31 C
Phnom Penh

​សាលាដំបូង​រាជធានីភ្នំពេញ​ចោទ​អ្នក​ចម្រៀង​ខារ៉ាអូខេម្នាក់​ពីបទ​ជួញដូរ​​អនីតិជន​ឲ្យ​​បម្រើ​ផ្លូវ​ភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាល​ពី​ម្សិល​មិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​តារា​​ចម្រៀង​ខារ៉ាអូខេ​​ដែល​មាន​ប្រជា​ប្រិយ​ម្នាក់​ពី​បទ​ជួញ​ដូរ​មនុស្ស​ និង​ពីបទ​​​​ទាក់​ទាញ​ក្មេង​ស្រី​មិន​ទាន់​គ្រប់អាយុ​ឲ្យ​បម្រើ​​ផ្លូវ​ភេទ​។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ពី​នគរបាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទៅលើ​ការ​អះអាង​របស់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំម្នាក់ដែល​ថា អ៊ូ រស្មី អាយុ​៣៦​ឆ្នាំ​ដែល​ជា​តារា​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិត​កម្ម​ឆ្លង​ដែន​បាន​បង្ខំ​នាង​ឲ្យ​រួម​ភេទ​ជាមួយ​​អ្នក​មាន​លុយ​ច្រើន​​​មក​ពី​បរទេស​ដោយ​ការ​សន្យា​ផ្តល់​ការ​ងារ​ឲ្យ​នាង​នៅក្នុង​ផលិត​កម្ម​ខារ៉ាអូខេ​នេះ​។ លោក ខៀវ​ ផល​ ព្រះរាជអាជ្ញា​រង​បាន​មាន​ប្រសាសន៍ថា “បន្ទាប់​ពី​ការ​សាកសួរ​​ជា​ច្រើន​ម៉ោង​មក​​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី រស្មី ហើយ​ពេល​នេះ​បាន​បញ្ជូន​សំណុំ​រឿង​នេះទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​រួច​ហើយ”។

លោក កែវ ធា នាយការិយាល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​រាជធានី បាន​មាន​ប្រសាសន៍ថា អ្នកស្រី រស្មី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​គាត់​នៅក្នុងសង្កាត់ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ បន្ទាប់​ពីម្តាយ​ជន​រង​គ្រោះ​បាន​ធ្វើ​ពាក្យ​បណ្តឹង​ជាផ្លូវ​ការ​ប្តឹង​​តារា​​ចម្រៀង​រូប​នេះ​កាល​ពី​សប្តាហ៍មុន​។

លោក​បាន​មាន​ប្រសាសន៍ថា “ អ្នកស្រី រស្មី គឺជា​ឈ្មួញ​កណ្តាល​ និង​បាន​សន្យា​ប្រាប់​ជន​រងគ្រោះ​មិន​ទាន់​គ្រប់​អាយុ​ថា ពួកគេ​នឹង​បាន​ធ្វើជាតារាភាពយន្ត​ល្បី​ឈ្មោះ​ឲ្យ​តែ​ពួក​គេ​រួម​ភេទ​ជាមួយភ្ញៀវ​របស់​គាត់​”។ លោក​បាន​បន្ថែម​ថា នគរបាល​គិត​ថា អាច​មាន​ជន​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ​ផ្សេង​ទៀត​ដែល​តារា​ចម្រៀង​ខារ៉ា​អូខេ​​រូប​នេះ​បា​ន​ទាក់ទាញ​ឲ្យ​រួម​ភេទ​៕ គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស