27 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បោះជំហាន​​​ឆ្ពោះទៅ​​​រក​​​ការកែទម្រង់​​​គណៈកម្មាធិការ​​​សិទ្ធិមនុស្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​ចុះ​​​ហត្ថលេខា​​​​​​​​​លើ​​​អនុក្រឹត្យ​​​មួយ​​​​​​ស្ដីពី​​​ការ​​​ពង្រីក​​​វិសាល​​​ភាព​​​របស់​​​គណៈ​​​កម្មាធិ​​​ការ​​​សិទ្ធិមនុស្ស​​​កម្ពុជា  ​​​ហៅ​​​កាត់​​​ថា គ.ស.ម.ក.​​​​​​​​​តាម​​​រយៈ​​​​​​ការ​​​បង្កើត​​​នាយក​​​ដ្ឋាន​​​ថ្មី​​​ៗ​​​និង​​​ការ​​​​​​ដាក់​​​មន្ត្រី​​​​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​នៅ​​​តាម​​​បណ្ដា​​​រាជ​​​ធានី​​​ ខេត្ត​​​​​​ ក្រុង​​​ ស្រុក ​​​ខណ្ឌ​​​​​​ នេះ​​​បើ​​​យោង​​​​​​លើ​​​ច្បាប់​​​ចម្លង​​​នៃ​​​សៀវភៅ​​​រាជ​​​កិច្ច​​​ចុះ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​ធ្នូ​​​ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ម្សិលមិញ​​​នេះ​​​។

ការ​​​ពង្រីក​​​វិសាលភាព​​​គណៈកម្មាធិការ​​​នេះ​​​​​​ក៏​​​នឹង​​​រួម​​​មាន​​​ទាំ​​​ងការ​​​កែ​​​រូប​​​សញ្ញា​​​​​​របស់​​​គ.ស.ម.ក.​​​ ដើម្បី​​​បញ្ចូល​​​​​​និមិត្ត​​​សញ្ញា​​​ថ្ងៃ​​​៧​​​​​​មករា​​​ ដែល​​​ជា​​​ថ្ងៃ​​​កង​​​ទ័ព​​​​​​ផ្ដាច់​​​​​​ខ្លួនពី​​​ខ្មែរ​​​ក្រហម​​​ក្រោម​​​ការ​​​​​​​​​គាំទ្រ​​​​របស់​​​វៀតណាម​​​ផ្ដួល​​​រំលំ​​​របប​​​ប៉ុល​​​ពត​​​ផង​​​ដែរ​​​​​​ នេះ​​​បើ​​​យោង​​​លើ​​​អនុក្រឹត្យ​​​ចុះ​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​ធ្នូ​​​​​​ក្នុង​​​សៀវភៅ​​​រាជ​​​កិច្ច​​​នេះ​​​។

អនុក្រឹត្យ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា មន្ត្រី​​​​​​ឃ្លាំ​​​មើល​​​​​​សិទ្ធិមនុស្ស​​​​​​​​​ គឺ​​​ជា​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ដែល​​​ត្រូវ​​​បាន​​​​​​​​​ជ្រើសរើ​​​ស​​​នៅ​​​តាម​​​ភូមិ​​​នានា​​​ ឲ្យ​​​រាយ​​​ការណ៍​​​មក​​​​​​​​គណៈកម្មាធិការ​​​នេះ​​​វិញ​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជាមួយអគ្គ​​​​​​នាយក​​​ដ្ឋាន​​​រដ្ឋបាលនិង​​​ពាក្យ​​​បណ្ដឹង​​​ និង​​​អគ្គនា​​​យក​​​ដ្ឋានស៊ើប​​​អង្កេត​​​និង​​​អប់រំ​​​សិទ្ធិមនុស្ស​​​ដែល​​​ស្ថិត​​​នៅ​​​​​​ក្រោម​​​ចំណុះរបស់​​​​​​គណៈកម្មាធិការ​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​។​​​

អនុក្រឹត្យ​​​​​​នេះ​​​មាន​​​ការ​​​​​​រៀប​​​រាប់​​​យ៉ាង​​​លម្អិត​​​អំពី​​​រូប​​​​​​សញ្ញា​​​ថ្មី​​​ គឺ​​​ភូគោល​​​​​​ទ្រ​​​ដោយ​​​កម្រង​​​កួរ​​​ស្រូវ​​​​​​៧៩​​​គ្រាប់​​​នៅ​​​ខាង​​​ឆ្វេង​​​​​​និង​​​ស្លឹក​​​អូលីវ ប្រាំ​​​ពី​​​រ​​​ទងនៅ​​​ខាង​​​​​​ស្ដាំ​​​។ខ្លឹម​​​សារ​​​ពាក់ព័ន្ធ​​​នឹង​​​រូប​​​សញ្ញា​​​នេះ​​​មាន​​​ដូចត​​​ទៅ​​​ ៖រូបភូគោល​​​ពណ៌​​​ទឹក​​​សមុទ្រ​​​លាយ​​​ពណ៌​​​ស្ករ​​​ដែល​​​មាន​​ទម្រពណ៌​​​ត្នោត​​​តំណាង​​​ឲ្យ​​​ទឹក​​​ដី​​​​​​ ជីវិត​​​ មនុស្ស​​​ សត្វ និង​​​វត្ថុ​​​ទាំង​​​អស់​​​​​​ដែល​​​មាន​​​អត្ថិភាព​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​។

រូប​​​ផែន​​​ទី​​​ប្រទេស​​​កម្ពុជា​​​ពណ៌​​​បៃ​​​តង​​​ខ្ចី នៅ​​​លើ​​​ភូគោល​​​តំណាង​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ មាន​​​​​​ឯករាជ្យ​​​និង​​​សេរីភាព​​​ពេញ​​​លេញ​​​ក្នុង​​​ក្រប​​​ខណ្ឌពិភពលោក​​​ ដែល​​​មាន​​​សិទ្ធិ​​​ស្មើគ្នា​​​លើ​​​ឆាកអន្តរជាតិ​​​ ហើយ​​​នេះ​​​​​​ក៏​​​ជា​​​និមិត្ត​​​​​​រូប​​​នៃ​​​ភាព​​​ស្មើគ្នា​​​របស់​​​មនុស្ស​​​ផង​​​ដែរ​​​។

រូប​​​កួរ​​​ស្រូវ​​​ពណ៌​​​មាស​​​៧៩​​​គ្រាប់​​​ ទ្រ​​​ភូ​​​គោល​​​​​​ផ្នែក​​​ខាង​​​ឆ្វេង តំណាង​​​ឲ្យ​​​ភាព​​​សម្បូរ​​​សប្បាយ​​​ ភាព​​​រីក​​​លូតលាស់​​​លើ​​​គ្រប់​​​វិស័យ​​​ ភាព​​​សុខដុមរមនា និង​​​សុភមង្គល​​​គ្រប់​​​បែប​​​យ៉ាង​​​ ដែល​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ភាព​​​រីកចម្រើ​​​ន​​​ឥត​​​ឈប់​​​ឈរ​​​ ក្រោយ​​​ថ្ងៃ​​​រំដោះ​​​ឆ្នាំ​​​១៩៧៩។

រូប​​​ធាង​​​ស្លឹក​​​អូលីវពណ៌​​​បៃតង​​​ ប្រាំពីរ​​​ទង ទ្រភូគោល​​​ផ្នែក​​​ខាង​​​ស្ដាំ​​​ តំណាង​​​ឲ្យ​​​​​​​​​ការ​​​ចង់​​​បាន​​​សុខសន្ដិភាព​​​ជាមួយ​​​​​​ប្រទេស​​​នានា​​​ទាំង​​​អស់​​​​​​ក្នុង​​​ពិភពលោក​​​​​​ដែល​​​ស្រលាញ់​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​។ ធាង​​​ស្លឹក​​​អូលីវ​​​នេះ​​​ក៏​​​តំណាង​​​ផង​​​ដែរ​​​នូវ​​​សេចក្ដី​​​យុត្តិធម៌​​​លើក​​​ស្ទួយ​​​សិទ្ធិ​​​រស់​​​នៅ​​​របស់​​​ប្រជាជន​​​ទូទៅ​​​​​​ដោយ​​​គ្មាន​​​ការ​​​រើស​​​អើង​​​ពណ៌​​​សម្បុរ​​​និង​​​ជាតិ​​​សាសន៍​​​។

លោក​​​ ឱម យិនទៀង​​​ ប្រធាន​​​គណៈ​​​កម្មា​​​ធិការ​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។​​ ប៉ុន្តែ​​​អនុប្រធាន​​​របស់​​​លោក​​​​​​ គឺ​​​លោក​​​ ម៉ុក សម្បត្តិ បាន​​​​​​ថ្លែង​​​ការពារ​​​​​​ការ​​​កែ​​​ប្រែ​​​នេះ​​​ថា ជា​​​ជំហាន​​​​​​វិជ្ជមាន​​​មួយ​​​ឆ្ពោះ​​​ទៅ​​​រក​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អនុក្រឹត្យ​​​ថ្មី​​​ដែល​​​សំដៅ​​​កែ​​​ទម្រង់​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​នេះ​​​គឺ​​​ផ្អែក​​​លើ​​​​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​បច្ចុប្បន្ន​​​។ យើង​​​ជ្រើសរើ​​​ស​​​យក​​​រូប​​​ធាង​​​​​​ស្លឹក​​​អូលីវ​​​​​​មក​​​ដាក់​​​ក្នុង​​​រូប​​​សញ្ញា​​​នេះ​​​ ដើម្បី​​​​​​តំណាង​​​ឲ្យ​​​ជីវិត​​​​​​អមតៈ​​​និង​​​សេរីភាព​​​ជា​​​សាក​​​ល​​​”។

ព័ត៌មាន​​​អំពី​​​ការ​​​កែ​​​ប្រែ​​​នេះ​​​​​​លេច​​​ឡើង​​​រយៈ​​​ពេល​​​បី​​​សប្ដាហ៍​​​បន្ទាប់ពី​​​​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​បញ្ជូន​​​​​​មន្ត្រីកង​​​រាជអាវុធហត្ថ​​​​​​ប្រដាប់​​​ដោយ​​​​​​កាំភ្លើង​​​អាកា៤៧ ទៅ​​​បំបែក​​​​​​ការតវ៉ា​​​របស់​​​កម្មករ​​​កម្មការិនី​​​រោងចក្រកាត់ដេរ​​​​​​ដែល​​​បាន​​​នាំគ្នា​​​ធ្វើ​​​កូដកម្ម​​​។​​​ កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​នេះ​​​បាន​​​បាញ់​​​កម្មករ​​​ស្លាប់​​​ចំនួន​​​ប្រាំនាក់​​​​​​ និង​​​បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ជាង​​​៤០​​​នាក់​​​ទៀត​​​រង​​​របួស​​​។

ចាប់​​​តាំងពី​​​ពេលនោះ​​​ម​​​ករាជ​​​​​​រដ្ឋាភិបាល​​​​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​គណបក្សប្រជាជន​​​​​​បាន​​​ដាក់​​​បម្រាម​​​លើ​​​ការ​​​​​​ជួប​​​ជុំ​​​តាម​​​ទីសាធា​​​រណៈ​​​ដោយ​​​បាន​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​ពេល​​​ឃាត់​​​ខ្លួន​​​​​​សកម្ម​​​ជន​​​​​​ដែល​​​បន្ត​​​ធ្វើ​​​ការ​​​​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​​​​ផ្គើន​​​នឹង​​​បម្រាម​​​នេះយក​​​ទៅ​​​​​​ “ណែនាំ” មុន​​​ពេល​​​ដោះ​​​លែង ​​​ទោះបី​​​ជា​​​សិទ្ធិ​​​សេរីភាព​​​​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នេះ​​​មាន​​​ចែង​​​​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ក៏ដោយ​​​ចុះ​​​។សកម្មជន​​​១១​​​នាក់​​​ត្រូវ​​​អាជ្ញាធរ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដាក់​​​​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ត្រូវ​​​បាន​​​​​​​​​រុញ​​​ចូល​​​ក្នុង​​​ឡាន​​​ទំាង​​​បង្ខំ​​​ ហើយ​​​នាំ​​​យក​​​ទៅ​​​ស្នង​​​​​​ការ​​​ដ្ឋាន​​​នគរបាល​​​​​​រាជធានី​​​ភ្នំពេញ​​។

លោក សុរិយា ស៊ូបេឌី ប្រេសិត​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​​​​សិទ្ធិមនុស្ស​​​បាន​​​ចាក​​​ចេញ​​​ពី​​​ជំនួប​​​ឯក​​​ជន​​​​​​ជាមួយ​​​លោក​​​ ហ៊ុន សែន​​​ កាលពី​​​ថ្ងៃ​​​ពុធ​​​ សប្ដាហ៍​​​មុន​​​ ដោយ​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​មាន​​​សង្ឃឹម​​​ចំពោះ​​​ការ​​​ធានា​​​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​ចំពោះ​​​មុខ​​​លោក​​​ថា គណៈកម្មាធិការ​​​សិទ្ធិមនុស្ស​​​ឯករាជ្យ​​​មួយ​​​នឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​​​​ក្នុង​​​ពេល​​​​​​ឆាប់​​​ៗ​​​។

លោក សុន​​​ ឆៃ ប្រធាន​​​ក្រុម​​​អ្នក​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​លើ​​​​​​ក​​​ឡើង​​​ថា លោក​​​គ្មាន​​​ជំនឿ​​​លើ​​​​​​គណៈកម្មាធិ​​​ការ​​​នេះ​​​ទេ​​​។
​​​លោក​​​បាន​​​មានប្រសា​​​សន៍​​​ថា “គណៈ​​​កម្មា​​​ធិការ​​​នេះ​​​គ្មាន​​​ថ្ងៃ​​​មាន​​​ភាព​​​ឯករាជ្យ​​​ទេ​​​ដរាប​​​ណា​​​​​​វាស្ថិត​​​នៅ​​​ក្រោម​​​ចំណុះ​​​រដ្ឋាភិ​​​បាល​​​​​​និង​​​ក្រោម​​​​​​កា​​​រគ្រប់គ្រង​​​របស់​​​លោក​​​ ឱម យិនទៀង​​​”។

លោក​​​បានមានប្រសាសន៍​​​បន្ត​​​ថា “យើង​​​ដឹង​​​​​ស្រាប់​​​ហើយ​​​​​​ថា រដ្ឋាភិបាល​​​ដោះស្រាយ​​​បញ្ហា​​​ពុក​​​រលួយ​​​និង​​​ [ការ​​​រំលោភ] ​​​សិទ្ធិមនុស្ស​​​​ដោយ​​​របៀប​​​ណា​​​។ ទាំង​​​អស់​​​នេះ​​​សុទ្ធតែ​​​ជា​​​ឧបករណ៍​​​ដែល​​​រដ្ឋាភិបាល​​​ប្រើ​​​ដើម្បី​​​ចាត់​​​ការ​​​អ្នក​​​ណា​​​ក៏​​​ដោយ​​​ដែល​​​រដ្ឋាភិបាល​​​ចង់​​​​​​ ឬ​​​ដើម្បី​​​បិទ​​​បាំង​​​​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិមនុស្ស​​​​​​ខុស​​​ច្បាប់​​​​​​ប៉ុណ្ណោះ​​​ មិន​​​មែន​​​​​​សម្រាប់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទេ​​​”៕ សេរីវុធ

(រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស