28 C
Phnom Penh

តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​ថ្នាំ​ញៀន​របស់​ម្ចាស់​ហាង​កែ​សម្ផស្ស​និង​អ្នក​ទោស​ម្នាក់​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការជំនុំ​ជម្រះ​រឿង​ក្តី​ របស់​​អ្នក​ទោស​ចំនួន​ពីរ​នាក់​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ដែល​បាន​សហ​ការ​គ្នា​នាំយក​គ្រឿង​ញៀន​ចូល​ក្នុង​ពន្ធនាគារ​។


លោក​ កឹម​ ដានី​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​បាន​ឲ្យ​ដឹង​ថា អ្ន​ក​ទោស​ម្នាក់​​​ឈ្មោះ​ ចាន់​ ស្រី​ណុច​ អាយុ​៤១​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ កាល​ពី​ឆ្នាំ​២០១២​ ពី​បទ​នាំ​យក​គ្រឿង​​ញៀន​ទៅ​ចែក​ចាញ​ក្នុង​ពន្ធនាគារ​ រីឯ​អ្នក​ទោស​ម្នាក់​ទៀត​ឈ្មោះ​ ស្រ៊ុន រដ្ឋា អាយុ​៣២​​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​រត់​ពន្ធ​គ្រឿង​​ញៀន​ដូច​គ្នា​។

អ្នក​ស្រី​ ស្រី​ណុច​ អតីត​ម្ចាស់​ហាង​កែ​សម្ផស្ស​​ដែល​​ពេញ​និយម​ក្នុង​ចំណោម​តារា​ៗ​ បាន​ជាប់​ពន្ធនាគារ​នៅ​ពេល​នោះ​ ហើយ​រង់​ចាំ​​​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ពី​បទ​សញ្ចរកម្ម​។

ចៅ​ក្រម​ ដានី​ បាន​លើក​ឡើង​ថា នគរ​បាល​​​បាន​រក​ឃើញ​កញ្ចប់​ថ្នាំ​មេតំហ្វេតាមីន​តូចៗ​ចំនួន​បី​កញ្ចប់​អំឡុង​ពេល​ចុះ​ឆែក​ឆេរពន្ធ​ធនា​គារ​​តាម​ទម្លាប់​ធម្មតា​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌​​​មាន​លម្អិត​បន្ថែម​ឡើយ​។ នៅ​ឯ​តុលាការ​ កាល​ពី​ម្សិល​មិញ​ អ្ន​ក​ទោស​ទាំង​ពីរ​បាន​បដិ​សេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​។
តែ​ទោះ​ជា​យ៉ាង​ណា​ ជន​សង្ស័យ​ រដ្ឋា​ បាន​​​សារ​ភាព​ថា ខ្លួន​បាន​ទិញ​គ្រឿង​ញៀន​ពី​ អ្នក​ស្រី​ ស្រី​ណុច​ ។

ជន​សង្ស័យ​ រដ្ឋា បាន​និយាយ​ថា “ ខ្ញុំ​ធ្លាប់​បាន​ទិញ​ថ្នាំញៀន​ពី​អ្នក​ស្រី​ ស្រីណុច​ ដើម្បី​យកប្រើ​ប្រាស់​ ប៉ុន្តែ​មិន​មែន​យក​មក​លក់​ដូរ​ទេ​។ ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​ កាត់​បន្ថយ​ស្ថាន​ទម្ងន់​ទោស​របស់​ខ្ញុំ​ ហើយ​​ដោះ​លែង​ខ្ញុំ​”។  រីឯ អ្នក​​ស្រី​ ស្រី​ណុច​ បាន​និយាយ​ថា ខ្លួន​ក៏ចង់​ឲ្យ​តុលា​​ការ​កាត់​បន្ថយ​ស្ថាន​ទម្ងន់​ទោសដែរ​។

កាល​ពីឆ្នាំ​មុន​ អ្នក​ស្រី ស្រី​ណុច​ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគាររយៈពេល​​៤​ឆ្នាំ​កន្លះ ពី​បទ​សញ្ចរ​កម្ម​។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​ក្នុង​សំណុំរឿង​​ពាក់​ព័ន្ធ​គ្រឿង​ញៀននេះ​នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ​៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស