ឋាភិបាល​។ បើ​ពួកគេ​មិន​មាន​មេ​ទេ​ ពួកគេ​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​”។ គួរបញ្ជាក់​ថា លោក ជា​ មុនី បាន​ស្នង​តំណែង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​ពី​បង​ប្រុស​របស់​លោក​ក្នុង​ឆ្នាំ​២០០៤។

លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​ការ​អសមត្ថភាព​របស់​អាជ្ញាធរ​។ ប្រសិន​បើ​រដ្ឋា​ភិបាលកែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​ជាថ្មី​ម្តង​ទៀត​ ពីព្រោះ​ បច្ចុប្បន្ន​ តុលាការ​មាន​អំពើ​ពុក​រលួយ​ និង​ឃុប​ឃិត​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា”។

អ្នក​រង​ទោស​របស់​អ្នក​ដទៃពី​បទ​​មនុស្ស​ឃាត​ចំនួន​ពីរនាក់​ គឺ​លោក ប៊ន សំណាង​ និង​លោក សុខ សំអឿន បាន​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្នុង​ម្នាក់ មុន​ពេល​លោក​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​តាម​ដីការបស់​តុលាការ​កំពូល ដោយ​សារ​តែ​ខ្វះ​ភ័ស្តុតាង​។

កាលពីម្សិលមិញ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​មូល​ហេតុ​ដែល​មិន​ទាន់​មាន​ជន​ណា​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​​ពី​បទ​មនុស្ស​ឃាត​លើ​មេដឹក​នាំ​សហជីព​ដ៏​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ កាលពី​១០ឆ្នាំ​មុន​ បើ​គិត​ត្រឹម​សប្តាហ៍​នេះ លោកវរ​សេនីយ៍​ឯក​ ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​។ លោក​វរ​សេនីយ៍​​ឯក​ ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​កាល​ពីម្សិល​មិញ​ថា “ ជា​ទូ​ទៅ​អាជ្ញាធរ​របស់​យើង​បន្ត​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​”។

លោក ម៉ក់ ជីតូ បាន​បង្វែរ​សំណួរ​ផ្សេងៗទៀត​ទៅ​លោក ហេង ពៅ អតីត​ស្នង​ការ​នគ​រ​​បាល​រាជធានី​ភ្នំពេញ ដែល​កាលពី​មុន​បាន​ដឹក​នាំ​ប្រតិបត្តិការ​ស៊ើប​អង្កេត​លើ​ករណី​មនុស្ស​ឃាត​លើ​លោក ជា វិជ្ជា ។

លោក ហេង ​ពៅ ដែល​បាន​ចាប់​ខ្លួន​លោក សំណាង និង​លោក សំអឿន ដែល​បច្ចុប្បន្ន​រួច​ខ្លួន​ពីការ​ជាប់​ទោស​ បាន​ប្រកាស​ថា សំណុំ​​រឿង​នេះ​បាន​បញ្ចប់​ហើយ​។

ក្រោយ​មក​ លោក ហេង ពៅ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អនុរដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ទីប្រឹក្សា​សន្តិសុខរបស់​​​​លោក​​​នាយក​​​រ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន មុន​ពេល​លោក​​​ចាក​​​​ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​លើ​បទ​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់ជាច្រើន​។

ខណៈ​ដែល​កំពុង​រត់​គេច​ខ្លួននៅក្នុង​ឆ្នាំ​​២​០០៦ លោក ហេង ពៅ បាន​ប្រាប់​ទស្ស​នាវ​​ដ្តីបារាំង​មួយ​ឈ្មោះ  L’Express ថា លោក ហុក ឡងឌី អតីត​អគ្គស្នង​ការ​នគរបាល​ជាតិ​ដែល​ស្ថិត​ក្នុង​ចំណោម​​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​លោក ហ៊ុន សែន បាន​ប្រាប់​លោក​ឲ្យ​ទម្លាក់​​កំហុស​ទៅ​លើ​លោក សំណាង និង​លោក សំអឿន ថា បាន​សម្លាប់​លោក ជា វិជ្ជា ។

បច្ចុប្បន្ន លោក ហេង ពៅ កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​១០០ឆ្នាំ​ នៅ​ក្នុងពន្ធនាគារ​ព្រៃ​ស​ ពី​បទ​ល្មើស​ជា​ច្រើន​ ដូចជា បទ​មនុស្ស​ឃាត​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ តាំង​ពី​លោកត្រូវ​បាន​ចាប់​ខ្លួន និង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី​សំណាក់​លោកវរសេនីយ៍​ឯក​ ម៉ក់ ជីតូ លោក ហេង​ ពៅ មិន​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទាក់​ទង​ទៅនឹង​ឃាត​កម្ម​លើ​លោក ជា វិជ្ជា ទេ។
ក៏​ប៉ុន្តែ ក្រៅ​ពី​ករណី​សោកនាដកម្ម​បាញ់​ស្លាប់​លោក ជា វិជ្ជា នៅ​មាន​ករណី​ជាច្រើន​ទៀត​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ ដូចជា​ ករណី​មនុស្ស​ឃាត​លើ​មេដឹក​នាំ​សហជីព​សេរីកម្មករ​ពីររូប​ផ្សេង​ទៀត​ អ្នកសារ​ព័ត៌​មាន​១១នាក់​ អ្នក​នយោបាយ និង​អ្នកគាំទ្រ​​គណ​បក្ស​ប្រឆាំង​ និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

មន្ត្រី​​អង្គការ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា ករណី​ទាំង​នេះ​មិន​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ឬ​ក៏​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​នគរបាល​​ទេ។

អង្គការ​សិទិ្ធមនុស្ស​ក្នុង​ស្រុក​ លីកាដូ បាន​កត់​ត្រា​​ថា មាន​ការ​​បាញ់​ប្រហារ​យ៉ាង​សាហាវ​ចំនួន​១០ករណី​ ធ្វើ​ឡើង​ដោយ​នគរបាល​ ឬក៏​កង​រាជអាវុធ​ហត្ថ​ ក្នុង​ចន្លោះពី​​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ហើយគ្មាន​ករណី​មួយ​ណា​ក្នុង​ចំណោម​ករណី​ទាំង​នេះ​ មាន​ការ​ផ្តន្ទា​ទោស​ឬស៊ើប​អង្កេត​គួរ​ឲ្យ​ទុក​ចិត្ត​ទេ។

លោកស្រី ពង្ស ស៊ីវហ្គិច នាយិកា​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា “ ទោះ​បី​ជា​មាន​​រដ្ឋធម្មនុញ្ញ​ដ៏​ល្អ​មួយ​ និង​ការ​ផ្តល់​សច្ចា​ប័ន​លើសន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​ក៏​ដោយ​រដ្ឋាភិបាលកម្ពុជា​​បណ្តោយ​ឲ្យ​មាន​វប្បធម៌​និទណ្ឌភាព​ពេញ​លេញ​ សម្រាប់​មន្ត្រី​​អនុវត្ត​ច្បាប់​ មន្ត្រីយោធា និង​មន្ត្រី​ជាន់ខ្ពស់​ក្នុងជួរ​រដ្ឋា​ភិបាល​ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍កន្លង​មក​នេះ​ ស្រប​ពេល​ដែល​ប្រជាជន​របស់​ខ្លួន​រង​ការ​វាយ​ដំ​ ការ​បាញ់​សម្លាប់​ របួស​ ការ​ចាប់​ខ្លួន​ និង​ការ​បញ្ជូន​ទៅ​ពន្ធនាគារ​ ដោយ​សារគ្រាន់​តែ​បាន​ព្យាយាម​លើក​កម្ពស់​សិទ្ធិសង្គម និង​សិទ្ធិមនុស្ស​ សំខាន់​ៗ​របស់​ខ្លួន​ជា​សាធារណៈ​”។

លោក សុក សំអឿន នាយកប្រតិបត្តិ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា​ បាន​លើក​ឡើង​ថា បញ្ហា​ខ្វះ​​​​ជំនាញ​ការ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ច្បាប់​ ក្នុង​ជួរ​នគរបាល​គឺ​ជា​កត្តា​រាំង​ស្ទះ​ក្នុង​ដំណើរ​​​ការ​នៃការ​ស៊ើប​អង្កេត​ ក៏​ប៉ុន្តែ រឿង​​នយោបាយ​គឺ​ជា​ក្តី​កង្វល់​ធំ​ជាង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ឥឡូវ​នេះ ខ្ញុំ​អង្កេត​ឃើញ​ថា នគរបាល​មើល​ទៅ​ដូចជា ជា​សមាជិក​គណបក្ស​នយោបាយ​មួយ​”។លោក​បាន​បន្ត​ថា “ ដូច្នេះ​មន្ត្រី​ជាន់​ខ្ពស់​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​បទ​ល្មើស​ណា​មួយ​ នគរ​បាល​មិន​ហ៊ាន​ប៉ះ​ពាល់ករណី​នោះទេ​។ ទោះ​​បី​​ជា​​ពួកគេ​មិន​មែន​ជាមន្ត្រី​រដ្ឋាភិបាល​ ទោះ​បី​​ជា​ពួកគេ​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​របស់​ខ្លួន​ក៏​ដោយ ក៏​នគរបាល​មិន​ហ៊ាន​ប៉ះ​ករណី​នោះ​ដែរ”។

អ្នកសារព័ត៌មាន​១១នាក់​​ត្រូវ​បាន​ធ្វើ​ឃាត​​ដោយ​សារ​តែ​ការងារ​របស់​ពួកគេ​ បើ​គិត​តាំង​ពី​ឆ្នាំ​១៩៩៤មក។ លោក រស់ សុវ​ណ្ណា​​រិទ្ធ​ មេដឹកនាំ​សហជីព​សេរី​កម្មករ​ ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​រាជធានី​ភ្នំពេញ ​រយៈពេល​បួន​ខែ​បន្ទាប់​ពី​លោក ជា វិជ្ជា ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០០៤។

លោក ហ៊ី វុទ្ធី មេដឹក​នាំ​សហ​ជីព​សេរីកម្មករ​ម្នាក់​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០០៧ នៅ​ខាង​ក្រៅ​រោង​ចក្រ​មួយ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត​ ករណី​មនុស្ស​ឃាត​លើ​ប្រជាជន​ធម្មតា​ ធ្វើ​ឡើង​ដោយ​នគរបាល ​និង​កង​រាជអាវុធហត្ថ​ បានកើត​ឡើង​ជាបន្ត​បន្ទាប់​ ដូចជា ករណី​សម្លាប់​ក្មេង​ស្រី ហេង ចន្ថា អាយុ​១៤ឆ្នាំ​នៅខេត្ត​ក្រចេះ អំឡុង​ការ​បណ្តេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​ ដែល​ត្រូវ​បានចាត់​ទុក​ជា​ប្រតិបត្តិការ​ប្រឆាំង​ចលនា​ឧទ្ទាម​ ករណី​សម្លាប់​អ្នកឈរ​មើល​ពីរនាក់​អំឡុង​សកម្មភាព​តវ៉ាកាលពី​ខែកញ្ញា និង​ខែវិច្ឆិកា ឆ្នាំ​២០១៣  ករណី​បាញ់​សម្លាប់​កម្មករ​តវ៉ា​ប្រាំ​នាក់​ធ្វើ​ឡើង​ដោយ​កម្លាំ​ងកង​រាជអាវុធ​ហត្ថ​នៅ​ពេល​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​៣ ខែមករា ជាដើម​។

ទោះ​បី​ជា​ស្ទើរ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ករណី​សម្លាប់​ទាំង​នេះ​ នៅ​ក្នុង​ទសវត្សរ៍​មុន​ក៏​ដោយ​ ក៏​លោកវរសេនីយ៍​ឯក ម៉ក់ ជីតូ បាន​លើក​ឡើង​ថា គណៈកម្មាធិការ​ស៊ើប​អង្កេត​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គ្រប់​ករណី​។ លោក​បាន​មាន​ប្រសាសន៍​ថា “ សម្រាប់​ករណីទាំង​អស់​ដែល​បាន​កើត​ឡើង​ អាជ្ញាធរ​ក្រសួង​មហាផ្ទៃ តែងតែ​ធ្វើការ​ស៊ើប​អង្កេត​។ ដូច្នេះ យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​អំពី​ករណី​ទាំង​នោះ​ទេ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស