38 C
Phnom Penh

រដ្ឋាភិបាល​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​​គណៈកម្មការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​​ម្នាក់​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អនុក្រឹត្យ​ដែល​ទទួល​បាន​កាល​​​​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្កើត​គណៈ​កម្មការ​​កំណែ​​ទម្រង់​ការ​បោះ​ឆ្នោត​អន្តរ​ក្រសួង​​ដែល​​មាន​សមាជិក​១០រូប​​ដឹក​នាំ​ដោយ​លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​មក​​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ដោយ​សារ​​ការ​បោះ​ឆ្នោត​​ជាតិ​​កាល​ពី​ខែ​កក្កដា មាន​​​ការ​ចោទ​ប្រកាន់​​ជា​​ច្រើន​អំពី​ការ​បន្លំ​សន្លឹក​​ឆ្នោត​ ប៉ុន្តែមិន​មែន​ជា​គណៈ​កម្មា​ធិ​ការ​ចម្រុះ​ស្ថាប័នឡើយ​ ហើយ​អនុ​ក្រឹត្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ថា គណ​​​បក្ស​​​​ប្រជា​ជន​កម្ពុ​ជា​មាន​បំណង​ធ្វើ​​​កំណែ​ទម្រង់​​ការ​បោះឆ្នោត​តែ​ម្នាក់​ឯង​​​ប៉ុណ្ណោះ។

យោង​តាម​ឯកសារ​ចុះថ្ងៃទី​៩ខែ​ធ្នូ និង​ចុះ​​​ហត្ថលេខាដោយ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឲ្យដឹង​ថា គណៈ​កម្ម​ការ​ដែល​​​​​មាន​សមាសភាព​​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​​​​មហា​​​ផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​ពា​ណិជ្ជកម្ម​មកពី​គណបក្ស​ប្រជា​ជន​​កម្ពុជា​នេះ គឺ​ដើម្បី​ស្រាវ​ជ្រាវ​​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗទៀត​ ប៉ុន្តែការ​វាយតម្លៃពី​ការ​អនុវត្ត​របស់​ប្រទេស​ណាមួយ​នោះ​មិន​ត្រូវ​បាន​បញ្ជាក់ឲ្យ​ដឹង​ទេ។ “ដើម្បី​បង្កើត​ក្របខណ្ឌ​​កំណែ​ទម្រង់​កា​រ​បោះ​ឆ្នោត​​ឲ្យ​​ស្រប​តាម​គោលការ​ណ៍​ពហុបក្ស​ ប្រជាធិបតេយ្យ​សេរី និង​នីតិរដ្ឋ​នោះ” គណៈកម្មការ​នេះ​ត្រូវ​រៀប​ចំ​សិក្ខា​សាលា​​​ ថ្នាក់ជាតិ​មួយ​ដើម្បី​ស្តាប់​ការ​ផ្តល់​អនុសាសន៍ ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​ គណបក្ស​នយោ​បាយ អង្គការ​មិន​​​មែន​រដ្ឋាភិ​បាល​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​  តំណាង​​​​ស្ថាន​ ទូត​នានា មន្ត្រី​រដ្ឋាភិបាល សមា​​​ជិក​​​​សភា និង​ភាគី​ដែលមាន​ការ​ចាប់​​​អារម្មណ៍ដទៃទៀត​។

អនុសាសាន៍ដែល​ទទួលបាន​ពី​សិក្ខា​សាលា​​​​​ បន្ទាប់មក​ត្រូវ​ដាក់ជូន​ទៅ​លោក ហ៊ុន សែន ដែល​ត្រូវ​បញ្ជូន​បន្ត​ទៅ​ទីស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​ធ្វើការ​ពិចារ​ណា​​។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌នៅ​​​ក្នុង​​ប្រទេ​ស​កម្ពុជា​បាន​មាន​ប្រសាសន៍ថា សំណើឲ្យ​រៀប​​ចំ​សិក្ខា​សាលា​​​នោះ​គឺជាការ​បិទបាំង​​ សម្រាប់​​ការ​ខិតខំ​​​ប្រឹង​​​ប្រែង​កែទម្រង់​​​ពី​ភាគី​តែ​មួយ​។លោក​បាន​មាន​ប្រសាសន៍ថា “ កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​គឺ​មិន​ពាក់ព័ន្ធ នឹង​រដ្ឋា​ភិបាល​ទេ ប៉ុន្តែ​ជា​យន្ត​ការ​រួមរបស់​គណ​បក្ស​នយោបាយ​សំខាន់ៗ ជា​ពិសេស​គណបក្ស​ដែល​មាន​អាសនៈនៅក្នុង​សភា”។
លោក​បាន​លើកឡើង​ថា “ [ភាគីទាំង​ពីរ​] បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​១៦ខែ​កញ្ញា​​​ថា ពួកគេ​នឹ​​ងបង្កើត​​យន្ត​​ការ​រួមគ្នា ប៉ុន្តែ​​គណៈ​​​កម្មការ​នេះគឺមាន​តែ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​ប៉ុណ្ណោះ”។លោក​​​បាន​បន្ថែម​ថា “ គណបក្ស​ប្រជា​ជន​​​កម្ពុជា​​​​​ខ្លួន​ឯង​ត្រូវ​គោរពអ្វីដែល​មាន​នៅ​​ក្នុង​​កំណែ​ទម្រង់​​​ការ​បោះ​ឆ្នោត​”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ដែល​ជា​សមាជិក​សភា​មួយ​រូប​ដែរ​នោះ​បាន​មាន​ប្រសាសន៍ថា ការ​បង្កើត​គណៈកម្មការ​ដែលមាន​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជានោះគឺ​ជា​ល្បិច​កល​ដើម្បីពន្យា​រ​ពេល​​កំណែទម្រង់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​​មិន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ ហើយ​ថា នឹង​មិន​មាន​ការ​​អញ្ជើញ​គណបក្ស​ប្រឆាំង​ឲ្យ​ចូលរួម​សិក្ខា​សាលា​ថ្នាក់ជាតិ​​​ ដែលមាន​ការ​ចូលរួ​ម​ច្រើន​ស្ថាប័នឡើយ​ ​ប្រសិន​បើ​​​​សិក្ខាសាលា​នោះ​រៀប​ចំ​​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ម្នាក់ឯង​នោះ​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសា​សន៍​​​ថា “ យើង​ច្រាន​ចោល​គណៈកម្មការ​នេះ។ វា​មិនអាច​ទទួល​យក​បាន​ទេ ហើយ​វាគ្មាន​​ន័យ​ឡើយ។ កំណែទម្រង់​ច្បាស់លាស់​ណា​​​មួយ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​​ត្រូវ​តែមាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ…។ អ្នក​ដែល​បង្កើ​ត​បញ្ហា​មិន​អាច​​ដោះស្រាយ​បញ្ហា​​​ខ្លួន​ឯង​បាន​ឡើយ”។

លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​នៃវិទ្យាស្ថាន​ជា​តិ​ប្រជា​​​​​​​ធិបតេយ្យ​ដែលមាន​មូលដ្ឋាន​នៅទី​​​ក្រុង​វ៉ាស៊ីនតោន​​បាន​មាន​ប្រសាសន៍ថា លោក​​​ស្រី​ “ ចង់ដឹង​ថា ហេតុអ្វី​បាន​ជា​គណៈ​​​កម្មការ​នេះ​បង្កើត​ឡើង​ដោយ​គ្មាន​ការ​ចូល​​​រួមពី​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រឹង​ប្រែ​ង​ធ្វើការ​លើ​បញ្ហានេះ​ ឬ​បញ្ហាសំខាន់​ៗ​ជា​​​ច្រើន​ទៀតនោះ​ ពីព្រោះ​​គណបក្ស​ទាំង​ពីរ​គឺ​ជា​ភាគី​ពាក់ព័ន្ធ​ដ៏សំខាន់នៅទីនេះ​”។លោកស្រី​ ថនតុន បាន​បន្ថែមថា “ ​​​បញ្ហា​​​នេះ​មិន​អាចជួយ​លុប​បំបាត់​កង្វល់​ដែល​ប្រជា​​​​ពលរដ្ឋ​បាន​លើកឡើង​អំ​ពី​ការ​ខ្វះ​តម្លា​ភាពនិង​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទូ​ទៅ​​​នៅ​ក្នុង​​ដំណើរ​ការ​បោះ​ឆ្នោតឡើយ​”៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស