កាលពី១០ឆ្នាំមុនគឺនៅថ្ងៃទី២២ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ បានដើរទៅអានកាសែតនៅតូបលក់កាសែតមួយនៅជិតវត្តលង្កា ហើយកាសែតដែលគាត់អាននៅថ្ងៃនោះមានចំណងជើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកាត់បន្ថយការចំណាយ មន្ត្រីសុខាភិបាលព្យាយាមដោះស្រាយការផ្ទុះឡើងជាលើកដំបូងនៃជំងឺគ្រុនផ្តាសាយបក្សីនៅអាស៊ីអាគ្នេយ៍ និងការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។
មួយថ្ងៃក្រោយមក លោក ជា វិជ្ជា ត្រូវបានចុះផ្សាយនៅក្នុងកាសែតចេញថ្ងៃនោះដែលមានចំណងជើងថា “ ឃាតករបាញ់សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ”។ប្រធានសហជីពសេរីកម្មករដ៏មានប្រជាប្រិយភាព និងជាអ្នកគាំទ្រគណបក្សប្រឆាំងជាយូរមកហើយនោះ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់ចំនួនពីរគ្រាប់។ គ្រាប់កាំភ្លើងទាំងពីរត្រូវបានបុរសម្នាក់ដែលមិនមានពាក់ម៉ាស់មុខបាញ់យ៉ាងកៀក គឺមួយគ្រាប់ត្រូវចំទ្រូង និងមួយគ្រាប់ទៀតត្រូវចំក្បាល។
អ្នកកាន់ទុក្ខជាង១០.០០០នាក់បានចូលរួមហែសពប្រធានសហជីពរូបនេះ។ដើម្បីប្រារព្ធខួប១០ឆ្នាំនៃការធ្វើឃាតលោក ជា វិជ្ជា លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករបច្ចុប្បន្ន រួមជាមួយមិត្តភក្តិ សហការី និងអ្នកគាំទ្រប្រហែល១០០នាក់បានហែក្បួនពីការិយាល័យសហជីពសេរីកម្មករនៅផ្លូវលេខ៣៦០ ទៅកាន់ផ្លូវលេខ៥១កាត់តាមតូបលក់កាសែត កន្លែងដែលឃាតករបាញ់សម្លាប់លោកនៅជិតវត្តលង្កា ហើយបានបញ្ចប់នៅកន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា នៅទល់មុខវត្តនេះ។
ទោះបីជាសាលារាជធានីបានហាមឃាត់មិនឲ្យហែក្បួនក៏ដោយ ក៏គេមិនសូវឃើញវត្តមានរបស់នគរបាលដែរនៅក្នុងពិធីកាលពីម្សិលមិញនេះ ហើយអ្នកហែក្បួនក៏មិនត្រូវបានរារាំងនៅតាមផ្លូវដែរ។
ក្រោយពីបានទៅដល់រូបសំណាកលោកជា វិជ្ជា មនុស្សប្រហែល៣០០នាក់បានចូលរួមនៅកន្លែងនោះជាមួយសមាជិកគ្រួសារ មេដឹកនាំសហជីព មិត្តភក្តិ និងអ្នកនយោបាយដែលបាននិយាយតាមឧគ្ឃោសនសព្ទអំពីប្រធានសហជីពដ៏ល្បីឈ្មោះរូបនេះ និងប្រៀបធៀបការបាញ់សម្លាប់គាត់ទៅនឹងការបាញ់សម្លាប់មនុស្សផ្សេងទៀតនៅពេលថ្មីៗនេះពីសំណាក់កងកម្លាំងសន្តិសុខរដ្ឋាភិបាល។
លោក ជា មុនី បានមានប្រសាសន៍អំពីការតវ៉ាដោយឡែកពីគ្នាចំនួនពីរលើកកាលពីខែកញ្ញា និងខែមករា ដែលពេលនោះនគរបាល និងកងរាជអាវុធហត្ថបានបាញ់សម្លាប់អ្នកឈរមើល និងអ្នកតវ៉ាដែលគប់ដុំថ្មថា “ យើងគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងវិញ្ញាណក្ខន្ធជនរងគ្រោះផ្សេងទៀតដែលត្រូវបានបាញ់សម្លាប់នៅស្ពានក្បាលថ្នល់ ព្រមទាំងកម្មកររោងចក្រកាត់ដេរ ដោយសារតែពួកគេតវ៉ាទាមទារដំឡើងប្រាក់ខែឲ្យដល់១៦០ដុល្លារ។
អ្នកនយោបាយមួយចំនួនមកពីគណបក្សប្រឆាំង មានដូចជាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស ក៏បានប្រើប្រាស់ពិធីនេះនិយាយអំពីការបង្ក្រាបបាតុកម្មនាពេលថ្មីៗនេះដែរ និងបានលើកឡើងសាជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះការទាមទារប្រាក់ខែគោល១៦០ដុល្លាររបស់កម្មករ។
លោក កឹម សុខា បានថ្លែងថា “ នៅថ្ងៃនេះខ្ញុំសូមអំពាវនាវដល់កម្មករ និងមេដឹកនាំសហជីពឲ្យរួបរួមគ្នាដើម្បីតស៊ូ។ សូមកុំព្រួយបារម្ភ ឬភ័យខ្លាច យើងជិតបានដល់គោលដៅ [១៦០ដុល្លារ ] របស់យើងហើយ”។
យិន សុខាន់ ជាកម្មករអាយុ២៩ឆ្នាំបាននិយាយថា លោក ជា វិជ្ជា នៅតែមានតួនាទីជាគំរូនៃការតស៊ូដដែល។ កញ្ញា សុខាន់ បាននិយាយបន្ទាប់ពីពិធីនេះថា “ ខ្ញុំស្រឡាញ់លោក ជា វិជ្ជា ពីព្រោះគាត់គឺជាវីរបុរសរបស់កម្មករយើង ហើយគាត់គឺជាមនុស្សម្នាក់ដែលបានជួយទាមទារឲ្យយើងបានប្រាក់ខែសមរម្យ”។កញ្ញា សុខាន់ និងកម្មកររួមការងាររបស់នាងនៅរោងចក្រសាំងវូ (Sangwoo) ដែលយកគំរូតាមលោក ជា វិជ្ជា បាននិយាយថា ពួកគេមិនអាចរស់ជាមួយប្រាក់ខែគោល១០០ដុល្លារ ដែលរដ្ឋាភិបាលផ្តល់ឲ្យនេះបានទេ។
គាត់បាននិយាយថា “ ១០០ដុល្លារមិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់យើងទេ។តម្លៃទំនិញនៅលើទីផ្សារកំពុងកើនឡើង ហើយយើងកំពុងទាមទារប្រាក់ខែគោល១៦០ដុល្លារពីរដ្ឋាភិបាល”។
អ្នកស្រី នួន គឹមស៊្រី ម្តាយ ប៊ន សំណាង ដែលត្រូវបានចាប់ខ្លួនជាមួយ សុខ សំអឿន ពីបទសម្លាប់លោក ជា វិជ្ជា និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំនោះ ក៏បានចូលរួមហែក្បួន និងគោរពវិញ្ញាណក្ខន្ធនេះដែរ។បុរសទាំងពីរនាក់ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាមនុស្សដែលត្រូវបានគេទម្លាក់កំហុស និងត្រូវបានដោះលែងកាលពីឆ្នាំមុន ប៉ុន្តែ ពួកគេទាំងពីបានជាប់ពន្ធនាគារប្រាំឆ្នាំរួចហើយដោយសារបទឧក្រិដ្ឋដែលពួកគេមិនបានប្រព្រឹត្ត។
រហូតមកទល់ពេលនេះមានរយៈពេល១០ឆ្នាំហើយបន្ទាប់ពីការធ្វើឃាតនេះ ហើយគ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនឲ្យទទួលខុសត្រូវ ឬរកឃើញមូលហេតុចំពោះការធ្វើឃាតមេដឹកនាំ សហជីពដ៏ឆ្នើមរូបនេះឡើយ។ លោក ជា មុនី រិះគន់ចំពោះការមិនចូលរួមសហការឲ្យបានពេញលេញរបស់រដ្ឋាភិបាលនៅក្នុងការស៊ើបអង្កេតលើការធ្វើឃាតបងប្រុសរបស់លោក។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា “ ខ្ញុំមិនយល់ថា ហេតុអ្វីបានជារកឃាតករមិនឃើញ”។ ប៉ុន្តែ លោកបានមានប្រសាសន៍ថា ការសម្លាប់លោក ជា វិជ្ជា មិនធ្វើឲ្យសហជីពរួញរាមិនហ៊ាននទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារឲ្យបានល្អប្រសើរឡើយ។លោកបានមានប្រសាសន៍នៅពិធីនេះថា “ ការសម្លាប់ លោក ជា វិជ្ជា មិនអាចបំបាក់ទឹកចិត្តកម្មករយើងបានទេ ប៉ុន្តែនិងធ្វើឲ្យមានការតវ៉ារកយុត្តិធម៌កាន់តែខ្លាំងឡើង”។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា ព្រលឹងលោក ជា វិជ្ជា នៅរស់នៅឡើយ។ លោកបានមានប្រសាសន៍ថា ទោះបីជាឃាតករបានបាញ់សម្លាប់គាត់១០ឆ្នាំហើយក៏ដោយ ក៏យើងនៅតែជាមិត្តភក្តិរបស់គាត់ និងនៅតែចាត់ទុកគាត់ជាវីរបុរសដដែល”៕គឹមហឿន