បន្ទាប់ពីការចាប់ខ្លួនសកម្មជន១១នាក់កាលពីថ្ងៃអង្គារ ខណៈដែលពួកគេព្យាយាមយកញត្តិទៅដាក់ជូនស្ថានទូតអាមេរិក និងស្ថានទូតបារាំង ស្វះស្វែងឲ្យមានការដោះលែងអ្នកតវ៉ាទាំង២៣នាក់ដែលត្រូវបានឃុំខ្លួននោះ តំណាងអង្គការមិនមែនរដ្ឋាភិបាលក៏បានយកញត្តិស្រដៀងគ្នានេះទៅដាក់ជូនស្ថានទូតជប៉ុន និងទីស្នាក់ការកណ្តាលសហភាពអឺរ៉ុបដោយស្ងាត់ៗផងដែរកាលពីម្សិលមិញ។
អ្នកធ្វើញត្តិ ដែល តំណាងឲ្យអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលចំនួន១៨១នេះ គ្រោងហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី និងស្ថានទូតថៃនៅព្រឹកនេះ អំពាវនាវឲ្យដាក់សម្ពាធលើរដ្ឋាភិបាលឲ្យដោះលែងអ្នកតវ៉ាទាំង២៣នាក់ដែលត្រូវបានឃុំខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយនគរបាលកាលពីថ្ងៃទី២ និងទី៣ ខែមករា។
នៅសប្តាហ៍នេះ សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនដោះលែងអ្នកតវ៉ាទាំង២៣នាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ ដោយលើកឡើងពីភាពចាំបាច់ក្នុងការសាកសួរពួកគេ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈដោយយកពួកគេទៅឃុំខ្លួនក្នុងពន្ធនាគារដែលមានការយាមកាមតឹងរ៉ឹងក្នុងខេត្តកំពង់ចាមស្ថិតនៅជាប់ព្រំដែនវៀតណាម។ ញត្តិនោះមានខ្លឹមសារថា ការដោះលែងមនុស្សទាំង២៣នាក់ដោយគ្មានលក្ខខណ្ឌ “ឥឡូវនេះគឺជាបញ្ហាបន្ទាន់របស់ស្ថាប័នមនុស្សធម៌អន្តរជាតិ និងស្របតាមច្បាប់របស់កម្ពុជា”។
លោកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិអង្គកាសីលកា ជាអង្គការក្រៅរដ្ឋាភិបាលផ្នែកបណ្តុះបណ្តាលដែលរៀបចំការហែក្បួននៅថ្ងៃនេះបានមានប្រសាសន៍ថា អ្នកដាក់ញត្តិដែលមានគ្នាពី៤០ទៅ៥០នាក់មានគម្រោងជួបជុំគ្នានៅម៉ោង៨និង៣០នាទីព្រឹក ហើយដើររួមគ្នាទៅកាន់ស្ថានទូតចំនួន៤បើទោះជារដ្ឋាភិបាលចេញបម្រាមហាមឃាត់មិនឲ្យមានការជួបជុំគ្នាជាសាធារណៈចាប់ពី១០នាក់ឡើងទៅក៏ដោយ។
លោកស្រី ធីតា ឃិះ បានមានប្រសាសន៍ថា “ យើងមិនមែនធ្វើបាតុកម្មទេ។ យើងគ្រាន់តែយកញត្តិរបស់យើងទៅដាក់ជូនស្ថានទូតនានាតែប៉ុណ្ណោះ”។លោកស្រីបន្ថែមថា យើងមិនចាំបាច់ស្នើសុំការយល់ព្រមពីសាលារាជធានីសម្រាប់ព្រឹត្តិការណ៍នេះឡើយ។
ដោយសំដៅដល់ការហាមឃាត់មិនឲ្យមានការជួបជុំគ្នាដោយមិនកំណត់ដែលសាលារាជធានី និងក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃទី៤ ខែមករា ដែលអ្នកជំនាញលើកឡើងថា ជារឿងខុសច្បាប់នោះ លោកស្រីបានមានប្រសាសន៍ថា “ សាលារាជធានីខ្លួនឯងត្រូវតែគោរពច្បាប់។ពួកគេកំពុងបិទសិទ្ធិប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរមិនទទួលបានការជូនដំណឹងផ្លូវការពីការហែក្បួននៅថ្ងៃនេះទេ ហេតុដូចនេះហើយអាជ្ញាធរនឹងរារាំងមិនឲ្យមានការហែក្បួនឡើយ។លោកបានបន្តថា“ យើងនឹងរារាំងពួកគេ ដោយសារពួកគេមិនបានសុំការអនុញ្ញាត”។
នគរបាលបានអនុវត្តបម្រាមមិនឲ្យមានការជួបជុំគ្នាជាសាធារណៈនេះដោយរើសមុខចាប់តាំងពីបម្រាមនេះត្រូវបានប្រកាស។ ទោះយ៉ាងណា សកម្មជនប្រឆាំងការបណ្តេញចេញពីដីដែលបានលើកឡើងថា ពួកគាត់មានគម្រោងទៅចូលរួមការហែក្បួននៅថ្ងៃស្អែកនោះ ត្រូវបានចាប់ខ្លួនពីរលើកមកហើយនៅខែនេះ ដោយសារការហែក្បួនដាក់ញត្តិគ្មានការអនុញ្ញាត។
គណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិល មិញថ្កោលទោសសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភំ្នពេញដែលបដិសេធមិនដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ដែលមិនទាន់បានបើកសវនាការជំនុំជម្រះនៅឡើយ ប៉ុន្តែបែរជាយកទៅឃុំខ្លួននៅមណ្ឌល អប់រំកែប្រែទី៣ក្នុងខេត្តកំពង់ចាមនៅដាច់ស្រយាលទៅវិញ។
លោក សំ ហ្សារីហ្វី (Sam Zarifi) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់គណៈកម្មការ ក្រុមអ្នកច្បាប់អន្តរជាតិបានមានប្រសាសន៍ថា “ ច្បាប់អន្តរជាតិចែងយ៉ាងច្បាស់ថា ការឃុំខ្លួនមុនការជំនុំជម្រះធ្វើឡើងតែក្នុងស្ថានភាពពិសេស និងត្រូវចៀសវាង ប្រសិនបើមានជម្រើសសមរម្យផ្សេង។ហេតុផលដែលលើកឡើងដោយសាលាដំបូងរាជធានីភ្នំពេញមិនសមហេតុផលសម្រាប់ឃុំខ្លួនសកម្មជនទាំងនេះក្នុងពេលនេះទេ”។ លោក ហ្សារីហ្វី បានបន្ថែមថា ដោយគ្មានភ័ស្តុតាងរឹងមាំដែលបង្ហាញថា អ្នកទោសអាចរត់គេចខ្លួន ឬអាចជ្រៀតជ្រែកដល់ការស៊ើបអង្កេតដែលកំពុងតែបន្តនោះ “ ការបន្តឃុំខ្លួនមនុស្សទាំង២៣នាក់មុនការជំនុំជម្រះស្មើនឹងការឃុំខ្លួនតាមតែអំពើចិត្ត បំពានបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ”។
លោកស្រី ហេង បុណ្យ មេធារីតំណាងអ្នកតវ៉ាប្រាំបួននាក់ក្នុងចំណោមអ្នកតវ៉ាដែលជាប់ពន្ធនាគារទាំងនោះបានមានប្រសាសន៍ថា តុលាការបានផ្ញើលិខិតមកលោកស្រីកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយបដិសេធមិនដោះលែងកូនក្តីរបស់លោកស្រីឲ្យនៅក្រៅឃុំឡើយ ដោយលើកឡើងថា ត្រូវការសាកសួរចុងចោទបន្ថែមទៀត ព្រមទាំងទប់ស្កាត់មិនឲ្យមាន “ ភាពចលាចល” ដែលអាចកើតឡើង ប្រសិនបើពួកគេត្រូវបានដោះលែងនោះ។
យោងតាមលិខិតចុះថ្ងៃអង្គារ និងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរលោក ជា សុខ ហេង មានខ្លឹមសារថា សំណើរបស់គណបក្សសង្គ្រោះជាតិសុំទៅសួរសុខទុក្ខអ្នកជាប់ឃុំទាំង២៣នាក់នោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញបដិសេធ។ លោក បេ ទៀឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ យើងអនុញ្ញាតឲ្យតែមេធាវី និងក្រុមគ្រួសារចុងចោទ [ទៅសួរសុខទុក្ខពួកគេតែប៉ុណ្ណោះ] ពីព្រោះនេះជាបទបញ្ជាផ្ទៃក្នុងរបស់តុលាការ” ។
ទោះយ៉ាងណា លោក សំ សុគង់ មេធាវីការពារអ្នកជាប់ឃុំប្រាំមួយនាក់ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះរួមទាំងលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានមានប្រសាសន៍ថា លោកត្រូវបានអនុញ្ញាតដោយរឹតត្បិតបំផុតឲ្យទៅជួបកូនក្តីរបស់លោក។ លោក សុគង់ បានមានប្រសាសន៍ថា “ ខ្ញុំបានជួបតែលោក វ៉ន ពៅ ប៉ុណ្ណោះ ពីព្រោះប្រធានពន្ធនាគារនិយាយថា គាត់ជាប់ប្រជុំ ប៉ុន្តែខ្ញុំគិតថា នេះជា…កលល្បិចដើម្បីរារាំងយើងមិនឲ្យទៅជួបពួកគេក្នុងពន្ធនាគារ”។
សូម្បីពេលនិយាយជាមួយលោក វ៉ន ពៅ លោក សុគង់ លើកឡើងថា សន្តិសុខពន្ធនា គារទាមទារស្តាប់ការសន្ទនានោះដែរ។លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា នេះជាការរំលោភសិទ្ធិរបស់មេធាវីដែលត្រូវរក្សាការសម្ងាត់ជាមួយកូនក្តីរបស់ខ្លួន”៕សារុន