33 C
Phnom Penh

មាន​សំណើ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​​​​​​ការ​​បាញ់​សម្លាប់​​​ លោក ហ៊ី វុទ្ធី​ ​​មន្ត្រី​សហជីព​សេរីកម្មករ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ចាន់​ សុផុន ដែល​ត្រូវ​បាន​តុលាការ​​រក​ឃើញ​​ពិរុទ្ធ​ភាព​កាល​ពីឆ្នាំ​២០​១២​​ ពីបទ​សម្លាប់​លោក​ ហ៊ី វុទ្ធី មន្ត្រី​ជាន់​ខ្ពស់​សហ​ជីព​សេរី​កម្មករ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៧​​​នោះ​ កាល​ពីម្សិលមិញ​បាន​​បង្ហាញមុខ​នៅ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ជាផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ក្នុងការ​ស្នើឲ្យ​តុលាការ​​ធ្វើ​ការ​ស៊ើបអង្កេតករណីមនុស្ស​ឃាត​​​នេះ​ឡើង​វិញ​ និ​ង​​ស្នើ​ឲ្យ​កែ​ប្រែ​​ការ​ផ្តន្ទាទោស​រូបលោក​​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ឆ្នាំនេះ​។

លោក ហ៊ី វុទ្ធី តំណាង​សហជីព​សេរី​កម្ម​​​ករ​​ នៅ​រោង​ចក្រ​កាត់​ដេរ​សាន់​តិ​ច​​ស្ថិត​នៅ​ផ្លូវ​វេង​ស្រេង​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណ​បក្ស​ប្រឆាំងនោះ​​ត្រូវ​​​បាន​​មនុស្ស​ពីរ​នាក់​ជិះ​​ម៉ូតូ​មួយ​គ្រឿង​បាញ់​សម្លាប់​​​​នៅ​​​ពេលរំលង​អធ្រាត្រ​នៅ​​​ពេលដែល​រូប​​លោក​ចេញពី​​ធ្វើការ​វេន យប់​នៅ​​​រោង​ចក្រ​នេះ​​ត្រឡប់​មក​ផ្ទះ​វិញ​។

នៅក្នុងសេចក្តី​សម្រេច​មួយ​ដែល​អង្គការ​សិទ្ធិមនុស្ស​និង​​សហជីព​សេរីកម្ម​ករ​​បាន​រិះគន់​ថា មិន​ត្រឹមត្រូវ​និង​ដោយ​ហេតុ​ផល​នយោ​​​បាយ​នោះ តុលា​ការ​បាន​រក​ឃើញ​ថា លោក ចាន់​ សុផុន មាន​ពិរុទ្ធ​ភាព​ពីបទ​សម្លាប់​មន្ត្រី​សហជីព​រូប​នេះ។

កាល​ពីម្សិលមិញ តុលាការ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​រឿង​ក្តី​លោក ចាន់​ សុផុន ឡើង​វិញ​ និង​​​ការ​សម្លាប់​លោក​ ហ៊ី វុទ្ធី ប្រសិន​បើ​មានការ​​បង្ហាញ​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ការ​អះ​អាង​របស់​​ទណ្ឌិត​​រូប​នេះ​ដែល​ថា គាត់ពិត​ជា​​មិន​ស្ថិត​នៅក្នុង​រាជ​​​​ធានី​ភ្នំពេញ​នៅពេល​ដែល​មេដឹកនាំ​សហ​​​​ជីព​រូប​នេះ​ត្រូវ​បាន​គេ​សម្លាប់​​មែននោះ​។

លោក កោ វណ្ឌី ជា​​​ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​​​​ជំនុំជម្រះ​បាន​មាន​ប្រសា​សន៍​ថា “ គាត់​ ត្រូវដាក់​ជូន​ភ័ស្តុ​តាង​ថ្មី​បន្ថែម​ទៅ​តុលាការ​។ បន្ទាប់​មក ​តុលាការ​នឹង​ពិចា​រណា​ថា តើ​ចាំ​​​បាច់​ត្រូវ​ស្វែង​រក​យុត្តិ​ធម៌​​ជូនគាត់​ និង​ជន​រង​គ្រោះ​ ឬ​យ៉ាង​ណា​”។

​​​​លោក​ ជា ហុង​រី មេធាវី​របស់​លោក ចាន់​ សុផុន បានលើកឡើង​ជាថ្មី​ពីការ​ឃុំ​ខ្លួន​កូនក្តី​របស់លោក​រយៈពេល​ដ៏យូរ​ថា គាត់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​នៅ​កសិដ្ឋាន​មួយ​ក្នុង​ខេត្ត​កណ្តាល​នៅ​ពេល​លោក ហ៊ី វុទ្ធី ត្រូវ​បាន​គេ​សម្លាប់​នោះ​ ប៉ុន្តែ លោក​​បាន​លើ​ក​ឡើង​ថា ពួកគេ​មាន​បញ្ហា​ក្នុ​ងការ​ស្វែង​រក​សាក្សី​ដែល​អាច​ផ្តល់​ភ័ស្តុ​តាង​បាន។

ការ​សម្លាប់​លោក ហ៊ី វុទ្ធី កាល​ពីឆ្នាំ​២០០៧​​​​បាន​កើត​ឡើង​​តាម​​លំអាន​ដូច​គ្នា​នឹង​ការ​សម្លាប់​មេដឹកនាំ​សហជីព​សេរី​កម្មករ​ពីរ​នាក់ទៀត​កាល​ពី​បីឆ្នាំមុនដែរ​។
លោក រស់​ សុវណ្ណារ៉េត សកម្ម​ជន​សហ​ជីព​សេរីកម្មករ​ត្រូវ​បុរស​ពីរនាក់​ដែល​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាញ់​សម្លាប់​កាល​ពី​ខែ​ឧសភា​ ​ឆ្នាំ​២០០៤​ ។

លោក​ ជា វិជ្ជា ប្រធាន​ស្ថាបនិក​​សហ​ជីព​សេរីកម្មករ​​ត្រូវ​បុរស​ពីរនាក់​ដែល​ចុះ​ពី​លើ​ម៉ូតូរបស់​​ពួកគេ​​បាញ់​ចំ​ក្បាលក្នុង​ចម្ងាយ​ដ៏​កៀក​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​​​ពេល​នេះ។

បុរស​ពីរនាក់​ដែល​ត្រូវ​កាត់​ឲ្យជាប់​ទោស​​ពីបទ​សម្លាប់​មេដឹកនាំ​សហជីព​​​ទាំង​ពីរ​រូប​​​កាល​ពីឆ្នាំ​២០០៤​ ជា​​ករណី​ដែល​មាន​ការ​រិះគន់​ស្រដៀង​គ្នា​ថា ជា​រឿង​​​នយោ​​​បាយ​នោះ​​ ត្រូវ​បាន​ដោះ​លែង​វិញ​ដោយសារ​ខ្វះ​ភ័ស្តុ​តាង​។

លោក ជា​ មុនី ប្រធាន​សហ​ជីព​សេរី​កម្ម​​​ករដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា បាន​មាន​ប្រសាសន៍ថា លោក​សង្ឃឹម​ថា រឿង​​​ក្តី​របស់លោក ចាន់​ សុផុន នឹង​ត្រូវ​បាន​ដោះ​​​ស្រាយ​ ដោយ​ពន្យល់​ថា អាជ្ញា​ធរ​ ព្រម​ទាំង​សាលាដំបូង​រាជធានី​មិន​បាន​​ស៊ើប​អង្កេត​រក​តម្រុយ​ដែលគួរ​ឲ្យ​ជឿទុកចិត្ត​បន្ថែម​ទៀត​ពីការ​សម្លាប់​លោក ហ៊ី វុទ្ធី​ ឡើយ​។

លោក ជា​ មុនី បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​ជឿថា លោក ចាន់​ សុផុន ជា​ឃាត​ករ​ពិត​ឡើយ​ ពីព្រោះ​មាន​ជន​​សង្ស័យ​ច្រើន​ទៀត​ដែល​មិន​​ត្រូវបាន​ចាប់​ខ្លួន​​បញ្ជូន​ទៅ​តុលាការ​។ ហេតុ​អ្វី​​បាន​ជា​មាន​តែ​គាត់​ម្នាក់​?”។​តុលាការ​នឹង​សម្រេច​ថា តើ​ត្រូវ​ស៊ើប​អង្កេត​ការ​សម្លាប់​លោក​ ហ៊ី វុទ្ធី​ ឡើង​វិញ​នៅថ្ងៃទី​៦​ខែ​កុម្ភៈ​ ឬយ៉ាង​ណា​៕​សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស