ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីយោធាបានលើកឡើងថា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រើកិច្ចប្រជុំប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថជាតិនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ ដើម្បីបញ្ជាក់សាជាថ្មីថា កងកម្លាំងប្រដាប់អាវុធនៅតែប្តេជ្ញាការពាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជម្លោះនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
វិបសាយព័ត៌មាន Cambodia Express News (CEN) របស់កាសែតរស្មីកម្ពុជា បានរាយការណ៍ កាលពីម្សិលមិញថា នៅពេលថ្លែងនៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាតិនៅក្នុងខណ្ឌទួលគោក ឧត្តមសេនីយ៍ ទៀ បាញ់ បានថ្កោលទោសការធ្វើបាតុកម្ម និងការហែក្បួនតាមផ្លូវរបស់គណបក្សសង្គ្រោះជាតិកាលពីខែមុន ដើម្បីទាមទារឲ្យលោក ហ៊ុន សែនចុះចេញពីអំណាច ឬឲ្យបោះឆ្នោតថ្មី។
វិបសាយព័ត៌មាន CEN បានចុះផ្សាយអំពីកិច្ចប្រជុំដែលអនុញ្ញាតឲ្យតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចចូលរួមនេះថា “ លោកឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា គណបក្សប្រឆាំងកំពុងតែព្យាយាមបង្ខំឲ្យអ្នកឈ្នះធ្វើតាមពួកគេ ដែលជាការខុសច្បាប់ និងញុះញង់ឲ្យមានភាពចលាចលនៅក្នុងសង្គមដែលមិនអាចទទួលយកបានឡើយ ហើយលោកបានមានប្រសាសន៍ថា គេមិនអាចអនុញ្ញាតឲ្យគណបក្សប្រឆាំងធ្វើបែបនេះទេ”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិដែលបានចូលរួមកិច្ចប្រជុំរបស់កងរាជអាវុធហត្ថកាលពីថ្ងៃពុធ បានបញ្ជាក់ថា ឧត្តមសេនីយ៍ ទៀ បាញ់ បានរិះគន់ការតវ៉ាអហិង្សារបស់គណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ បានឲ្យដឹងថា “ ឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍ថា គណបក្សប្រឆាំងកំពុងបង្ខំឲ្យគណបក្សឈ្នះឆ្នោតធ្វើតាមពួកគេ ដែលផ្ទុយពីច្បាប់ ហើយពួកគេបានញុះញង់ឲ្យមានភាពចលាចលនៅក្នុងសង្គម”។“ លោកបានមានប្រសាសន៍ថា យើងគឺជាកងកម្លាំងប្រដាប់អាវុធ ដូច្នេះហើយយើងត្រូវតែធ្វើតាមរដ្ឋាភិបាល។ ប្រសិនបើគណបក្សសង្គ្រោះជាតិចង់តវ៉ា ពួកគេអាចតវ៉ានៅក្នុងរដ្ឋសភាបាន”។ លោក ខេង ទីតូ បានមាន ប្រសាសន៍ថា លោកគាំទ្រការអំពាវនាវឲ្យការពាររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិយាយថា បានឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា ។ លោក ខេង ទីតូ បានឲ្យដឹងទៀតថា “តាមពិតបាតុកម្មត្រូវបានញុះញង់ដោយគណបក្សប្រឆាំង ហើយការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងមានបំណងផ្តួលរំលំរដ្ឋាភិបាល។ពួកគេចង់ឲ្យសម្តេច ហ៊ុន សែន លាលែងពីតួនាទី”។
ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់ឧត្តមសេនីយ៍ ទៀ បាញ់ ទេ ប៉ុន្តែ លោកបានមានប្រសាសន៍ថា លោកនឹងការពាររដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំត្រូវតែការពាររដ្ឋធម្មនុញ្ញ”។
កាលពីថ្ងៃទី៣ ខែមករា កងរាជអាវុធហត្ថបានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរដែលធ្វើការតវ៉ាចំនួនប្រាំនាក់ បាញ់ឲ្យរងរបួសជាង៤០នាក់ទៀត និងចាប់ខ្លួនកម្មករ១៣នាក់ដាក់ពន្ធនាគារ ដោយកម្មករជាច្រើននាក់ត្រូវបានវាយដំយ៉ាងឃោរឃៅ និងកំពុងជាប់ឃុំ នៅឯពន្ធនាគារមានសន្តិសុខតឹងរ៉ឹងនៅជិតព្រំដែនវៀតណាម ប៉ុន្តែ ពួកគេមិនទាន់បាននាំទៅជំនុំជម្រះចំពោះបទចោទប្រកាន់មកលើពួកគេទេ។ មួយថ្ងៃមុននោះ គឺនៅថ្ងៃទី២ ខែមករាទាហានឆត្រយោងមកពីកងពលលេខ៩១១បានវាយ និងឃាត់ខ្លួនអ្នកតវ៉ាដែលធ្វើកូដកម្ម១៥នាក់យ៉ាងឃោរឃៅនៅខាងក្រៅរោងចក្រកាត់ដេររបស់ក្រុមហ៊ុនកូរ៉េ ក្នុងទីក្រុងភ្នំពេញ។ ក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួនទាំងនោះ មានព្រះសង្ឃចំនួនប្រាំអង្គ។ ទាហានឆត្រយោងក៏បានវាយអ្នកកាសែតផងដែរ។
បន្ទាប់មកនៅថ្ងៃទី៤ ខែមករា នគរបាលប្រឆំាងបាតុកម្មដែលគាំទ្រដោយកងរាជអាវុធហត្ថ និងក្រុមមនុស្សស្លៀកពាក់ស៊ីវិលរបស់រដ្ឋាភិបាលជាច្រើននាក់ប្រដាប់ដោយដែកបំពង់ទីប និងដំបង បានបំបែកដោយហិង្សាលើការជួបជុំគ្នារបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ ដោយបានវាយព្រះសង្ឃ និងជនស៊ីវិលដែលបានចូលរួមក្នុងការជួបជុំគ្នានោះ។
ឧទ្ធម្ភាគចក្រយោធាដែលទិញពីប្រទេសចិនបីគ្រឿងបានហោះត្រួតពិនិត្យពីលើនៅពេលក្រុមយុវជនស្លៀកពាក់ស៊ីវិលទាំងនោះបណ្តេញមនុស្សចាកចេញពីទីលានប្រជាធិបតេយ្យ។
ក្រោយមករដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានព្យួរសិទ្ធិជួបជុំគ្នាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលអ្នកជំនាញច្បាប់និយាយថា ជាការខុសច្បាប់។ ចាប់តាំងពីនោះមក សន្តិសុខខណ្ឌស្លៀកពាក់ស៊ីវិលបានវាយនិងឃាត់ខ្លួនសកម្មជននៅពេលដែលពួកគេបន្តប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីជួបជុំគ្នាដោយអហិង្សា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា វាមិនត្រឹមត្រូវទេដែលកងកម្លាំងប្រដាប់អាវុធគំរាមការពារគណបក្សនយោបាយពេលមានជម្លោះពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការបោះឆ្នោត។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ រដ្ឋាភិបាលដែលបង្កើតឡើងដោយរដ្ឋសភាខុសច្បាប់នេះគឺជារដ្ឋាភិបាលខុសច្បាប់ហើយកងទ័ពដែលបម្រើឲ្យរដ្ឋាភិបាលខុសច្បាប់ ក៏ខុសច្បាប់ដែរ។ កងកម្លាំងប្រដាប់អាវុធមិនមែនជាកម្មសិទ្ធិរបស់ ទៀ បាញ់ និងគណបក្សប្រជាជនកម្ពុជាទេ ព្រោះកងកម្លាំងប្រដាប់អាវុធទទួលប្រាក់ខែពីកម្លាំងរបស់ប្រជាជន”៕គឹមហឿន