28 C
Phnom Penh

មេដឹកនាំ​សហជីព​នឹង​បន្ត​​តវ៉ា​​ទាម​ទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​រាជធានី​ភ្នំពេញ​បាន​ដោះ​លែង​លោក សុខ ឈុនអឿន​ ​ប្រធាន​ស្តីទី​សមាគម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ពីមន្ទីរ​ឃុំ​ឃាំង​កាល​ពីម្សិលមិញ​ មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ចាប់​គាត់​ពី​​កន្លែង​តវ៉ា​អហិង្សា​ដែល​គាត់​បាន​រៀប​ចំ​ធ្វើ​នៅ​តាម​​​ផ្លូវ​ជាប់​មាត់​ទន្លេ​ ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​មនុស្ស​២៣នាក់​ចំពោះការ​ចូលរួម​​ធ្វើ​បាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពី​ដើម​ខែនេះ។


ដោយ​នៅ​តែ​មានះបន្ទាប់​ពីការ​ដោះ​លែង​គាត់​ លោក សុខ ឈុនអឿន​ បាន​ចូល​រួម​ជាមួយ​​អង្គការ​សិទ្ធិមនុស្ស​​ចាត់​ទុក​​ការ​ចាប់​ខ្លួន​គាត់​ថា ជា​អំពើ​​ខុសច្បាប់​ និង​បាន​និយាយ​ថា ​សមាគមអ្នក​រត់​ម៉ូតូឌុប និង​អ្នក​បើ​ក​បរម៉ូតូរ៉ី​ម៉ក​កង់​បី​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា សមាគម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធនោះ នឹង​រៀបចំការ​ជួប​ជុំ​គ្នាកាន់តែធំនៅ​ពេល​ឆាប់​ៗ​នេះ​ ថ្វី​បើ​រដ្ឋាភិ​បាល​ដាក់បម្រាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ជា​សាធារណៈក៏ដោយ​។

លោក​បានមាន​ប្រសាសន៍ថា “ ការ​ដែល​នគរបាល​ចាប់ខ្លួន​ខ្ញុំនេះ គឺ​ជា​អំពើ​ខុស​ច្បាប់​ហើយ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ពី​ព្រោះ​ខ្ញុំមិនមាន​កំហុស​ឡើយ”។

នគរបាល​ប្រឆាំងកុបកម្ម​បាន​ចាប់ខ្លួន លោក សុខ ឈុនអឿន ពីផ្លូវ​នៅតាម​មាត់​ទន្លេ ​បន្ទាប់​ពី​បាន​បញ្ចប់​​​ការ​តវ៉ា​តូច​មួយ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​លោក វ៉ន ពៅ ប្រធាន​សមា​គម​​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​ និង​មនុស្ស​២២នាក់​ទៀត​។

នៅល្ងាច​ថ្ងៃ​នោះ​ លោក​ ឡុង​ ឌីម៉ង់​ អ្ន​ក​នាំពាក្យសាលារាជធានី​​ភ្នំពេញ​មាន​ប្រសាសន៍ ​ថា លោក​ សុខ ឈុនអឿន មាន​កំហុស​ចំពោះ​​​រៀបចំការ​តវ៉ា​ដោយ​គ្មាន​ការ​​អនុញ្ញាត​ពី​ រដ្ឋា​ភិបាល​។

សន្តិសុខ​ខណ្ឌ​ និង​នគរបាល​ប្រឆាំងបាតុ​កម្ម​ជា​ច្រើន​នាក់​​ត្រូវ​បាន​ដាក់​ឲ្យ​​រារាំង​អ្នក​តវ៉ា​​​អហិង្សា​មួយ​ចំនួន​តូច​នេះ​ និង​បាន​​វាយ​​ពួកគេ​​នឹង​ដំបង​នៅ​តាម​ផ្លូវ​នៅ​​មាត់​ទន្លេ​​។

លោក​ សុខ ឈុន​អឿន​ បាន​និយាយ​ថា គាត់​ត្រូវ​បាន​សាកសួរ​អំពីការ​តវ៉ា​នេះ​នៅ​ពេល​គេ​ឃុំ​ខ្លួន​គាត់​ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​សន្យា​មិន​ចូល​រួម​ ឬ​ញុះញង់​ឲ្យមានការ​តវ៉ា​ខុស​ច្បាប់​​​ទៀត​ ដើម្បី​ជាថ្នូ​រ​នឹង​ការ​​ដោះលែង​គាត់​។

ទោះបីជា​អះអាង​ថា ការ​តវ៉ា​របស់​​គាត់​មិន​​ខុស​ច្បាប់​ក៏ដោយ​ ក៏លោក សុខ ឈុនអឿន ​បាន​ចុះ​ហត្ថលេខា​​លើ​ឯក​សារ​នោះដែរ។
មួយ​ថ្ងៃ​បន្ទាប់​ពីកង​រាជអាវុធហត្ថ​បាន​បាញ់​សម្លាប់​កម្មករ​រោង​ចក្រកាត់​ដេរ​ប្រាំនាក់​ និង​បាញ់​ឲ្យ​រង​របួស​កម្មករ​ជាង​៤០​នាក់ទៀត​នៅពេល​ដែល​ពួកគេ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែកាល​ពីថ្ងៃទី​៣​ ខែមករា​នោះ ក្រសួង​មហាផ្ទៃ​បាន​ដាក់​បម្រាម​ដោយ​​គ្មាន​​កំណត់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ជា​សាធារណៈ​នៅក្នុ​ង​រាជធានី​។ ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់​និយាយ​ថា បម្រាម​នេះ​ខុស​ច្បាប់​ ពីព្រោះ​បម្រាម​នេះ​ដក​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន​ដែល​​មាន​​ចែង​នៅក្នុង​រដ្ឋមធ្មនុញ្ញ​របស់​កម្ពុជា​។

ដោយ​មិន​បាន​រួញរានឹង​បម្រាមនេះ លោក  សុខ ឈុនអឿន​ និង​អគ្គលេខាធិការ​សមាគម​របស់​លោក គឺលោក​ ហេង សំអុល បាន​និយាយ​កាល​ពីម្សិលមិញថា ពួកគាត់​កំពុង​រៀប​ចំផែនការធ្វើការ​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​រាប់​ពាន់នាក់​ចូល​រួមនៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ​​ ដើម្បីទាម​ទារ​ឲ្យដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​។

លោក ហេង សំអុល​ បាន​និយាយ​ថា សមា​គម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​​ដាក់​សំណើ​សុំ​​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៅសាលា​រាជធានី​រួច​ហើយ​កាល​ពីម្សិលមិញ ប៉ុន្តែនឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​ទោះ​ជា​មាន​ ឬគ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានីក៏ដោយ​។

លោក​បាន​និយាយ​ថា “ ប្រសិន​បើ​ពួកគេ​មិន​យល់​ព្រម​ទេ​ វាមិន​មែន​ជា​កំហុស​របស់​យើង​ឡើយ​ ដូច្នេះ​យើង​នឹង​នៅ​តែ​តវ៉ា​”។

លោក​ ឡុង​ ឌីម៉ង់​ បានមាន​ប្រសាសន៍ថា សាលា​រាជធានី​មិន​ទាន់បាន​សម្រេច​លើ​សំណើនេះ​នៅឡើយ​ទេ​ ហើយ​បាន​ព្រមាន​សមាគមនេះមិន​ឲ្យ​​​ជួប​ជុំ​គ្នា​ជា​សាធារណៈ​ដោយ​គ្មានការ​អនុញ្ញាត​​។លោក​បានមាន​ប្រសាសន៍ថា “ យើង​នឹង​ចាត់​វិធានការ​លើ​ការ​តវ៉ា​ទាំង​អស់​ប្រសិន​បើ​ពួកគេ​មិន​មាន​ការ​អនុញ្ញាត​​”។

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​​នោះ ឈ្មោះ យ៉ន ជា អាយុ​១៧​ឆ្នាំ​ត្រូវ​បាន​ផ្ទេរពី​មណ្ឌល​កែប្រែ​៣ នៅ​ក្នុងខេត្ត​កំពង់​ចាម​ទៅ ពន្ធនាគារ​ខេត្ត​​វិញ​កាល​ពីថ្ងៃ​សៅរ៍ ដើម្បីឃុំ​ខ្លួន​ជាមួយ​​អនីតិជន​ផ្សេង​ទៀត​។ចំណែក​ឯ​អ្នក​ជាប់​ឃុំ​២២នាក់​ទៀត​​ត្រូវ​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​។ សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​ចោទ​ប្រកាន់​អ្នក​ជាប់​ឃុំ​ទាំង​អស់​ពីបទ​បង្ក​​របួស​ស្នាម​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេត​នា។

អាជ្ញាធរ​មិន​បាន​ប្រាប់​ពីមូល​ហេតុ​នៃការ​បញ្ជូន​អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​​ទៅ​​ពន្ធ​នា​គារ​ ដែល​មាន​ការ​យាម​កាម​​តឹងរ៉ឹង​នៅក្នុង​តំបន់​ដាច់​ស្រយាល​នេះទេ​។
អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​ទាំង​ចំពោះការ​ចាប់ខ្លួន​លោក សុខ ឈុនអឿន និង​ការ​ចាប់ខ្លួន​មនុស្សទាំង​​២៣នាក់​នេះ​ ហើយ​បាន​ទាម​ទារ​ឲ្យដោះលែង​ពួកគេ​​។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​លើក​ឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​​កាល​ពីម្សិលមិញ​ បន្ទាប់​ពីមានការ​ដោះលែង     ​មេ​ដឹកនាំ​សហជីព​រូប​នេះ​ថា “ ការ​ចាប់ខ្លួន​ និង​ការ​ឃុំខ្លួន​លោក សុខ ឈុនអឿន គឺ​ជា​ភ័ស្តុតាង​​មួយ​ទៀត​ដែល​បង្ហាញ​ថា រដ្ឋាភិ​បាល​​មិន​គោរពច្បាប់​”។

សេចក្តីថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា “ ជំនួស​ឲ្យ​ការ​ខ្ជះ​​ខ្ជាយ​ធនធាន​​ក្នុង​ការ​​​រារាំង​សិទ្ធិ​​ជួប​ជុំគ្នា​ និ​ងការ​ចាប់ខ្លួន​អ្នក​តវ៉ា​អហិង្សា​​នោះ រដ្ឋាភិបាល​​គួរ​តែ​ស៊ើប​អង្កេត​ការ​បាញ់សម្លាប់​មនុស្ស​ទាំង​ប្រាំនាក់​ពី​សំណាក់​​​កង​កម្លាំង​​សន្តិសុខ​របស់​រដ្ឋាភិបាល​កាល​ពីថ្ងៃ​ទី​៣​ខែ​មករា​​ ឆ្នាំ​២០១៤​នេះ​។ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​លោក​ វ៉ន ពៅ​ និង​អ្នក​ជាប់​​ឃុំ​​២២នាក់​ទៀត​ ដែល​ត្រូវ​បាន​​ចាប់​ឃុំខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​កាល​ពីដើម​ខែ​នេះ​”។

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​រៀប​ចំផែនការ​ហែក្បួន​រយៈពេល​បីថ្ងៃ​នៅ​ក្នុងទីក្រុង​ភ្នំពេញ​ដើម្បី យក​ញត្តិ​ទៅដាក់​ជូន​ស្ថាន​ទូត​បរទេស​សុំ​ឲ្យ​ពួកគេ​ជួយ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ និង​គាប​សង្កត់​រដ្ឋាភិបាល​​ឲ្យស៊ើប​អង្កេត​ដោយ​ស្មោះ​ត្រង់​​ទៅលើ​ការ​បាញ់​សម្លាប់​​កម្មករ​រោងចក្រកាត់ដេរ​ទាំង​ប្រាំនាក់​​កាល​ពីថ្ងៃទី​៣​ ខែ​មករា​នេះ​។

ទោះជា​រដ្ឋាភិបាល​​មិន​​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​ការ​ប្រើ​អំពើ​ហិង្សាដែល​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​​កាល​ពីថ្ងៃទី​៣ ខែ​មករា​នេះក៏ដោយ​ ក៏​លោក​ ហម ឈុនរិទ្ធ​ មេធាវីរបស់លោក វ៉ន ពៅ និង​អ្នក​ជាប់​ឃុំ​១៩​នាក់​ទៀត​​បាន​​មាន​​ប្រសាសន៍ថា សាលាដំបូង​បាន​​អញ្ជើញ​គាត់​ទៅ​ចូល​រួម​ការ​សាកសួរ​សាក្សី​បួននាក់​នៅ​ក្នុង​រឿង​ក្តី​ប្រឆាំង​កូន​ក្តីរបស់លោក នៅថ្ងៃ​ទី​២៨ខែ​មករាដែរ​៕គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស