35 C
Phnom Penh

បុរសម្នាក់​ជាប់​ចោទ​ពី​បទ​ប៉ុន​ប៉ង​​មនុស្ស​ឃាត​ មាន​ទោស​ពីបទ​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​នៅ​​ប៉ៃលិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​មួយ​រូប​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា សាលាដំបូង​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​១៥ ខែមករា​ បាន​បន្ថយ​ស្ថាន​ទម្ងន់​ទោស​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទៅ​លើ​បុរស​ម្នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ដោយ​សារ​តែ​បាន​ប៉ុន​ប៉ងបើក​រថយន្ត​​បុក​មនុស្ស​បី​នាក់​។

ឈ្មោះ ពៅ ដាណា អាយុ​២៧ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ៃលិន​ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១២ បន្ទាប់​ពី​ប៉ុនប៉ង​បើក​រថយន្ត​ អេស​​យូវី (SUV)​ របស់​ខ្លួនពីរលើក​​ទៅ​បុក​បុរស​បី​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ បន្ទាប់ពី​ពួកគេ​​មិនព្រម​បើក​ផ្លូវ​ឲ្យ​ជន​នេះ​ នៅ​លើ​កំណាត់​ផ្លូវ​ដ៏​ចង្អៀត​មួយ​ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​ទទួល​បាន​កាលពី​សប្តាហ៍​មុន​។

ក្នុង​ការប៉ុន​ប៉ង​មួយ​ក្នុង​ចំណោម​ការ​ប៉ុន​ប៉ង​បើក​រថយន្ត​ទាំង​ពីរ​លើក​ទៅ​បុក​បុរស​ទាំង​បី​នាក់​នោះ​ ឈ្មោះ ដាណា ក៏​បាន​បើក​រថយន្ត​របស់​ខ្លួន​ទៅ​បុក​ទីស្នាក់​ការ​នគរបាល​ខេត្ត​ប៉ៃលិន​ផង​ដែរ ហើយ​នៅ​ទីនោះ​បុរស​ទាំង​បី​នាក់​ដែល​ភាគ​ច្រើន​មិន​មាន​ការ​រង​របួស​នោះ​បាន​ខិត​ខំ​គេច​ចេញ​ពី​សន្ទុះ​បើក​រថយន្ត​ អេស​យូវី ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ។

ឈ្មោះ ដាណា ត្រូវ​បាន​ចាប់​ខ្លួន​ និង​រយៈ​ពេល​ជាច្រើន​ម៉ោងក្រោយ​មក​ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ និង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​រង់ចាំ​ការ​ផ្តន្ទាទោស​។

ទោះ​​ជាយ៉ាង​ណា លោក ណាច ទ្រី មេធាវី​​របស់​ជន​ជាប់​ចោទ​ បាន​លើក​ឡើង​ថា កាល​ពីថ្ងៃទី​១៥ ខែ​នេះ សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​រក​ឃើញ​ថា ឈ្មោះ ដាណា ជាប់​ទោស​ពី​បទ​បំផ្លាញ​ម៉ូតូ​របស់​បុរស​ទាំង​បី​ដោយ​ចេតនា​ប៉ុណ្ណោះ និង​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​១៦ខែ។លោក​បាន​មាន​ប្រសាសន៍​ថា  “តុលាការ​បាន​ផ្លាស់​ប្តូរ​បទ​ចោទ​ប្រកាន់​នេះ​ពី​កម្រិត​ព្រហ្មទណ្ឌ​មក​កម្រិត​មជ្ឈិម ដូច្នេះ គាត់​នឹង​ត្រូវ​បានដោះ​លែង​នាពេល​ឆាប់​ៗនេះ”។លោក​បាន​ពន្យល់​ថា កូនក្តី​របស់​លោក​នឹង​ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​ក្នុង​ខែ​មីនា និង​សុខ​ចិត្ត​ទទួល​យក​សេចក្តី​សម្រេច​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​។

មន្ត្រី​តុលាការ​នានា​ ដូចជា លោក ជុំ សែន​សទ្ធា ព្រះ​រាជអាជ្ញាអប​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ និង​លោក ហ៊ុន ចិត្រា ប្រធាន​ក្រឡា​បញ្ជី​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ឈរ​លើ​មូលហេតុ​ថា ទោស​របស់​ឈ្មោះ ដាណា មាន​ទំហំ​តូច​ជាង​មុន​។

លោកឧត្តម​សេនីយ៍​ត្រី ជា ច័ន្ទឌិន ស្នង​ការ​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​លើក​ឡើង​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​សេចក្តី​សម្រេច​នោះ​ទេ​។
ជន​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​បុគ្គល​ដោយ​​ចេតនា​មាន​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​ទៅ​ពីរឆ្នាំ​ និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​១.០០០ដុល្លារ​។ យោង​តាម​មាត្រា​១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ឈ្មោះ ពៅ ដាណា ត្រូវ​​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​មនុស្ស​ឃាត​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស