យោងតាមការសិក្សាស្រាវជ្រាវបឋមនៅក្នុងខេត្តចំនួនពីរ បានរកឃើញថា កង្វះការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារ គឺជាកត្តាដែលធ្វើឲ្យស្ត្រីនៅតែបន្តរងការរំលោភបំពាន ហេតុដូច្នេះការចាត់វិធានការបន្ថែម គឺជារឿងចាំបាច់ត្រូវធ្វើ ដើម្បីធានាឲ្យបានថា អ្នកប្រព្រឹត្តអំពើហិង្សានៅក្នុងគ្រួសារ ត្រូវតែទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានធ្វើ។
លោកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកភូមិវិទ្យាមនុស្សនៅសាកលវិទ្យាល័យ Royal Hollowayដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បានចំណាយពេលពីរឆ្នាំ ដើម្បីធ្វើការស្ទង់មតិលើបុរសនិងស្ត្រីដែលមានអាយុលើសពី១៨ឆ្នាំ ចំនួន១.១៧៧នាក់ក្នុងគោលបំណងចង់ដឹងថា តើច្បាប់ស្តីអំពីការទប់ស្កាត់ការប្រើអំពើហិង្សានៅក្នុងគ្រួសារ និងការការពារជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០០៥ អាចទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារបានតាមរបៀបណា។
ការរកឃើញបឋម ដែលធ្វើឡើងដោយមានការសហការគ្នារវាង អង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងលោកបណ្ឌិត ប៉ូច ប៊ុណ្ណៈ បានរកឃើញថា ស្ត្រីចំនួន៨ភាគរយដែលត្រូវបានគេធ្វើការស្ទង់មតិ នៅក្នុងខេត្តសៀមរាប គឺជាជនរងគ្រោះនៃការប្រើអំពើហិង្សានៅក្នុងគ្រួសារ បើធៀបនឹងខេត្តពោធិ៍សាត់ ដែលមានស្ត្រីរងគ្រោះដោយសារការប្រើអំពើហិង្សាចំនួន១៦ភាគរយនោះ។
លោកស្រី ប្រ៊ីកកែល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់លោក ស្រីថា “ របាយការណ៍នេះមានគោលដៅចង់ធ្វើ ឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅថា តើហេតុអ្វីបានជា ច្បាប់ទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារ ពុំសូវមានការអនុវត្តខ្លាំងហើយថា តើវិធានការអ្វី ដែលនឹងត្រូវចាត់ឡើងដើម្បីដោះស្រាយបញ្ហានេះ”។
លោកស្រីបានលើកឡើងបន្តនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ ការសិក្សានេះចង់បង្ហាញឲ្យឃើញកាន់តែច្បាស់អំពីបញ្ហាប្រឈមនឹងការលំបាកដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលអាជ្ញាធរ មន្ត្រីនគរបាលនិងសាធារណៈជនទូទៅ មិនសូវយល់ដឹងអំពីច្បាប់ ឬក៏ច្បាប់ដែលមានស្រាប់។
ការសិក្សាស្រាវជ្រាវនេះ រកឃើញថា គម្លាតរវាងច្បាប់និងការអនុវត្តច្បាប់កើតមានដោយផ្នែក ដោយសារតែមិនមានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយក៏ព្រោះតែស្ត្រីកម្ពុជាសព្វថ្ងៃមិនមានសិទ្ធិជាពលរដ្ឋសកម្ម។
ទោះបីជាការសិក្សាស្រាវជ្រាវនេះបានរកឃើញថា បុរស៩២ភាគរយនិងស្ត្រី៩០ភាគរយមានការយល់ដឹងខ្លះៗអំពីច្បាប់ទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារក៏ដោយក៏នៅតែមានការយល់ច្រឡំចំពោះសិទ្ធិរបស់ស្ត្រីនិងការបកស្រាយអំពីច្បាប់នេះ។
មានតែបុរស៦ភាគរយប៉ុណ្ណោះបាននិយាយថា ខ្លួនដឹងអំពីសិទ្ធិរបស់ស្ត្រីក្នុងការរួចផុតពីការប្រើអំពើហិង្សាក្នុងគ្រួសារ ខណៈមានតែបុរស១៨ភាគរយបានដឹងថា ស្ត្រីមានសិទ្ធិស្មើនឹងបុរស និងមានការពារដោយច្បាប់។
របាយការណ៍នេះបានរកឃើញថា ការរើសអើងចំពោះយេនឌ័រការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ប្រពៃណី និងទំនៀមទម្លាប់ និងកង្វះការអប់រំអំពីច្បាប់ គឺជាកត្តាដែលធ្វើឲ្យគ្មានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
កត្តាសេដ្ឋកិច្ចដែលពឹងផ្អែកតែលើបុរសក៏ជាបញ្ហាមួយសម្រាប់ជនរងគ្រោះដែលជាស្ត្រីផងដែរ ដោយធ្វើឲ្យស្ត្រីមានគ្មានជម្រើសចាកចេញពីប្តីដែលតែងតែរំលោភបំពានមកលើខ្លួន ឬក៏អះអាងពីសិទ្ធិស្របច្បាប់របស់ខ្លួន។ ស្ត្រីចំនួន៨១ភាគរយនិងបុរសចំនួន៧៥ភាគរយ យល់ឃើញថា ស្ត្រីគួរតែនៅផ្ទះហើយមើលថែកូនចៅក្នុងគ្រួសារ។
របាយការណ៍នេះបានរកឃើញទៀតថា ជួនកាលអាជ្ញាធរបានប្រើកត្តាដែលពឹងផ្អែកតែលើបុរសនេះដើម្បីជំរុញឲ្យស្ត្រីរស់នៅជាមួយប្តីដែលរំលោភបំពានលើខ្លួន។
យោងតាមពាក្យសម្តីរបស់ចៅក្រមម្នាក់ដែលមិនបញ្ចេញឈ្មោះមកពីខេត្តពោធិ៍សាត់ បានលើកឡើងថា “ ស្ត្រីខ្មែរភាគច្រើនពឹងផ្អែកតែទៅលើប្តីរបស់ខ្លួនរកស៊ីចិញ្ចឹម។ ខ្ញុំគាំទ្រការបង្កើតច្បាប់បែបនេះ ប៉ុន្តែខ្ញុំលំបាកនឹងជំរុញឲ្យមានការអនុវត្តច្បាប់នេះខ្លាំងណាស់ព្រោះវាខ្វះជម្រើសសម្រាប់ជនរងគ្រោះ និងគ្រួសាររបស់ពួកគាត់”។
លោកចៅក្រមរូបនេះបានមានប្រសាសន៍ថា “ ប្រសិនបើខ្ញុំផ្តន្ទាទោសជនប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដាក់ពន្ធនាគារ គឺវាមានន័យថា ខ្ញុំបានយកអ្នកផ្គត់ផ្គង់ក្នុងគ្រួសារដ៏សំខាន់ចេញពីគ្រួសារជនរងគ្រោះ”។
មន្ដ្រីនគរបាលម្នាក់នៅក្នុងខេត្តពោធិ៍សាត់បាននិយាយថា ស្ត្រីដែលដាក់ពាក្យបណ្តឹងទាក់ទិននឹងការប្រើអំពើហិង្សាក្នុងគ្រួសារគួរតែប្តូរគំនិតរបស់ខ្លួន បន្ទាប់ពីប្តឹងឲ្យនគរបាលឲ្យចាប់ប្តីរបស់ខ្លួនដាក់ពន្ធនាគារនោះ។
លោកបានប្រសាសន៍ថា “ ច្បាប់នៅទីនេះ ប៉ុន្តែបញ្ហានោះគឺនៅត្រង់ថា តើជនរងគ្រោះអាចទទួលយកច្បាប់នេះបានក៏អត់”។
នៅពេលរបាយការណ៍ពេញលេញនៅពុំទាន់អាចចេញបានរហូតដល់ចុងឆ្នាំនោះ ការសិក្សាស្រាវជ្រាវបឋមបានរកឃើញថា ការបង្កើនការយល់ដឹងអំពីច្បាប់នេះ និងការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ស្ត្រីលើប្តីរបស់ខ្លួន គឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយធ្វើឲ្យច្បាប់ និងការអនុវត្តច្បាប់បានត្រឹមត្រូវពុំសូវមានគម្លាតខ្លាំង ៕ ស៊ុយឈាង