ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA នឹងចាប់ផ្តើមប្រតិបត្តិការសាកល្បងលើកទី២របស់ខ្លួន ក្នុងការផ្តល់សេវាដឹកអ្នកដំណើរដោយរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ក្នុងខែកុម្ភៈ នេះបើយោងតាមសេចក្តីប្រកាសដែលអង្គការនេះបានចេញផ្សាយកាលពីម្សិលមិញ ដើម្បីបង្ហាញពីគម្រោងសាកល្បងដំណើរការរថយន្តក្រុងមានម៉ាស៊ីនត្រជាក់ចំនួន១០គ្រឿង លើផ្លូវព្រះមុនីវង្ស។
អង្គការ JICA នឹងសាលារាជធានីភ្នំពេញ បានសាកល្បងផ្តល់សេវាកម្មដឹកអ្នកដំណើរដោយរថយន្តក្រុងនៅក្នុងទីក្រុងកាលពីឆ្នាំ២០០១ ក៏ប៉ុន្តែ បានបញ្ឈប់គម្រោងនេះតែប៉ុន្មានសប្តាហ៍នៃរយៈពេលសាកល្បងពីរខែ ដោយសារតែសាធារណជនមិនសូវជាចាប់អារម្មណ៍ និងខ្វះមូលនិធិ។ ក៏ប៉ុន្តែ នៅពេលមានរថយន្តកាន់តែច្រើនឡើងៗនៅលើមហាវិថីនេះ និងមានបញ្ហាស្ទះចរាចរកាន់តែខ្លាំង អង្គការ JICA ជឿថា ពេលវេលាត្រឹមត្រូវសម្រាប់ដំណើរការប្រព័ន្ធដឹកអ្នកដំណើរជាសាធារណៈបានមកដល់ហើយ។
អង្គការ JICA បានលើកឡើងនៅក្នុងឯកសាររបស់ខ្លួនដែលត្រូវបានចែកចាយនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ ពលរដ្ឋម្នាក់ៗ ក្នុងរាជធានីភ្នំពេញពិតជាចង់បានដំណោះស្រាយសម្រាប់បញ្ហាស្ទះចរាចរជាច្រើននៅក្នុងទីក្រុងមែន”។ ឯកសារនោះមានខ្លឹមសារបន្តទៀតថា “ មានការរំពឹងថា ការចាប់ផ្តើមផ្តល់សេវាកម្មដឹកអ្នកដំណើរជាសាធារណៈ (សេវារថយន្តក្រុង) ដែលអាចដឹកអ្នកដំណើរបានច្រើននាក់ក្នុងពេលតែមួយ គឺជាដំណោះស្រាយសមស្របបំផុត សម្រាប់បញ្ហាកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ”។
ប្រតិបត្តិការសាកល្បងផ្តល់សេវាកម្មដឹកអ្នកដំណើរជាសាធារណៈនេះនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៤ ខែមីនា នៅលើមហាវិថីព្រះមុនីវង្ស ដោយចាប់ផ្តើមពីរង្វង់មូលស្តាតចាស់ នៅភាគខាងជើងនៃរាជធានីភ្នំពេញដល់សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេវាកម្មនេះនឹងចាប់ផ្តើមដំណើរការពីម៉ោង៥និង៣០នាទីព្រឹក រហូតដល់ម៉ោង៨និង៣០នាទីយប់ និងឈប់៣៦ដងក្នុងរយៈពេល១០ទៅ១៥នាទីម្តង ដូចជា ឈប់នៅមន្ទីរពេទ្យកាល់ម៉ែត និងផ្សារធំថ្មី។ សំបុត្រសម្រាប់ការធ្វើដំណើរម្តងមានតម្លៃ១.៥០០រៀល ឬប្រហែល០,៣០ដុល្លារ ដោយមិនគិតចម្ងាយនៃការធ្វើដំណើរទេ។
ចំណតរថយន្តក្រុងនីមួយៗនិងមានសញ្ញាសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលបង្ហាញពីពេលវេលាធ្វើដំណើរ ហើយយុទ្ធនាការផ្សព្វផ្សាយឲ្យសាធារណជនបានដឹង នឹងចាប់ផ្តើមមុនថ្ងៃចាប់ផ្តើមនៃសេវាកម្មដឹកអ្នកដំណើរជាសាធារណៈនេះ។ យុទ្ធនាការនេះនឹងធ្វើឡើងតាមរយៈផ្ទាំងផ្សព្វផ្សាយ វិទ្យុ និងឈុតផ្សព្វផ្សាយតាមទូរទស្សន៍ និងខិតប័ណ្ណផ្សព្វផ្សាយ ដើម្បីជំរុញឲ្យប្រជាជនសាកល្បងប្រើមធ្យោបាយធ្វើដំណើរថ្មីនៅខែកុម្ភៈ”។
លោក គឹម បូរី អគ្គនាយកអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងផងដែរថា ដើម្បីទាក់ទាញសាធារណជនឲ្យប្រើប្រាស់ប្រព័ន្ធរថយន្តក្រុង គឺត្រូវប្រើពេលវេលាយូរ ក៏ប៉ុន្តែនៅពេលមានសេវាកម្មពេញលេញហើយ នឹងមានមនុស្សជិះច្រើន។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា សេវានេះ នឹងទាក់ទាញអ្នកដំណើរក្នុងស្រុក និងអន្តរជាតិ ដើម្បីឲ្យពួកគេប្រើរថយន្តក្រុង ហើយវាក៏នឹងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរ និងការស្ទះចរាចរផងដែរ”។
គម្រោងរថយន្តក្រុងនេះគឺជាជំហានដំបូងក្នុងគម្រោងផែនការមេផ្នែកដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលក៏នឹងស្នើឲ្យមានផ្លូវរថប្រើចរន្តអគ្គិសនី ផ្លូវរថភ្លើង ក្នុងក្រុង និងរថភ្លើងក្រោមដី ជាដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាចរាចរកាន់តែលំបាកទៅៗក្នុងរាជធានីភ្នំពេញ៕ សុធា