មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ត្រូវបានចោទប្រកាន់ពីបទវាយដំបុរសម្នាក់រហូតដល់សន្លប់ បន្ទាប់ពីក្រុមគ្រួសាររបស់បុរសរងគ្រោះបានដាក់ពាក្យប្តឹងមន្ត្រីកងរាជអាវុធហត្ថរូបនេះទៅនគរបាលកាលពីថ្ងៃសៅរ៍។
អ្នកស្រី ប៊ុន ចន្ធូ ជាកូនស្រីរបស់លោក ឆាយ ប៊ុន បាននិយាយថា លោកវរសេនីយ៍ឯក អៀង វណ្ឌី តាមចោទថា បានវាយលោក ឆាយ ប៊ុន អាយុ៥៤ឆ្នាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថកាលពីថ្ងៃសុក្របន្ទាប់ពីលោក ឆាយ ប៊ុន បានព្យាយាមទៅយកក្របីពីរក្បាលដែលមន្ត្រីកងរាជអាវុធហត្ថរូបនេះបានរឹបអូសយកកាលពីឆ្នាំមុនអំឡុងការឆ្មក់ចូលកន្លែងធ្វើអាជីវកម្មរបស់លោក។
អ្នកស្រី ចន្ធូ បាននិយាយថា កាលពីពេលថ្មីៗនេះឪពុករបស់ខ្ញុំទទួលបានដីកាបង្គាប់ពីតុលាការឲ្យទៅយកក្របីរបស់គាត់ដែលត្រូវបានរឹបអូសយកអំឡុងការឆ្មក់ចូលមួយនៅ ក្នុងស្រុកថាឡាបរិវ៉ាត់កាលពីខែតុលា បន្ទាប់ ពីលោក ឆាយ ប៊ុន ត្រូវបានចោទប្រកាន់ពីបទ ចោរកម្ម។
ប៉ុន្តែនៅពេលដែលមនុស្សមួយក្រុមទៅដល់ទីនោះ និងបានសួររកក្របីនោះ លោកវរសេនីយ៍ឯករូបនេះបានវាយដំលោក ឆាយ ប៊ុន តែម្តង។អ្នកស្រីបានបន្តថា “ ពួកគេបានចាប់ឪពុករបស់ខ្ញុំនិងអ្នកទៅជាមួយពីរនាក់ទៀតអូស ចូលក្នុងបន្ទប់មួយ…វាយដំរូបគាត់ ហើយរុញគាត់ផ្ទប់នឹងបង្អួចដែក…។ ឪពុករបស់ខ្ញុំរងរបួសជាទម្ងន់បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថវាយគាត់រហូតដល់សន្លប់មក”។
កាលពីម្សិលមិញ លោកវរសេនីយ៍ឯក អៀង វណ្ឌី បានបដិសេធការអះអាងនោះ។ លោកបាននិយាយថា “ ខ្ញុំមិនបានប្រព្រឹត្តបទល្មើសនេះទេ…ហើយក៏មិនបានវាយដំនរណាម្នាក់ដែរ”។
លោក យ័ន ឌីន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងធ្វើការស៊ើបអង្កេតលើការអះអាងនោះ។ លោកបានថ្លែងថា “ យើងកំពុងប្រមូលភ័ស្តុតាង ហើយយើងនឹងបញ្ជូនភ័ស្តុតាងនោះទៅព្រះរាជអាជ្ញា”៕សារុន