កាលពីម្សិលមិញ អត្តពលិកកម្ពុជាបានវិលត្រឡប់ពីព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ ប៉ារ៉ា ហ្គេម លើកទី៧នៅទីក្រុងណៃពីដោប្រទេសភូមា ដោយបានឈ្នះមេដាយប្រាំបួនគ្រឿង ដែលនេះជាភាពរីកចម្រើនមួយ បន្ទាប់ពីបានឈ្នះមេដាយប្រាំពីរគ្រឿងនៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១១។
តារាងមេដាយផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡានេះបង្ហាញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ រាប់ពីក្រោម ដោយទទួលបានមេដាយមាសបីគ្រឿង មេដាយប្រាក់បួនគ្រឿង និងមេដាយសំរិទ្ធពីរគ្រឿង ក៏ប៉ុន្តែ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក បានឲ្យដឹងថា តារាងផ្លូវការនោះមិនត្រឹមត្រូវទេ ពោលគឺប្រទេសកម្ពុជាឈ្នះមេដាយ៣២គ្រឿង។តួលេខសរុបនេះបង្ហាញថា លោករាប់ចំនួនមេដាយរបស់កីឡាករម្នាក់ៗដែលទទួលបានសម្រាប់កីឡាក្នុងក្រុម។ លោកបានមានប្រសាសន៍ថា “ លទ្ធផលនេះហួសពីការរំពឹងទុករបស់យើង”។
លោក វ៉ាត់ ចំរើន បានលើកឡើងថា ជោគជ័យរបស់ប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះនេះឆ្លុះបញ្ចាំងឲ្យឃើញសមត្ថភាពរបស់អត្តពលិកពិការកម្ពុជា។លោកបានមានប្រសាសន៍ថា “ អត្តពលិកប៉ារ៉ាឡាំពិករបស់យើងមានទេពកោសល្យល្អជាងអត្តពលិកដទៃទៀតរបស់យើង ហើយលទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញវឌ្ឍនភាពដ៏ធំនៅក្នុងផ្នែកបច្ចេកទេស”។
កីឡាករឆ្នើមកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះនេះគឺកីឡាករជើងឯកប្រណាំងរទេះរុញ វណ្ណ វុន ដែលឈ្នះមេដាយប្រាំ ក្នុងនោះមានមេដាយមាសបីផ្នែកប្រណាំងចម្ងាយ៤០០ម៉ែត្រ ២០០ម៉ែត្រ និង១០០ម៉ែត្រ និងមេដាយពីរទៀត ជាមេដាយប្រាក់ផ្នែករុញរទេះបណ្តាក់។
កម្មវិធីប្រកួតកីឡាផ្សេងៗទៀត ដែលប្រទេសកម្ពុជាបានចូលរួមមានដូចជា កីឡាហែលទឹក និងកីឡាបាល់ទះរទេះរុញ ក៏ប៉ុន្តែ លោក វាសនា បានលើកឡើងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះលើកក្រោយ ពួកគេនឹងបន្ថែមកីឡាលើកទម្ងន់ កីឡាបាល់ជនពិការ និងកីឡាអុក នៅក្នុងបញ្ជីប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍នេះ។
អត្តពលិកជាច្រើនដែលបានចូលរួមប្រកួតនៅប្រទេសភូមា ប្រាថ្នាឲ្យខ្លួនឯងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតកីឡាចម្រុះ ប៉ារ៉ាឡាំពិកលើកក្រោយក្នុងឆ្នាំ២០១៦ ក៏ប៉ុន្តែ ពួកគេប្រឈមមុខបញ្ហាជាច្រើនដូចដែលប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនមិនមានលទ្ធភាពទិញបាន ដូចជា រទេះរុញទំនើបៗនិងអវយវៈសិប្បនិមិត្តល្អៗសម្រាប់ប្រកួត។
ប្រទេសនាំមុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះនេះរួមមាន ប្រទេសឥណ្ឌូណេស៊ី ដែលឈ្នះមេដាយ២១៧គ្រឿង ថៃ ដែលឈ្នះមេដាយ២៤៨គ្រឿង និងប្រទេសម៉ាឡេស៊ី ដែលឈ្នះមេដាយ១៤០គ្រឿង៕ សុធា