នគរបាលបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុនថ្មម៉ាប មួយនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវគេបាញ់ត្រូវពីរគ្រាប់ អំឡុងពេលមានអំពើប្លន់មួយកើតឡើងនៅក្នុងការិយាល័យរបស់ខ្លួនកាលពីម្សិលមិញ។
លោក គឹម ម៉េង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានឲ្យដឹងថា លោក ជីវ លឹមហាវ (Chiv Lim Hoaw) អាយុ៣៥ឆ្នាំ ដែលធ្វើការជាមេក្រុមនៅក្រុមហ៊ុន Yen Chin Trade Cambodia Co. នៅតាមបណ្តោយផ្លូវជាតិលេខ៦ បាននៅក្នុងការិយាល័យរបស់លោកកាលពីម្សិលមិញនៅវេលាម៉ោង ប្រហែល១រសៀល នៅពេលខ្មាន់កាំភ្លើងពីរ នាក់បានចូលទៅទាមទារប្រាក់។
លោក គឹម ម៉េង បានមានប្រសាសន៍ថា “នៅពេលលោក [ជីវ] បដិសេធ ខ្មាន់កាំភ្លើងបានបាញ់គាត់ពីរគ្រាប់ មួយគ្រាប់ត្រូវថ្ពាល់ខាងស្តាំ និងចូលក្នុងស្មា និងមួយគ្រាប់ទៀតត្រូវចំត្រង់ពោះ”។ លោកបានបន្ថែមថា បន្ទាប់មកខ្មាន់កាំភ្លើងទាំងពីរនាក់នោះយក បានប្រាក់ចំនួន៤.០០០ដុល្លារ ពីតុរបស់លោក ជីវ ហើយបានរត់គេចខ្លួនបាត់។
លោក គឹម ម៉េង បានមានប្រសាសន៍ថា វេជ្ជបណ្ឌិតបានចាត់ចែងវះយកក្បាលគ្រាប់ពីពោះរបស់ជនរងគ្រោះ ហើយបុរសជនជាតិរូបនេះកំពុងតែធូរស្រាលវិញហើយនៅឯមន្ទីរពេទ្យកាល់ម៉ែត។លោកបានមានប្រសាសន៍ថា “កងរាជអាវុធហត្ថរាជធានីរបស់យើងកំពុងសហការជាមួយនគរបាលរាជធានីដើម្បីតាមចាប់ជនសង្ស័យ ក៏ប៉ុន្តែគ្មានតម្រុយច្រើនទេ”។
លោក តេង ចាន់ស អធិការនគរបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយមន្ត្រីមិនទាន់កំណត់មុខសញ្ញាខ្មាន់កាំភ្លើងបាននៅឡើយទេ។ លោកបានមានប្រសាសន៍ថា “ ជនសង្ស័យទាំងពីរនាក់ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ”៕ ប៊ុននី