កាលពីម្សិលមិញ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញទទួលបានជោគជ័យនៅក្នុងដំណាក់កាលទីមួយនៃការវះកាត់ខួរក្បាលរបស់យុវជន ថេត ថេង អាយុ១៨ឆ្នាំ ដែលត្រូវកងរាជអាវុធហត្ថវាយដំយ៉ាងសាហាវ បន្ទាប់ពីយុវជនរូបនេះ បានចូលរួមនៅក្នុងបាតុកម្មទាមទារដំឡើងប្រាក់ខែ កាលពីដើមខែនេះ។
វេជ្ជបណ្ឌិត ឈឿង យ៉ាវយិន អនុប្រធានមន្ទីរពេទ្យខ្មែរ-សូវៀត បានឲ្យដឹងថា ការវះកាត់ដំណាក់កាលទីមួយ ដែលនឹងបន្ថយសម្ពាធនៅក្នុងលលាដ៍ក្បាលរបស់យុវជន ថេត ថេង ដែលមានឈាមកកនៅក្នុងខួរក្បាល គឺទទួលបានជោគជ័យ។
លោកវេជ្ជបណ្ឌិតបានប្រសាសន៍ថា “ ទោះបីជាយើងគ្មានបរិក្ខារពេទ្យទំនើបៗបំផុតសម្រាប់ការវះកាត់ក៏ដោយ តែយើងមានគ្រូពេទ្យជំនាញ។ ជំហានទីមួយនៃការវះកាត់ខួរក្បាលនេះទទួលបានជោគជ័យ ប៉ុន្តែយើងនៅតែតាមដានគាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃថា តើរបួសនេះអាចនឹងផ្តល់ផលប៉ះពាល់ដល់អនាគតរបស់គាត់បែបណាទៅ”។
អ្នកស្រី ឃួន ស្រីអ៊ុម ដែលត្រូវជាម្តាយរបស់យុវជន ថេត ថេង បានបញ្ជាក់កាលពីម្សិលមិញថា កូុនប្រុសរបស់គាត់បានដឹងខ្លួនឡើងវិញហើយ បន្ទាប់ពីឆ្លងកាត់ការវះកាត់ដំណាក់កាលដំបូងរួច។
អ្នកស្រី ឃួន ស្រីអ៊ុម បាននិយាយថា “ ខ្ញុំសប្បាយរីករាយពេលឃើញគាត់ដឹងខ្លួនវិញ ប៉ុន្តែនៅតែមិនសប្បាយចិត្តនឹងស្ថានភាពរបស់គាត់ឡើយ ព្រោះដៃស្តាំរបស់គាត់នៅតែមិនអាចកម្រើកបាន”។
យុវជន ថេត ថេង បានចូលរួមនៅក្នុងបាតុកម្មកាលពីថ្ងៃទី៣ ខែមករា ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែគោល ដល់១៦០ដុល្លារនៅក្នុងវិស័យកាត់ដេរ អំឡុងពេលដែលនគរបាលបើកការបង្ក្រាបយ៉ាងចាស់ដៃ ដោយបណ្តាលឲ្យអ្នកតវ៉ាចំនួនប្រាំនាក់បាត់បង់ជីវិត និងជាង៤០នាក់រងរបួស។ យុវជន ថេត ថេង ត្រូវកងរាជអាវុធហត្ថយកដំបងឆក់វាយក្បាលឲ្យរបួសធ្ងន់ រហូតដល់គាត់មិនអាចកម្រើកដៃស្តាំបាន៕ ស៊ុយឈាង