28 C
Phnom Penh

ប្រជាជន​​​កម្ពុជា​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សេតវិមាន ​​​​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​​​​បាតុករ​​​ទាំង​​​២៣​​​នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធផ្សព្វផ្សាយ​​​​​​​​​របស់​​​សហរដ្ឋ​​​អាមេ​​​រិក​​​បាន​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​ថា ​​​ប្រជាជន​​​កម្ពុជា​​​​​​​​​និង​​​​​​ប្រជាជន​​​កម្ពុជា​​​​​​សញ្ជាតិ​​​អាមេរិក​​​​​​ជាង​​​៥០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​​​​សេតវិមាន​​​ក្នុង​​​រដ្ឋ​​​ធានី​​​វ៉ាស៊ីន​​​តោន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បីទាមទារ​​​​​​ឲ្យ​​​​​​ដោះ​​​លែង​​​បាតុករ​​​ទាំង​​​២៣​​​នាក់​​​​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​អំឡុង​​​​​​បាតុកម្ម​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​កាលពី​​​ដើម​​​ខែ​​​នេះ​​​។


អ្នកខ្លះ​​​ក្នុង​​​ចំណោម​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​មករា​​​ និង​​​អ្នក​​​ផ្សេង​ទៀត​​​​​​ដែល​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ទី​​​៣​​​ ខែ​​​មករា នៅ​​​ពេល​​​​​​មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​វែង​​​បាន​​​បាញ់​​​ប្រហារ​​​​​​ទៅ​​​លើ​​​បាតុករ​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​និង​​​រាប់សិប​​​នាក់​​​ទៀត​​​រង​​​របួស​​​។អ្នក​​​ដែល​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ចំនួន​​​២២​​​នាក់​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ក្នុង​​​មណ្ឌល​​​កែប្រែ​​​អប់​​​រំ​​​ទី​​​៣ ដ៏​​​មាន​​​ឈ្មោះ​​​អសោច​​​​​​ក្នុង​​​​​​ខេត្ត​​​កំពង់​​​ចាម​​​នៅឡើយ​​​ រីឯ​​​ក្មេង​​​ជំទង់​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បាន​​​​​​ផ្ទេរ​​​​​​ទៅ​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនា​​​គារ​​​ខេត្ត​​​។

អ្នក​​​រៀប​​​ចំ​​​ការ​​​ប្រមូលផ្ដុំ​​​គ្នា​​​នេះ​​​​​​ឈ្មោះ​​​ រ៉ានី លូសេន​​​ស្គី បាន​​​ប្រាប់​​​ស្ថាប័ន​​​ព័ត៌មាន​​​​​​​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​ VOA ថា “យើង​​​ប្រឆាំង​​​ដាច់​​​ខាត​​​ចំពោះ​​​អំពើ​​​ហិង្សា​​​ប្រព្រឹត្ត​​​ដោយ​​​ទាហាន​​​របស់​​​ ហ៊ុន សែន​​​ ដែល​​​សម្លាប់​​​ប្រជា​​​ពលរដ្ឋ​​​និង​​​កម្មករ​​​របស់​​​យើង​​​”។ប្រជាជន​​​កម្ពុជា​​​សញ្ជាតិ​​​អាមេរិក​​​មក​​​ពី​​​ទូទាំងតំបន់​​​​​​ឆ្នេរ​​​ខាង​​​កើត​​​​​​នៃ​​​សហរដ្ឋ​​​អាមេរិក​​​​​​ បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សេត​​​វិមាន​​​​​​ប៉ុន្មាន​​​លើក​​​​​​រួច​​​មក​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាលពីថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដាមក​​​ ដើម្បី​​​សម្ដែង​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ខណៈ​​​ដែល​​​ VOA ​​​បាន​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ថា ប្រជាជន​​​កម្ពុជា​​​សញ្ជាតិ​​​អាមេរិក​​​កំពុង​​​គិត​​​​​​ពិចារណា​​​ធ្វើ​​​ពហិការ​​​ឈប់​​​ទិញ​​​ទំនិញ​​​ផលិត​​​នៅ​​​ក្នុង​​​រោងចក្រ​​​​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

វីដេអូ​​​បង្ហោះ​​​តាម​​​យូធូប ស្ដី​​​ពី​​​ព្រឹត្តិការណ៍​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ  ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ដោយ​​​លោក​​​ ដាណា រូរ៉ា​​​បាគើ​​​ សមាជិក​​​សភា​​​ប្រចាំ​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​ និង​​​លោក​​​ ស្ទីវ ឆា​​​បូត សមាជិក​​​សភា​​​ប្រចាំ​​​រដ្ឋ​​​អូហាយ៉ូ​​​ បង្ហាញ​​​ពី​​​សកម្មភាព​​​​​​អ្នក​​​តវ៉ា​​​លើក​​​បដា​​​​​​អំពាវនាវ​​​​​​ឲ្យ​​​​​​មាន​​​​​​ “លទ្ធិប្រជាធិបតេយ្យ​​​នៅ​​​កម្ពុជា​​​” និង​​​​​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​ ចុះ​​​ចេញពី​​​តំណែង​​​។ ការ​​​តវ៉ា​​​មួយ​​​ទៀត​​​​​​នឹង​​​រៀប​​​ចំឡើង​​​​​​​​​នៅ​​​ថ្ងៃ​​​សុក្រ​​​​​​សប្ដាហ៍​​​នេះ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ឡូវែល​​​ រដ្ឋ​​​ម៉ាសា​​​ឈូសេត​​​៕ សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស