30 C
Phnom Penh

ការ​ស្លាប់​និង​ការ​ឆ្លង​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ឆ្នាំ​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួ​លេខ​ថ្មី​​បំផុត​ ចេញ​ដោយ​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ កាល​ពី​ឆ្នាំ​មុន ​បាន​ធ្លាក់​​មក​សល់​ត្រឹម​ ១២​នាក់​ ពោល​គឺ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី​ចំនួន​៤៦នាក់​ នៅ​ក្នុង​ឆ្នាំ​២០១២​។​

ការ​ធ្លាក់​ចុះ​នេះ​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​​​ប្រទេស​កម្ពុជា មាន​ការ​​ធ្លាក់​ចុះ​ជា​លំដាប់​​ក្នុង​នោះ​មាន​មនុស្ស​៩៣​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ កាល​ពី​ឆ្នាំ​២០១១​។ រីឯ​អត្រា​ឆ្លង​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១៣​ បើ​ធៀប​នឹង​ឆ្នាំ​២០១២​ ហើយ​បើ​យោង​តាម​តួ​លេខ​បង្ហាញ​ឲ្យ​ឃើញថា មាន​ការ​​​ធ្លាក់​ចុះ​ពី​ករណីឆ្លង​ចំនួន​៦៩​.៥៥១ មក​ត្រឹម​៤១​. ៨៤៩​ករណី​។

យោង​តាម​តួ​លេខ​នេះ​បាន​ឲ្យដឹង​ថា ខេត្ត​​មណ្ឌល​គិរី​ រតន​គិរី​ និង​ខេត្ត​កំពង់​ធំ​ សុទ្ធ​តែ​​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ រីឯ​ករណី​ឆ្លងទាំង​៤១.៨៤៩​ករណីនេះ​គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​ខេត្ត​ក្រចេះ។

លោក​ សូនី ​គ្រីសនែន​ (Sonny Krishnan) អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ការ​ស្លាប់​និង​ការ​ឆ្លង​ដោយ​ជំងឺ​គ្រុន​ចាញ់​មាន​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះ​ គឺ​ដោយ​សារ​តែ​កម្មវិធី​មួយ​ចំនួន​ដែល​អនុវត្ត​ដោយ​មជ្ឈមណ្ឌលជាតិ​​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​គ្រុន​ចាញ់​ ដោយ​មាន​ការ​ឧបត្តម្ភ​គាំទ្រ​ពី​អង្គ​ការ​​សុខភាព​ពិភពលោក​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​ គ្រីសនែន​ បាន​មាន​ប្រសាសន៍​ថា “ មុង​ជាង​២លាន​ត្រូវ​បាន​ចែក ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ហើយលើស​ពី​នេះទៀត​​វា​ក៏​មាន​ក្រុម​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់តាម​ភូមិ​​ ដែល​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​ជួរ​មុខ​ជា​ច្រើន​នាក់​​ផង​ដែរ​”។

លោក​បាន​ពន្យល់​ថា “ គេ​បាន​បញ្ជូន​អ្នក​ប្រយុទ្ធប្រឆាំងជំងឺ​គ្រុន​ចាញ់​​ចំនួន​ពីរ​នាក់​ ទៅ​តាម​ភូមិ​ណា​ដែល​មាន​ហានិភ័យនៃ​ជំងឺ​គ្រុន​ចាញ់​​ខ្ពស់។ យើង​មាន​អ្នក​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​គ្រុន​ចាញ់​សរុប​​ជាង​១.៥០០​នាក់​ ហើយ​ពួក​គេ​សុទ្ធ​តែ​បាន​ត្រួត​ពិនិត្យ​អ្នក​ភូមិ​ដើម្បី​ស្វែង​រក​អ្នក​ឆ្លង​ជំងឺ​គ្រុន​ចាញ់​។​ ប្រសិន​បើ​អ្នក​ជំងឺ​ត្រូវ​គេ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​គ្រុន​ចាញ់​​ពួក​គាត់​សុទ្ធ​តែ​ត្រូវ​បាន​ផ្តល់​ថ្នាំ​ការ​ពារ​ជំងឺ​គ្រុន​ចាញ់​។

លោក ច​ ម៉េង​ជួ​ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័សរួច​នោះ​​ ការ​​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​នឹង​មាន​ការ​ធ្លាក់​ចុះ​​យឺត​ជាង​មុន​ ខណៈ​វា​ធ្លាក់​ជិត​ដល់​ចំណុច​សូន្យ​។

លោក​វេជ្ជ​បណ្ឌិត​ ច ម៉េង​ជួ បាន​សរសេរ​នៅ​​ក្នុង​អ៊ីមែល​មួយ​កាលពី​ម្សិលមិញ​ថា “ យើង​រំពឹង​ថា នឹង​មាន​ការ​ធ្លាក់​ចុះ​បន្ថែម​ នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ វា​នឹង​ធ្លាក់​ចុះ​លឿន​ដូច​កាល​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣នោះ​ ពី​ព្រោះ​ការ​​ធ្លាក់​នៅ​ក្នុង​ឆ្នាំ​២០១៣​ វា​ធ្លាក់​ចុះ​ជិត​ដល់​ចំណុច​សូន្យ​ទៅ​ហើយ​​ ពោល​គឺ​ក្នុងចំណោម​ប្រជា​ពល​រដ្ឋ​ចំនួន​១០០.០០០នាក់​ មាន​អ្នក​ឆ្លង​ត្រឹម​តែ​០.០៨​នាក់​ប៉ុណ្ណោះ​”។

លោកវេជ្ជបណ្ឌិត​​បាន​មាន​ប្រសាសន៍​បន្ត​ថា“ ឧទាហរណ៏​ការ​ធ្លាក់​​ចុះនៃ​​​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ដែល​សល់​តែ​ចំនួន​១២​នាក់​​នៅ​ក្នុង​ឆ្នាំ​២០១៣​មក​ត្រឹម​​៩​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤​ប្រហែល​ជា​មាន​ការ​លំបាក​ជាង​ ការ​ធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣​ ដែល​មាន​ការ​ធ្លាក់​ចុះ​ពី៩៣​នាក់​មក​ត្រឹម​១២​នាក់​នោះ​”។

លោក​វេជ្ជ​បណ្ឌិត​ ម៉េង​ជួ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ចែក​ចាយ​មុង​នៅ​ក្នុង​គម្រោង​ថ្មី​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ឆ្នាំ​ក្រោយ​ នឹង​អាចជួយ​​ប្រទេស​កម្ពុជា​ឲ្យ​ឆ្ពោះ​ទៅ​រក​ផ្លូវនៃ​ការ​កាត់​បន្ថយ​ការ​ឆ្លង​និង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​។

លោក គ្រីស​នែន​ បាន​ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​។លោក​បាន​មាន​ប្រសាសន៍ថា “ ប្រទេស​កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​ធ្លាក់​មក​ចំណុច​សូន្យ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ហើយ​នឹង​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០១៥។ ប៉ុន្តែ​វា​មិន​មែន​​មាន​ន័យ​ថា ហ្គេម​នេះ​ចប់​ត្រឹម​ហ្នឹង​នោះ​​ទេ​ ពោលគឺ​​ កម្ពុជា​ត្រូវ​តែ​តស៊ូ​ត​ទៅ​មុខ​ទៀត​​ ព្រោះ​ប្រទេស​ជិត​ខាង​នៅ​មាន​​ជំងឺ​នេះ​នៅ​ឡើយ​”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស