27 C
Phnom Penh

ឃាត់ខ្លួន​សកម្មជន​១១នាក់​​ដោយសារ​ធ្វើ​ឲ្យប៉ះពាល់​សណ្ដាប់​ធ្នាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​នយោបាយ​១១នាក់​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដែល​ពាក់​មួក​ការពារ​សុវត្ថិភាព​ចាប់​ទាញ​ចេញ​ពីផ្លូវ​ ពេល​​ពួក​គេ​ហែក្បួន​អហិង្សា​ទៅកាន់​ស្ថានទូត​បរទេស​នានា​ ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​​ឲ្យ​រដ្ឋាភិបាលឈប់​ប្រើ​អំពើ​ហិង្សា​ និងដោះលែង​សកម្មជន​ និ​ងកូដករ​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចំនួន​២៣​នាក់​។

សន្តិសុខខណ្ឌ​​ចាប់ច្របាច់ក​លោក រ៉ុង​ ឈុន ប្រធាន​សហជីព​នៅពេល​ពួកគេ​បង្ខំ​ឲ្យ​គាត់​​ចូលទៅក្នុង​រថយន្ត​ពណ៌ស ដែល​គ្មាន​សញ្ញាសម្គាល់​មួយគ្រឿង​។ នគរបាល​ឃាត់​ខ្លួន​លោក រ៉ុង​ ឈុន អស់​រយៈពេល​៥ម៉ោង​កាល​ពីម្សិលមិញ។សីុវ  ចាន់​ណា​
សន្តិសុខខណ្ឌ​​ចាប់ច្របាច់ក​លោក រ៉ុង​ ឈុន ប្រធាន​សហជីព​នៅពេល​ពួកគេ​បង្ខំ​ឲ្យ​គាត់​​ចូលទៅក្នុង​រថយន្ត​ពណ៌ស ដែល​គ្មាន​សញ្ញាសម្គាល់​មួយគ្រឿង​។ នគរបាល​ឃាត់​ខ្លួន​លោក រ៉ុង​ ឈុន អស់​រយៈពេល​៥ម៉ោង​កាល​ពីម្សិលមិញ។សីុវ  ចាន់​ណា​

សាលារាជធានី​បាន​ឲ្យដឹង​ថា អ្នក​តវ៉ា​ទាំង​១១នាក់​ដែល​មាន​១០នាក់​ជា​សកម្មជន​សិទ្ធិ​ដីធ្លី ​និង​លោក រ៉ុង​ ឈុន សកម្មជន​កម្មករ​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះការធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​​សាធារណៈ។ ពួកគេ​ត្រូវ​បាន​ឃុំ​​ខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរបាល​​រាជ​ធានី​អស់​រយៈ​ពេល​ប្រហែល​៥ម៉ោង​​ មុន​ពេល​ដោះ​លែង​នៅមុន​ម៉ោង​២​រសៀល​​បន្តិច​។

លោក​ ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យសាលា​រាជ​ធានី​បាន​និយាយ​ថា “ យើង​បាន​ចាប់​ខ្លួន​ពួក​គេ​ ពីព្រោះ​ការ​ជួប​ជុំ​ និងការ​បញ្ចេញ​ទស្សន​​របស់​ពួកគេ​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​”។

​បន្ទាប់​ពី​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា​​ធ្វើ​ឲ្យមាន​មនុស្ស​ស្លាប់​ពីថ្ងៃ​ទី​២ ​ខែ​មករា​ដល់​ថ្ងៃ​ទី​៤ ខែ​មករា​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ដាក់​បម្រាម​ដោយគ្មានកាល​​កំណត់​លើ​សិទ្ធិ​ជួប​ជុំ​គ្នា​ដោយ​អហិង្សាដែល​មាន​ចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​ ហើយ​អ្ន​ក​ជំនាញ​ច្បាប់​និយាយ​ថា បម្រាម​នេះ​គឺជាការ​ខុស​ច្បាប់​។

នៅ​ម៉ោង​ប្រហែល​៨​និង​១៥​នាទី​ព្រឹក​​ម្សិលមិញ​ សកម្មជន​ និង​​តំណាង​សង្គម​សីុវិល​មួយ​ក្រុម​ដែល​មាន​គ្នា​​ជាង​២០​នាក់​​បាន​ប្រមូល​បផ្តុំ​គ្នា​នៅលើ​ចិញ្ចើម​​ផ្លូវ​នៅ​ខាង​មុខ​ស្ថាន​ទូត​អាមេរិក​។

ដោយ​មាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ជា​ច្រើន​នាក់​ពាក់​មួក​ខ្មៅ​ការពារ​សុវត្ថិភាព​​​ និង​កាន់​ដំបង​បាន​​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុងសួន​ច្បារ​នៅ​​ទល់​មុខ​ស្ថាន​ទូត​អាមេរិក​នោះ មន្ត្រី​សន្តិសុខ​ស្ថាន​ទូត​ម្នាក់​បាន​ស្នើ​ឲ្យ​អ្នក​ដាក់​ញត្តិ​ទាំង​នោះ​​ងាកទៅ​​ផ្នែក​ម្ខាង​ទៀត​នៃ​ផ្លូវ​នោះ​។

សន្តិសុខ​ខណ្ឌចាប់ទាញ​អ្នក​តវ៉ា​ម​កពី​សហគម​បឹង​កក់​ចូល​​ក្នុង​រថយន្ត​​​របស់​នគរបាល​ នៅពេល​ពួកគាត់​ហែក្បួន​យក​​ញត្តិ​ទៅដាក់​ជូន​ស្ថានទូត​បរទេស​ប្រចាំកម្ពុជា​។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈពេល​៥​ម៉ោង​ កាល​ពីម្សិលមិញ។សីុវ ចាន់​ណា​
សន្តិសុខ​ខណ្ឌចាប់ទាញ​អ្នក​តវ៉ា​ម​កពី​សហគម​បឹង​កក់​ចូល​​ក្នុង​រថយន្ត​​​របស់​នគរបាល​ នៅពេល​ពួកគាត់​ហែក្បួន​យក​​ញត្តិ​ទៅដាក់​ជូន​ស្ថានទូត​បរទេស​ប្រចាំកម្ពុជា​។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈពេល​៥​ម៉ោង​ កាល​ពីម្សិលមិញ។សីុវ ចាន់​ណា​

បន្ទាប់​ពី​ក្រុម​​អ្នក​តវ៉ា​​ទាំង​នោះ​បាន​ឆ្លង​ផ្លូវ​នោះ​រួ​ចហើយ​ សន្តិសុខ​ខណ្ឌ​មួយ​ក្រុម​មាន​​គ្នា​ប្រហែល​១០​នាក់​បាន​នាំ​​គ្នា​​សម្រុក​​ចូល​​ទៅក្នុង​ក្រុម​អ្នក​តវ៉ា​​ និងចាប់​ទាញ​អ្នក​ស្រី​ ទេព វន្នី សកម្ម​ជន​បឹង​កក់​​ ​ហើយ​រុញ​គាត់​​យ៉ាង​ខ្លាំង​ចូលទៅក្នុង​រថយន្ត​វ៉ែន​ពណ៌​ស​មួយគ្រឿង​។សកម្មជន​ផ្សេ​ង​ទៀត​បាន​រត់​ឆ្លង​ផ្លូវ​នោះ​វិញ​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ស្ថាន​ទូត​​ជួយ​ការ​ពារ​ពួកគាត់​។

សកម្មជន​បឹង​កក់ម្នាក់​បាន​និយាយ​ទាំង​យំ​ខ្សឹក​ខ្សួល​នៅ​ខ្លោង​ទ្វារ​ស្ថាន​ទូត​អាមេរិក​ថា  “ ប្រសិន​បើ​លោក​រុញ​ខ្ញុំ​ឲ្យទៅ​ម្ខាង​ទៀត​ អស់​លោក​រុញ​ខ្ញុំ​ឲ្យ​ទៅស្លាប់​ហើយ​”។បន្ទាប់​ពី​គេ​បាន​ចាប់​អ្នក​ស្រី​ ទេព​ វន្នី យក​ទៅ​មិន​ដល់​១០​នាទី​ផង​ ស្រាប់​តែ​​សន្តិសុខ​នោះ​បាន​សម្រុក​​ចូល​​ជាថ្មី​ម្តង​ទៀត​​​ទៅ​ក្នុង​ក្រុម​អ្នក​​តវ៉ា​ និង​អ្ន​កកាសែត​​ដែល​ឈរ​​លើ​ចិញ្ចើម​ផ្លូវ​នៅ​ទល់​មុខ​ស្ថាន​ទូត​នេះ ហើយ​បាន​ចាប់​លោក រ៉ុង​ ឈុន ​​​ច្របាច់​ក​មិន​ឲ្យគាត់​និយាយ​រួច​នៅពេល​ដែល​សន្តិសុខ​ទាំង​នោះ​ព្យាយាម ​រុញ​គាត់​បញ្ចូល​ទៅក្នុង​រថយន្ត​វ៉ែន​ពណ៌​ស​ដែល​កំពុង​រង់ចាំ​មួយ​គ្រឿង​ទៀត​។

លោកស្រី ឡុង គឹមហ៊ាង​ មន្ត្រី​ផ្នែក​ទំនាក់​ទំនង ​​ក្រុមការ​ងារ​ពិសេស​​សិទ្ធិ​លំនៅដ្ឋាន​ ដែល​បាន​រៀប​ចំ​​ការ​ជួប​ជុំ​គ្នា​អហិង្សា​នេះ​បាន​​ប៉ុន​ប៉ង​​រារាំង​សន្តិសុខ​ខណ្ឌ​មិន​ឲ្យ​ចាប់​ទាញ​លោក រ៉ុង​ ឈុន បញ្ចូល​ទៅក្នុង​រថយន្ត​នោះ​ដែរ​។

លោក ស៊ាន ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​​ទូត​អាមេរិកបាន​មាន​ប្រសាសន៍ថា មន្ត្រី​ សន្តិសុខ​​ស្ថានទូត​​បាន​​តាម​ដាន​ដំណើរ​ការ​នេះ​​នៅពេល​ដែល​គាត់​ស្នើ​សុំ​ឲ្យអ្នក​តវ៉ា​ឆ្លង​ផ្លូវ​ទៅ​ឈរ​នៅជិត​សន្តិសុខខណ្ឌ​ដែល​បាន​វាយ​ និង​ចាប់ខ្លួន​អ្នក​តវ៉ា​ជាច្រើន​នាក់​ក្នុង​រយៈ​ពេល​បីសប្តាហ៍​មក​នេះ​។

លោក​ ម៉ាកគីនតុស បាន​មាន​ប្រសាសន៍​ថា    “ ដើម្បីការ​ពារ​សន្តិសុខ​ ក្រុម​សកម្ម​ជន​នេះ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យធ្វើ​បាតុកម្ម​របស់​ខ្លួន​​ក្នុង​ទី​សាធារណៈ​នៅ​ខាង​មុខ​ស្ថានទូត​នេះ​”។

មុន​ម៉ោង​៩ព្រឹក​បន្តិច​ ដោយ​ឃើញ​មាន​សន្តិសុខ​ខណ្ឌ​មក​ផ្លុំ​កញ្ចែ​ និង​ណែនាំ​ឲ្យ​សកម្ម​ជន​ដែល​នៅ​សេស​សល់​ អ្នកកាសែត​ និង​អ្នក​សង្កេត​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​​ចាក​ចេញ​នោះ​ មន្ត្រី​ស្ថាន​ទូត​អាមេរិក​បាន​ចរចា​ភ្លាម​ៗ​​សម្រាប់​ឲ្យ​សកម្ម​ជន​ជាស្ត្រី​​ជាង​២០​នាក់​​ដើរ​ចេញ​ពី​ស្ថាន​ទូត​​ដោយគ្មាន​ការ​យាយី​​ពី​សន្តិ​សុខ​ខណ្ឌ​ទាំង​នោះ​ទៀត​ឡើយ​។

ស្ត្រី​មួយក្រុម​ដែល​ឡោម​ព័ទ្ធ​ដោយ​​អ្នក​កាសែត​ និង​មាន​រថយន្ត​​ដឹក​សន្តិសុខ​ខណ្ឌ​បីគ្រឿងនៅពីក្រោយ​នោះ​ បន្ទាប់​មក​បាន​ដើរ​ទៅ​មហាវិថី​ព្រះ​មុនីវង្ស​ ហើយ​បាន​​ចាប់​ផ្តើម​ហែក្បួន​ទៅ​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ​ស្ថាន​​ទូត​បារាំង​។ ពេល​ទៅដល់​ជិត​​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត​ រថយន្ត​សន្តិ​សុខ​ខណ្ឌ​បាន​បើក​ទៅ​មុខ​អ្នក​ហែក្បួន ហើយ​សន្តិសុខ​ខណ្ឌ​បាន​លោត​ចេញ​ពីរថយន្ត​បិទ​ផ្លូ​វតែ​ម្តង​។

សកម្មជន​​ជាស្ត្រី​ទាំង​នេះ​បាន​​ចំណាយ​ពេល​​ប្រហែល​៥​នាទី​ព្យាយាម​រុញ​កាត់​សន្តិ​សុខ​ដែល​ឈរ​ជាជួរ​ និង​បណ្តាល​ឲ្យមាន​​ការកក​ស្ទះ​ចរាច​រណ៍​មួយ​សន្ទុះ​នៅ​តាម​​មហា​វិថី​ព្រះ​មុនីវង្ស​​ មុ​នពេល​​រថយន្ត​​របស់នគរ​បាល​រាជធានី​​​មួយ​គ្រឿង​រុលចូល​ទៅ​ជិត​​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​​។បន្ទាប់​មកសន្តិ​ស​ុខ​ខណ្ឌបាន​ចាប់​សកម្ម​ជន​​​ប្រាំ​ពីរនាក់​រុញ​ ទាត់​ និង​ស្រែក​ឲ្យពួកគេ​​ចូល​ទៅក្នុង​រថយន្ត​នោះ​។ ក្នុង​ចំណោម​សកម្ម​ទាំង​នោះ​មាន​អ្នកស្រី យ៉ោម បុប្ផា អ្នក​ស្រី សុង ស្រីលាភ ផាន់​ ជុនរ៉េត​ ពៅ​ សោភា​ ឯម​ ស្រី​ទូច​ ងួន​ គឹម​ឡេង និង​ ជួង សុភាព។

​ក្រោយ​​មក​សកម្ម​ជន​ដែល​នៅ​សេស​សល់​បាន​ដើរ​ដោយសេ​រី​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ទៅកាន់ស្ថានទូត​បារាំង​ ដែល​នៅ​ទី​នោះ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យនៅ​រួម​គ្នា​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​ស្ថានទូត​ នៅពេល​ដែល​ ​​មន្ត្រី​នគរបាលបារាំង​ម្នាក់​និយាយ​ជា​មួយ​តំណាង​ក្រុម​នោះ​ និង​បា​ន​ទទួល​យក​ញត្តិ​របស់​ពួក​គេ​។
បន្ទាប់​មក​ទៀត​សកម្ម​ជន​ទាំង​នោះបាន​ដើរ​ក្បួន​​ទៅកាន់ស្ថានទូត​អង់គ្លេស​ និង​ការិ​យាល័យ​អង្គការ​យូនីសេហ្វ ហើយ​តំណាង​នៅ​ទីនោះ​ក៏​បាន​ទទួលយក​ញាត្តិរបស់​ពួកគេ​ដែរ​ ហើយ​បន្ទាប់​មក​ពួកគេ​បាន​ជិះ​ម៉ូតូ និង​រ៉ឺ​ម៉ក​កង់​បី​ទៅកាន់​ស្នងការដ្ឋាន​​នគរបាល​​រាជ​ធានីភ្នំពេ​ញ​ ជា​ទី​ដែល​សហ​ការី​ទាំង​១១​នាក់​​របស់​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​។

លោក ជួ​ន​ សុវណ្ណ ស្នង​ការ​នគរបាល​  រាជ​ធានីភ្នំពេញ​បាន​ទៅដល់​ទីនោះ​​ក្រោយ​ថ្ងៃ​ត្រង់​បន្តិច​​ ហើយ​បន្ទាប់​មក​បាន​ជួប​ប្រជុំ​ជា​មួយ​ មន្ត្រី​ខណ្ឌ​ដូន​ពេញ​ និង​មេធាវី​ម្នាក់​​មក​ពី​អង្គការ​លីកាដូ​ ហើយ​សកម្ម​ជន​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​នៅ​ម៉ោង​​ប្រហែល​​១និង​​៤៥​នាទី​។

ដោយ​ឈរ​ទន្ទឹម​គ្នា​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​​សកម្មជនទាំង​១១នាក់​បាន​ដើរ​តាម​ចំណត​​រថយន្ត​​នៅ​​​ស្នង​ការដ្ឋា​ន​​នគរ​បាល​ទៅ​ទទួល​ការ​ស្វាគមន៍​ពី​មនុស្ស​ដែល​រង់​ចាំ​នៅខាង​ក្រៅ​ ដែល​មាន​ព្រះ​សង្ឃ និង​យុវជន​​ដែល​បាន​ចូលរួ​ម​នៅ​ពេល​រសៀល​​។

បន្ទាប់​ពី​ការ​ដោះលែង​ពួកគាត់​ហើយ​​ អ្នកស្រី​ ទេព វន្នី និង​លោក រ៉ុង​ ឈុន បាន​​និយាយ​ថា ពួក​គាត់​មិន​ភ័យខ្លាច​ចំពោះការ​ចាប់​ខ្លួន​នេះ​ទេ​។
អ្នកស្រី​ ទេព វន្នី បាន​និយាយ​ថា “ យើង​នឹង​ចូល​រួម​ធ្វើការ​តវ៉ា​​ទៀត​ដើម្បី​​ឲ្យ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​។ យើង​​មិន​ភ័យ​​ខ្លាច​ចំពោះការ​ចាប់ខ្លួន ឬ​​ការ​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ទេ​។ យើង​ស៊ាំ​នឹង​ការ​ភ័យ​ខ្លាច​ទៅ​ហើយ​​។ យើ​ងចង់​បាន​យុត្តិធម៌​” ។

លោក​ រ៉ុង​ ឈុន​ បានមាន​ប្រសាសន៍​ថា  លោក​ និង​មេដឹកនាំ​សហជីព​ដែល​មិនជាប់​​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​ចំនួន​ប្រាំពីរទៀត​​​គ្រោង​ធ្វើ​បាតុកម្ម​​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​​នៅថ្ងៃទី​២៦​ខែ​មករា​ ដើម្បីទាមទារ​ឲ្យ​ដោះ​លែង​សកកម្មជន​ និងកម្មករដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​២៣​នាក់​ ហើយ​ពួកគេ​ជាច្រើន​ត្រូវ​បាន​វាយ​ដំ​នៅពេល​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ការ​តវ៉ា​របស់​កម្មករ​កាល​ពីថ្ងៃទី​២ និង​ទី​៣ ខែមករា។

លោក​ រ៉ុង​ ឈុន បានថ្លែងថា  “ ខ្ញុំ​មិន​ខ្វល់​ទេ​។ នៅថ្ងៃទី​២៦​យើង​នឹង​ប្រមូល​​មនុស្ស​មួយ​​ម៉ឺននាក់​ជួប​ជុំ​គ្នា​ទាម​ទារ​​ឲ្យ​ដោះ​លែង​លោក វ៉ន ពៅ និង​មនុស្ស​២២​នាក់​ទៀត​​”។

អង្គការស​ង្គម​ស៊ីវិល​ដែល​រៀប​ចំការ​ហែ​ក្បួន​កាល​ពីម្សិលមិញ​នេះ​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​លើក​ឡើង​ថា ខ្លួន​នឹង​ពន្យា​រ​ពេលការ​ហែក្បួន​ទៅកាន់​ស្ថានទូត​បរទេស​ដែល​បាន​គ្រោង​ទុក​នៅថ្ងៃ​នេះ ​​ប៉ុន្តែ​នឹង​បន្ត​ដាក់​ញត្តិ​នៅថ្ងៃព្រហស្បតិ៍​វិញ​។

លោក បេ ទៀឡេង ប្រធាន​នាយក​ដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា លោក​កំពុង​រង់ចាំ​បទ​បញ្ជា​ពី​តុលាការ​ឲ្យ​ដោះ​លែង​អ្នក​ទោស​ទាំង​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំនៅក្នុងមណ្ឌល​កែ​ប្រែ​​៣ ដែល​ ​មាន​​សន្តិសុខ​តឹង​រ៉ឹង​នៅក្នុង​ខេត្ត​កំពង់​ចាម​។លោក​បាន​និយាយ​ថា “ វា​អាស្រ័យ​លើ​តុលាការ​។​​ បន្ទាប់​ពី​តុលាការ​ចេញ​បទ​បញ្ជា​យើង​នឹង​ដោះលែង​អ្នក​ទោស​ទាំង​២៣នាក់​នេះ​៕ គឹមហឿន

(រាយការណ៍បន្ថែម​ដោយ ម៉ិច ដារ៉ា)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស