សមាជិកនៃខុទ្ទកាល័យព្រះបរមរាជវាំងនិងមន្ត្រីសាលារាជធានីភ្នំពេញ មិនបានឆ្លើយសំណួរអំពីសភាពទ្រុឌទ្រោមនៃព្រះមេរុ កន្លែងដែលមានការតុបតែងយ៉ាងល្អប្រណីតសម្រាប់ថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ ឡើយ។ ចាប់តាំងពីថ្ងៃប្រវត្តិសាស្ត្រនោះមក ឥឡូវនេះព្រះមេរុបានធ្លាក់ក្នុងសភាពយ៉ាងរខេករខាក ហើយមានសុទ្ធតែកងសន្តិសុខ ដែលទទួលបន្ទុកការពារកន្លែងនេះ។

មុនពេលថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចឪ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ព្រះមេរុ ត្រូវបានប្រែក្លាយពីសួនសាធារណៈទៅជាកន្លែងដែលមានការហាមឃាត់យ៉ាងតឹងរ៉ឹង ហើយសាធារណជន ត្រូវបានហាមមិនឲ្យចូលទៅកន្លែងនោះឡើយមកទល់នឹងពេលនេះ។
ព្រះមេរុជាកន្លែងដែលព្រះបរមសពសម្តេចឪត្រូវបានថ្វាយព្រះភ្លើង ឥឡូវនេះមានសុទ្ធតែស្មៅ និងកម្ទេចកម្ទីផ្សេងៗ ហើយក៏មានខ្ទមតូចៗ ត្រូវបានសាងសង់នៅកន្លែងបីដាច់ដោយឡែកពីគ្នា ព្រមទាំងមានសម្លៀកបំពាក់រហែករយេរយៃ នៅជាប់នឹងរបងដែលព័ទ្ធជុំវិញព្រះមេរុផងដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាសម្តេចឪ បានមានបន្ទូល កាលពីម្សិលមិញថា សភាពសព្វថ្ងៃនៃកន្លែងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ ដែលជាអតីតសួនសាធារណៈ បានធ្វើឲ្យប្រទេសកម្ពុជាអាប់ឱនកេរ្តិ៍ឈ្មោះ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា “ ភ្ញៀវទេសចររាប់ពាន់នាក់ដើរកាត់កន្លែងនេះរៀងរាល់ថ្ងៃ ហើយខ្ញុំមិនស្រណុកចិត្តទេនិងមានភាពអាម៉ាស់យ៉ាងខ្លាំងដោយសារតែកន្លែងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪនេះ។[សភាពសព្វថ្ងៃនៃកន្លែងថ្វាយព្រះភ្លើងព្រះបរមសព] ប្រហែលជាឆ្លុះបញ្ចាំងឲ្យឃើញពី កង្វះការគោរពចំពោះព្រះមហាក្សត្រ” ។
លោក អ៊ំ តារាវុធ សមាជិកខុទ្ទកាល័យព្រះបរមរាជវាំង បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្ទមតូចៗនៅក្នុងបរិវេណព្រះមេរុ គឺសម្រាប់កងសន្តិសុខព្រះបរមរាជវាំងស្នាក់នៅ ប៉ុន្តែលោក បានបង្វែរសំណួរបន្ថែមទាំងអស់ទៅលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងវិញ។ លោក តារាវុធ បានថ្លែងថា “ លោក គង់ សំអុល គឺអ្នកទទួលខុសត្រូវបញ្ហានេះហើយមានតែគាត់ទេ ដែលអាចបកស្រាយរឿងនេះបាន។ ខ្ញុំមិនដឹងអ្វីឡើយ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីនិងសមាជិកខុទ្ទកាល័យព្រះបរមរាជវាំងមួយចំនួន ក៏បានបង្វែរសំណួរអំពីស្ថានភាពដ៏រខេករខាកនៃព្រះមេរុទៅលោក គង់ សំអុល ផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា កន្លែងថ្វាយព្រះភ្លើង នៅតែជា “ និមិត្តរូប” របស់ព្រះបរមរាជវាំងនិងសម្តេចឪ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា “ ខ្ញុំទទួលបានដំណឹងថា ព្រះបរមរាជវាំងបានឲ្យរក្សាទុក [កន្លែងថ្វាយព្រះភ្លើង] នេះ ព្រោះធ្វើដូច្នេះ ពលរដ្ឋដែលបានឃើញការថ្វាយព្រះភ្លើង តាមតែកញ្ចក់ទូរទស្សន៍នៅតែអាច មកទស្សនាកន្លែងថ្វាយព្រះភ្លើងនេះបាន”។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះនៅតែត្រូវបានបិទ មិនឲ្យសាធារណជនចូលមើលឡើយ។
លោក កែវ នូរ៉ា អាយុ ៣៩ឆ្នាំជាកងសន្តិសុខព្រះបរមរាជវាំង ដែលឈរជើងនៅលើផ្លូវមួយចន្លោះព្រះមេរុ និងព្រះបរមរាជវាំង បានលើកឡើងថា កងសន្តិសុខ ដែលគេបានឃើញលាងម៉ូតូ និងដំដែកគោលជាប់ជញ្ជាំងនៅកន្លែងថ្វាយព្រះភ្លើងនេះ គឺជាអ្នកទទួលខុសត្រូវក្នុងការពារប្រជាពលរដ្ឋចូលទៅក្បែរ។លោកនិយាយថា “ កន្លែងនេះហាក់បីដូចជាកន្លែងសម្រាប់គោរពបូជាព្រះមហាក្សត្រ។ ហេតុដូច្នេះហើយ ទើបយើងដាក់កង សន្តិ សុខនៅខាងក្នុង ដើម្បីការពារកន្លែងនេះ”។លោក បន្ថែមថា មានកងសន្តិសុខចំនួន១០នាក់បានប្រចំាការជាអចិន្ត្រៃយ៍នៅក្នុងបរិវេណព្រះមេរុ៕ ស៊ុយឈាង