30.1 C
Phnom Penh

បក្សសង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​​​ប្រជុំ​របស់ខ្លួន​ ខណៈ​អ្នក​គាំទ្រ​​​​បក្ស​ប្រជា​ជន​ចេញ​មក​រារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ស្អាង, ​ខេត្ត​កណ្តាល​- អ្នក​គាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ស្លៀក​ឯក​សណ្ឋាន​ស៊ីវិល​រាប់​រយ​នាក់​ ដែល​គាំទ្រ​ដោយ​​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​ខេត្ត​ប្រដាប់​ដោយ​កាំភ្លើង​យន្ត​​ ដំបង​ឆក់​ និង​ឧបករណ៍​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​រាប់​រយ​នាក់​ដែរ​នោះ​ បានបង្ខំ​ឲ្យ​លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​លុប​ចោល​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ។

អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​រួម​មាន​កសិករ​វ័យ​ចំណាស់​ និង​យុវជន​កាត់​សក់​ខ្លី​ដូច​ទាហាន​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត​កោះ​តូច​ ក្នុង​គោល​បំណង​ប្រើ​កម្លាំង​ ​ប្រសិន​បើ​លោក​ សម​ រង្ស៊ី​ ឬ​ក៏​លោក កឹម​ សុខា​ ហ៊ាន​បើក​កិច្ច​ប្រជុំ​ ឬ​ក៏​រិះគន់​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​​លោក ហ៊ុន​ សែន​ នោះ​។

លោក​ ខន​​ លីហ៊ាង​ អាយុ​៣៣​ឆ្នាំ​ អ្នក​គាំ​ទ្រ​​​​​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ស្លៀក​ឯក​សណ្ឋាន​​ស៊ីវិល​ ដែលមាន​កាន់​អាយកូម​ និង​ទំនង​ជា​អ្នកស៊ីវិល​ ដែលមាន​កាន់​អាយកូម​ និង​ទំនង​ជា​អ្នក​ដឹក​នាំ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​​ត្រូវ​បាន​សម្ភាស​នៅ​ឯវត្ត​នេះ​ កាល​ពី​រសៀល​ម្សិល​មិញបាន​និយាយ​ថា “ ប្រសិន​បើ​​ពួក​គេ​ [​គណ​បក្ស​សង្គ្រោះ​ជាតិ​]​ ​នៅ​តែ​បន្ត​ព្យាយាម​បើក​ [កិច្ច​ប្រជុំ]នេះ អ៊ីចឹង​​​ការ​ប្រយុទ្ធ​គ្នា​នឹង​មិន​អាច​ចៀស​ផុត​បាន​ឡើយ​​”។ លោក​​បាន​បន្ត​ថា “ យើង​ចង់​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​អង្គុយ​នៅ​ឯតុ​ចរចា​ ​មិន​មែន​អាង​អី​ចេះ​តែកៀង​គរ​ប្រជា​ពលរដ្ឋ​មក​ធ្វើ​ការ​តវ៉ានោះ​ទេ​​​។ ខ្ញុំ​មិន​អាច​ធានា​បាន​ឡើយ​ថា​អ្វី​ នឹង​កើត​ឡើង​ប្រសិន​បើ​ពួកគេ​រិះ​គន់​គណ​​​​​​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ខ្ញុំ​គាំ​ទ្រ​នោះ​។ ​​ខ្ញុំ​មិន​អាច​អត់ធ្មត់​បាន​ទេ​ប្រសិន​បើ​ពួ​កគេ​វាយ​​​​​​​ប្រហារ​គណបក្ស​របស់​ខ្ញុំ​”។

ជន​​​​ស៊ីវិល​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​តែ​រង់​ចាំ​នៅ​ឯវត្ត​នេះ​បាន​បដិសេធ​មិន​ឆ្លើយ​តប​អ្វី​ឡើយ​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ពួ​ក​គេ​នៅ​ទី​នោះ​។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​​ថា ពួក​គេ​ស្អប់​គណ​​​បក្ស​​​​សង្គ្រោះ​ជាតិ​។លោក​ លី ហ៊ាង​ បាន​ឲ្យ​ដឹង​ថា លោក​និង​អ្នក​​គាំទ្រ​គណ​បក្ស​ប្រជា​ជន​ផ្សេង​ទៀត​បាន​នាំ​គ្នា​ចេញ​មក​នេះ​ គឺ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​សហគមន៍​ពី​ការ​ជ្រៀត​ជ្រែក ​និង​ការ​បំផ្លិច​បំផ្លាញ​ដោយ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

វត្ត​មាន​ជន​ស៊ីវិល​ដែល​ជា​កម្លាំង​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រដាប់​ដោយ​ឧប​ករណ៍​ផ្សេង​ៗ​ កាល​ពី​ម្សិល​មិញ គឺ​កើត​ឡើង​ត្រឹម​តែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ហ៊ុន​ សែន​ បាន​ព្រមាន​អ្នក​រិះ​គន់​លោក​​​ថា ពួ​កគេ​អាច​នឹង​ “ ភ្លក់​រសជាតិ​” អំពី​ភាព​ខ្លាំង​នៃ​ប្រជា​ប្រិយ​របស់​លោក​ ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រៀម​ខ្លួន​ប្រឆាំង​រាល់​សកម្ម​​ភាព​ ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​និង​មាន​ទំនោរ​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ​នោះ។

លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​សន្ទរកថា នៅ​​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​សៅរ៍​ថា “ លើក​មុនៗ​ ​គណបក្ស​ប្រជា​ជនកម្ពុជា​មិន​ប្រើ​កម្លាំង​នៃ​អ្នក​គាំទ្រ​ និង​សមាជិក​របស់​ខ្លួន​ឡើយ​។ ប្រសិន​​​បើ​ ហ៊ុន​ សែន​ ចេញ​មុខ​ធ្វើ​អ្វី​វិញ​ វា​នឹង​មិន​តូច​​ទេ​។ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ ប្រសិន​បើ​ដល់​ពេល​ត្រូវ​តែ​ចាត់​វិធាន​ការ​ហើយ​”។

ស្ថានភាព​នៅ​ក្នុង​ឃុំ​ ត្រើយ​ស្លា ពិត​ជា​មាន​ភាព​តាន​តឹង​ណាស់​ ខណៈ​ជន​ស៊ីវិល​ដែល​គាំ​ទ្រ​​​លោក ហ៊ុន សែន​ រាប់​រយ​នាក់​​ និង​អង្គ​ភាព​​​នគរបាល​ ព្រមទាំង​​អង្គភាព​កង​រាជ​អាវុធ​​​​​​​​ហត្ថ​កំពុង​រង់ចាំ​ដើម្ប​​ទប់​ទល់​និង​ទប់​ស្កាត់​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ផែន​ការ​​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​ផ្ទះ​របស់​ជំទប់​ឃុំ​ម្នាក់​ ចម្ងាយ​​​ប្រមាណ​៥០០ម៉ែត្រ​ពី​វត្ត​កោះ​តូច​។

អ្នក​ភូមិ​និង​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​នាំ​គ្នា​ឈរ​ជា​ក្រុម​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ខ្លួន​ តាម​បណ្តោយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វត្ត​កោះ​តូច​នេះ​ បាន​ប្រាប់​អ្នក​ដំណើរ​ថា ​​​ការ​ចុះ​មក​តំបន់​នេះ​របស់​មេ​ដឹក​នាំបក្ស​ប្រឆាំង​​​ត្រូវ​បាន​លុប​ចោល​ ព្រោះ​មាន​វត្ត​មានកង​កម្លាំង​ ​​មាន​សមត្ថកិច្ចដែល​ទំនង​ជា​ចង់​បង្ក​បញ្ហា​។

លោក សួន​ ញ៉ ជំទប់​ឃុំ​ ត្រើយ​ស្លា​ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​និង​ជា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ឯ​ផ្ទះរបស់​លោក​​ កាល​ពី​ម្សិ​ល​មិញ​បាន​ឲ្យដឹង​ថា ​​ទី​បំផុត​កិច្ច​ប្រជុំ​នេះ​ត្រូវ​លុប​ចោល​នៅ​ពេល​រសៀល​ ដើម្បី​ជៀស​វាង​“ ការ​បង្ហូរ​ឈាម​”។ លោកបាន​​​និយាយ​ថា “ យើង​​​ជ្រើស​រើស​យក​ការ​ដក​ថយ​ ព្រោះ​​មាន​ការ​គំរាម​កំហែង​ ដើម្បី​ការ​ពារ​ជីវិត​របស់​​​​យើង​”។​ ​​លោក​បន្ថែម​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​បង្ហាញ​ខ្លួន​នៅ​តំបន់​នេះ​ ភាគ​ច្រើន​គឺ​ជា​សមាជិក​កង​សន្តិសុខ​ភូមិ ​និង​ឃុំ​ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រសួង​មហា​ផ្ទៃ​។

លោក​ ឃឹម​ ចាន់​គិរី​ អភិបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ “ មាន​ភាព​តាន​តឹង” កាល​ពី​ម្សិលមិញ​ព្រោះ​អ្នក​គាំទ្រ​រដ្ឋាភិបាល​ប្រហែល​មួយពាន់​នាក់​បាន​ចេញ​មក​ត​វ៉ា​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​​ ហេតុ​ដូច្នេះ​ហើយ​ចាំ​បាច់​ត្រូវ​តែដាក់ពង្រាយ​នគរ​​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ដើម្បី​ការពារ​សន្តិ​សុខ​ជូន​ភាគី​ទាំង​ពីរ​។

លោក​ ចាន់​គិរី​ មាន​ប្រសាសន៍​ថា “ គ្មាន​នរណា​ម្នាក់​រៀប​ចំ​ពួកគេ​នោះ​ទេ​។ វា​ជា​សិទ្ធិ​​​របស់​ពួក​គេ​ ដើម្បី​ធ្វើ​ការ​តវ៉ានេះ​ ហើយ​យើង​មិន​អាច​បញ្ឈប់​ពួក​គេ​បាន​ឡើយ​។ ពួ​ក​គេ​មក​ដោយ​ខ្លួន​ឯង​ ព្រោះ​ពួក​គេ​មិន​អាច​អត់​ធ្មត់​តទៅ​ទៀត​បាន​ទេ​ ដោយសារ​ការ​រំខាន​មិន​ឈប់​មិន​ឈរ​ពីសំណាក់​​គណបក្ស​សង្គ្រោះ​ជាតិ​”។

តែ​ទោះ​ជា​យ៉ាង​ណា​ លោក អៀត​ យ៉ុង​ អាយុ​ ៧០​ឆ្នាំ ជំទប់​ទី​មួយ​ឃុំ​ ខ្សាច់​ ពន្លា ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ និង​អតីត​អ្នក​ធ្វើ​ការ​ផ្អែក​វេជ្ជសាស្ត្រ​នៅ​ស្រុក​ ស្អាង​ បាន​លើក​ឡើង​ថា លោក​មិន​ដែល​ស្គាល់​ជន​ស៊ីវិល​ដែល​គាំទ្រ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ និង​ចេញ​មុខ​មក​តំបន់​នេះ​ ដើម្បី​រារាំង​កិច្ច​ប្រជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ណា​ឡើយ​។ លោក​ អៀត​ យ៉ុង​ មាន​ប្រសា​សន៍​​ថា “ ពួ​ក​គេ​មិន​មែន​ជា​អ្នក​នៅ​ទី នេះ​ទេ​ ព្រោះ​មាន​រថយន្ត​បាន​ដឹក​ពួក​គេ​មក​។ ប្រសិន​​​​​បើ​ពួក​គេ​មក​ពី​ឃុំ​ត្រើយ​ស្លា​ ឬ​ក៏​រស់​នៅ​ក្នុង​ស្រុក​ ​​​​ស្អាងនោះ​​ ខ្ញុំ​ប្រហែល​ជា​ស្គាល់​ពួកគេ​ហើយ​”។ លោក​ បន្ថែម​ថា “ ខ្ញុំ​មិន​ដឹង​ថា ពួក​គេ​មក​ពី​ទី​ណា​នោះ​ទេ​។ បើ​មើល​មុខ​ពួក​គេ​វិញ​ មើល​ទៅ​សុទ្ធ​តែ​កាច​ៗ​ ហើយ​ត្រៀម​ខ្លួន​ដើម្បី​វាយ​ប្រហារ​”។​

បន្ទាប់ពី​លុប​ចោល​កិច្ច​ប្រជុំ​នៅ​ក្នុង​ស្រុក​ស្អាង​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែង​រួច​មក គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​មក​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទី​ស្នាក់​ការ​កណ្តាល​បក្ស​របស់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយមាន​ការ​ចូល​រួម​ពី​លោក​ សម រង្ស៊ី​ លោក កឹម​ សុខា​ និងលោក​ អេង​ ឆៃអ៊ាង ប្រធាន​​​ក្រុម​ការ​ងារ​របស់គណបក្ស​សង្គ្រោះ​​ជាតិប្រចាំ​ខេត្ត​កណ្តាល​​។

លោក​ ឆៃ​អ៊ាង​ បាន​លើក​ឡើង​ថា លោក​ចាន់​គិរី​ អភិបាល​ស្រុក​ ស្អាង​ បាន​ជូន​ដំណឹង​មក​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​ឡើយ​ ហើយ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ មាន​រថយន្ត​ដឹក​អង្គរក្ស​ស្លៀក​ឯកសណ្ឋានស៊ីវិល​បាន​មក​ដល់​ដោយ​ចេញ​ដំណើរ​ពី​ក្រុង​តាខ្មៅ​ ហើយ​បាន​សម្រាក​មួយ​យប់​នៅ​សាលា​ស្រុក​ស្អាង ​មុន​ពេល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​វត្ត​កោះ​តូច​នេះ​កាល​ពី​ព្រឹក​ម្សិលមិញ​។

លោក​ ឆៃ​អ៊ាង​ បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ព្រួយ​បារម្ភ​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​[នៅវត្ត​នេះ​ទេ​]។ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ​គឺ​ កង​កម្លាំង​ស៊ីវិល​ដែល​មាន​បង់​ក​ក្រមា​ពណ៌​ក្រហម​ ហើយ​បង្កប់​ខ្លួន​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​”។

ឧត្តម​សេនីយ៍ ហ៊ីង​ ប៊ុន​ហៀង​ ​មេ​បញ្ជា​​​​​​​ការ​​​កង​អង្គរក្ស​របស់​លោក​ នាយក​ រដ្ឋមន្ត្រី​ ដែល​មាន​ទី​តាំង​ក្បែរ​ក្រុង​ តាខ្មៅ​ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ឆៃ​អ៊ាង​ដែល​ថា សមាជិក​នៃ​អង្គភាព​របស់​លោក​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឃុំ​ ត្រើយ​ស្លា​ ដើម្បី​ រា​រាំង​កិច្ច​ប្រជុំ​របស់​គណបក្ស​ប្រឆាំង​នោះ​។

ឧត្តម​សេនីយ៍​ ហ៊ីង​ ប៊ុន​ហៀង​ បាន​មាន​ប្រសាសន៍​ដោយ​ចោទ​ប្រកាន់គណបក្ស​ប្រឆាំង​​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះអង្គភាព​​របស់​លោក​ ដែល​ថា បាន​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​ធ្វើ​​បាតុកម្ម​ថា​ “ អង្គរក្ស​មាន​តួនាទី​ការ​ពារ​មេ​ដឹក​​​​​​នាំ​ ហើយ​កាតព្វកិច្ច​​របស់​អង្គរក្ស​មិន​ជាប់​ទាក់​ទិន​នឹង​រឿង​នយោបាយ​ទេ”៕ស៊ុយឈាង

(រាយ​ការណ៍​បន្ថែម​ដោយ​ Kevin Doyle)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស