33 C
Phnom Penh

ខុទ្ទ​​​កាល័យ​​​ព្រះ​​​បរមរាជវាំង​​​ឲ្យ​​​ដក​​​ព្រះ​​​នាម​​​​​​របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​ចេញ​​​ពី​​​ឆាក​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​បរមរាជវាំង​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ទាមទារ​​​ឲ្យ​​​​​​ដក​​​ព្រះ​​​នាម​​​​​​របស់​​​ព្រះ​​​មហាក្សត្រ​​​និង​​​សម្ដេច​​​ម៉ែ​​​ចេញពី​​​ឆាក​​​នយោ​​​បាយ​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ​​​ទូទៅ​​​​​​កុំ​​ “កេង​​​ចំណេញ” ​​​ពី​​​ព្រះ​​​នាម​​​របស់​​​ព្រះ​​​អង្គ​​​ដើម្បីប្រយោជន៍​​​​​​នយោបាយ​​​ នេះ​​​បើ​​​យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​រដ្ឋ​​​បាន​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញ​​​។​​​

យោងតាម​​​​​​របាយ​​​ការណ៍មួយ​​​ចុះ​​​ផ្សាយ​​​​​​ដោយ​​​ទីភ្នាក់​​​ងារ​​​​​ព័ត៌មាន​​​  AKP ​ របស់​​​រដ្ឋ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា “លេខាធិការ​​​ដ្ឋាន​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​របស់​​​​​​សម្ដេច​​​ម៉ែ​​​​​​ នរោត្តម​​​ មុនីនាថ សីហនុ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ប្រតិកម្ម​​​ទៅ​​​នឹង​​​​​​ការ​​​ប្រើប្រាស់​​​ព្រះនាម​​​របស់​​​ព្រះ​​​មហាក្សត្រ​​​និង​​​សម្ដេច​​​ម៉ែ​​​ដើម្បី​​​​​​ស្វែង​​រក​​​ដំណោះ​​​ស្រាយ​​​​​​នយោបាយ​​​”។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​ចេញ​​​ដោយ​​​​​​លោក​​​ អ៊ុំ តារាវុធ​​​ ប្រធាន​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​ ហើយ​​​តាម​​​សេចក្ដី​​​រាយការណ៍​​​ថា​​​ ការ​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​ធ្វើ​​​ឡើង​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​ការ​​​អំពាវនាវ​​​ពី​​​សំណាក់​​​ “បញ្ញវន្ត​​​ និង​​​អ្នក​​​នយោបាយ​​​ចូលនិវត្តន៍​​​” ដែល​​​បាន​​​​​​​​​នឹង​​​កំពុង​​​​​​​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​ព្រះ​​​មហាក្សត្រ​​​នរោត្តម​​​ សីហមុនី ឲ្យ​​​អំពាវនាវ​​​ឲ្យ​​​ហៅ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​កំពុង​​​​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ​​​មក​​​ចរចា​​​គ្នា​​​ដើម្បី​​​បញ្ចប់​​​​​​វិវាទ​​​នយោបាយ​​​ដែល​​​​​​​​​បាន​​​ឈាន​​​​​​ចូល​​​ដល់​​​ខែ​​​ទី​​​៦ ហើយ​​​នេះ​​​​​​។

កាលពី​​​ថ្ងៃ​​​ទី​​​៦ ខែ​​​មករា ក្រុម​​​អ្នក​​​វិភាគ​​​នយោបាយ​​​មាន​​​ដូច​​​ជា​​​លោក​​​ ឡៅ ម៉ុង​​​ហៃ លោក​​​ កែម ឡៃ លោក​​​ សុខ ទូច​​​ បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ថ្វាយ​​​ព្រះ​​​មហាក្សត្រ​​​​​​សុំ​​​ឲ្យ​​​ព្រះ​​​អង្គ​​​​​​កោះ​​​ហៅ​​​គណបក្ស​​​នយោបាយ​​​ទាំង​​​នេះ​​​មក​​​​​​ចរចា​​​គ្នា​​​។ អត្ថបទ​​​របស់​​​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​ AKP បាន​​​ធ្វើ​​​សេចក្ដីរាយការណ៍​​​ថា លោក​​​​​​ អ៊ុំ​​​ តារាវុធ​​​ តាង​​​នាម​​​ឲ្យ​​​រាជ​​​វង្សានុវង្ស បាន​​​ច្រាន​​​​​​ចោល​​​​​​ការ​​​ប្រើប្រាស់​​ពាក្យ​​​ថា “បែក​​​បាក់​​​សាមគ្គី​​​ជាតិ” បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​។

យោង​​​តាម​​​​​​លោក​​​ អ៊ុំ តារាវុធ បាន​​​​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​​​​មិន​​​បែក​​​បាក់​​​​​​សាមគ្គី​​​ទេ​​​ គឺ​​​​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​​​​រវាង​​​គណបក្ស​​​នយោ​​​បាយ​​​ធំ​​​ទាំង​​​ពីរ​​​នេះ​​​​ប៉ុណ្ណោះ​​​។
អត្ថបទ​​​របស់​​​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ AKP  មាន​​​ខ្លឹម​​​សារថា​​​​​​ “ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​បាន​​​បោះ​​​ឆ្នោត​​​​​​គាំទ្រ​​​​​​គណបក្ស​​​នយោបាយ​​​ពីរ​​​​​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​រួម​​​គ្នា​​​​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជាតិ​​​ ប៉ុន្តែ​​​​​​បញ្ហា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​​​​គឺ​​​ជា​​​ជម្លោះ​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរទៅវិញ”។

ពេល​​​ទាក់ទង​​​​​​សាកសួរ​​​​​​អំពីសេចក្ដី​​​រាយ​​​ការណ៍​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ អ៊ុំ តារា​​​វុធ​​​ បាន​​​មានប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​រឿង​​​ចាស់​​​” ហើយ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​​​​បន្ថែម​​​ទេ​​។ លោក​​​ អ៊ុំ​​​ តារាវុធ និង​​​អនុ​​​ប្រធាន​​​របស់​​​លោក​​​នៅ​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ផ្ដល់​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ ដែល​​​ត្រូវ​​​បាន​​​ដក​​​ស្រង់​​​នៅ​​​ក្នុង​​​អត្ថ​​​បទ​​​របស់​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ AKP ចុះ​​​ថ្ងៃ​​​ទី​​​២០ ខែ​​​មករា​​​។​​​

ទោះជាយ៉ាង​​​ណា​​​ អំឡុង​​​បទ​​​សម្ភាសតាម​​​វិទ្យុ​​​ កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ អ៊ុំ​​​ តារាវុធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ព្រះ​​​មហាក្សត្រ​​​​​​បាន​​​បំពេញ​​​​​​ព្រះរាជ​​​កិច្ច​​​របស់​​​ព្រះ​​​អង្គ​​​រួច​​​ហើយ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​​​​ស្ថានភាព​​​ជាប់​​​គាំង​​​​​​រវាង​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​កំពុង​​​​​​កាន់​​​អំណាច​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ [គណ​​​បក្ស​​​នយោបាយ​​​] គួរ​​​តែ​​​​​​ជួប​​​ប្រជុំ​​​គ្នា​​​​​​។​​​ ពួក​​​គេ​​​មិន​​​ចាំបាច់​​​មក​​​ព្រះ​​​បរម​​​រាជវាំង​​​ម្ដង​​​ទៀត​​​ ឬ​​​មិន​​​ចាំ​​​បាច់​​​​​​ឲ្យ​​​​​​ព្រះ​​​មហាក្សត្រ​​​កោះ​​​ហៅ​​​ពួក​​​គេ​​​ម្ដង​​​ទៀត​​​ឡើយ​​​”។ លោក​​​បាន​​​​​​បន្ថែម​​​ទៀត​​​​​​ថា ព្រះ​​​មហាក្សត្រ​​​​​​បាន​​​​​​សម្រប​​​សម្រួល​​​​​​ឲ្យ​​​មាន​​​ជំនួប​​​រួច​​​មក​​​ហើយ​​​រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ គឺ​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា នៅ​​​ព្រះបរមរាជវាំង​​​​​​កាលពីថ្ងៃ​​​ទី​​​៥ ខែ​​​កញ្ញា​​​។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “ទុក​​​ឲ្យ​​​ពួក​​​គេ​​​ចរចា​​​គ្នា​​​​​​ទៅ​​​ មាន​​​ន័យ​​​ថា ភាគី​​​ម្ខាង​​​​​​យល់​​​ព្រម​​​​​​​​​ចូល​​​រដ្ឋសភា​​​ហើយ​​​ភាគី​​​ម្ខាង​​​ទៀត​​​​​​យល់​​​ព្រម​​​ធ្វើ​​​កំណែទម្រង់​​​គណៈកម្មាធិការ​​​​​​ជាតិ​​​រៀប​​​​​​ចំ​​​ការ​​​បោះឆ្នោត​​​។ បន្ទាប់​​​មក​​​​​​ចុះ​​​ហត្ថលេខា​​​លើ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ ហើយ​​​ពួក​​​គេ​​​​​​អាច​​​​​​នឹង​​​យាង​​​ព្រះ​​​មហាក្សត្រ​​​​​​ឲ្យ​​​ធ្វើ​​​ជា​​​សាក្សី​​​ និង​​​ជា​​​និមិត្ត​​​រូប​​​”។

ចាប់​​​តាំង​​​​​​ពីព្រះ​​​មហាក្សត្រ​​​​​​បាន​​​​​​យាង​​​​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​​​​កាលពី​​​ខែ​​​កញ្ញា​​​​​​មក​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​បដិសេធ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​​​​ខ្លួន​​​ទេ រហូត​​​ទាល់​​​តែ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​​​​សំណើ​​​ជា​​​ច្រើន​​​​​​ពី​​​គណបក្ស​​​ប្រឆាំង​​​​​​ ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​​​​ពហិការ​​​របស់​​​ពួក​​​គេ​​​​​​​​​ រួម​​​​​​ទាំង​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​​​​​​ការ​​​បោះឆ្នោត​​​​​​កាលពី​​​ខែ​​​កក្កដាផង​​​ និង​​​នៅ​​​ពេល​​​ថ្មីៗ​​​បំផុត​​​នេះ​​​គឺ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​​​​មុន​​​អាណត្តិ​​​។

លោក សឺន ស៊ូបែរ្តិ៍ អតីត​​​សមាជិក​​​​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​ដែល​​​ពេល​​​នេះ​​​​​​ចូល​​​ប្រឡូក​​​​​​យ៉ាង​​​សកម្ម​​​នៅ​​​ក្នុង​​​នយោបាយ​​​​​​របស់​​​បក្ស​​​ប្រឆាំង​​​បាន​​​មានប្រសាសន៍​​​ថា ដោយ​​​​​​មាន​​​​​​ការ​​​បង្ហូរ​​​​​​ឈាម​​​គ្នា​​​​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​បែក​​​បាក់​​​​​​ខាង​​​នយោ​​​បាយ​​​ តាម​​​​​​រដ្ឋធម្មនុញ្ញ​​​ចែង​​​ថា ព្រះ​​មហាក្សត្រ​​​ ​នរោត្តម​​​ សីហមុនី ត្រូវ​​​​​​ចូល​​​រួម​​​ស្ដារ​​​​​​សិទ្ធិ​​​​​​និង​​​ជំនឿ​​​របស់​​​ប្រជាពល​​​រដ្ឋ​​​មក​​​លើ​​​ស្ថាប័ន​​​រដ្ឋ​​​នានា​​​។​​​លោក​បាន​​​មានប្រសាសន៍​​​ថា “ពេល​​​នេះ​​​វិវាទ​​​នេះ​​​​​​បាន​​​ក្លាយ​​​ជា​​​​​​បញ្ហា​​​ជា​​​តិ​​​ទៅ​​​ហើយ​​​។ មាត្រា​​​៨ [នៃ​​​រដ្ឋធម្មនុញ្ញ] ចែង​​​ថា ព្រះ​​​មហា​​​ក្សត្រ​​​គឺ​​​ជា​​​​​​និមិត្ត​​​រូប​​​នៃ​​​ការ​​​​​​ឯកភាព​​​ជាតិ​​​ ហើយ​​​ព្រះ​​​អង្គ​​​គឺ​​​ជា​​​អ្នក​​​ធានា​​​​​​ការពារ​​​សិទ្ធិ​​​សេរី​​​ភាព​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ និង​​​ការ​​​គោរព​​​​​​លើ​​​អនុ​​​សញ្ញា​​​អន្តរជាតិ​​​ទាំង​​​អស់​​​”។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “នៅ​​​ពេល​​​មាន​​​វិបត្តិ​​​ដូច​​​នេះ​​​វា​​​មិន​​​អាច​​​​​​បន្ត​​​ទៅ​​​មុខ​​​​​​បាន​​​ឡើយ​​​ ជាពិសេស​​​នៅ​​​ពេល​​​អ្នកជិត​​​ស្លាប់​​​។ ខ្ញុំ​​​មិន​​​គិត​​​ថា អ្នកគ្រប់គ្នា​​​​​​បាន​​​ប្រើប្រាស់​​​ព្រះ​​​នាម​​​របស់​​​ព្រះអង្គ​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​យើង​​​គ្រាន់​​​តែ​​​អាន​​​រដ្ឋធម្មនុញ្ញ​​​ប៉ុណ្ណោះ​​​ ហើយ​​​នៅ​​​ពេល​​​មាន​​​​​​វិបត្តិ​​​ដូចនេះ​​​ មាន​​​រឿង​​​ [សម្រាប់​​​​​​ព្រះ​​​មហាក្សត្រ​​​ ដែល​​​ត្រូវ​​​ធ្វើ​​​]”។​​​

ព្រះ​​​អង្គម្ចាស់​​​ ធម្មិកោ  អតីត​​​ជំនួយ​​​ការ​​​​​​​​​ព្រះ​​​បរម​​​រតនកោដ្ឋ​សម្ដេច​​​ឪ នរោត្តម​​​ សីហនុ ដែល​​​បាន​​​​​​ឈរ​​​ឈ្មោះ​​​​​​ជា​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា បាន​​​មាន​​​បន្ទូល​​​ថា ព្រះ​​​​​​បរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ​​​នរោ​​​ត្តម សីហនុ បាន​​​បកស្រាយ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ផ្សេង​​​ពី​​​នេះ​​​ ហើយ​​​​​​ព្រះ​​​អង្គ​​​​​​បាន​​​​​​ចាត់​​​ទុក​​​តួនាទី​​​របស់​​​​​​មហា​​​ក្សត្រ​​​ជា​​​អ្នកសម្រប​​​សម្រួល​​​​​​ផ្នែក​​​នយោ​​​បាយ​។ ព្រះ​​​អង្គម្ចាស់​​​បានមាន​​​បន្ទូល​​​ទៀត​​​ថា “សម្ដេច​​​ឪ សីហនុ ធ្លាប់​​​បាន​​​​​​​​​ចូល​​​រួម​​​ពាក់ព័ន្ធ​​​ក្នុង​​​វិវាទ​​​នយោបាយ​​​ ហើយ​​​​​​បាន​​​ព្យាយាម​​​ឲ្យ គណបក្ស​​​នយោ​​​បាយ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​។ វា​​​ជា​​​ការ​​​បក​​​ស្រាយ​​​រដ្ឋធម្មនុញ្ញ​​​​​​ដោយ​​​សម្ដេច​​​ឪ​​​ផ្ទាល់​​​”។ ព្រះ​​​អង្គម្ចាស់​​​បាន​​​មាន​​​បន្ទូល​​​បន្ថែម​​​ទៀត​​​ថា “ទស្សន​​​ [របស់​​​ព្រះ​​​មហាក្សត្រ​​​​​​ សីហមុនី ] ចំពោះ​​​រដ្ឋធម្មនុញ្ញ​​​គឺ​​​ខុស​​​គ្នា។ ព្រះអង្គ​​​ចង់​​​​​​ស្ថិត​​​នៅ​​​ក្រៅ​​​ជម្លោះ​​​។ វា​​​ជា​​​ការ​​​ពិត​​​​​​ដែល​​​​​​ថា ប្រទេស​​​នេះ​​​​​​បាន​​​បែក​​​បាក់​​​ហើយ​​​។ ត្រង់ថា ព្រះ​​​មហាក្សត្រ​​​អាច​​​ជួយ​​​បង្រួប​​​បង្រួម​​​ប្រទេស​​​បាន​​​វិញ​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ខ្ញុំ​​​ មិន​​​ដឹង​​​ទេ​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស