33 C
Phnom Penh

អ្នក​បង្ហោះ​ខ្លែង​មក​ពី​ទូទាំង​ប្រទេស នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​កោះ​ពេជ្រ​ដើម្បី​ចូល​រួម​ពិធី​បង្ហោះ​ខ្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ព្រឹក​ម្សិល​មិញ​ មនុស្ស​មក​ពី​ទូ​ទាំង​ ប្រទេស​កម្ពុជា បាននាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​កោះ​ពេជ្រ​ ដើម្បី​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​ខ្មែរ​ប្រចាំ​ឆ្នាំ​លើក​ទី​១៧​។ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​នេះ​ មាន​អ្នក​បង្ហោះ​ខ្លែង​ចំនួន​៦៦​នាក់​ បាន​ទៅ​ប្រកួត​ប្រជែង​គ្នា​នៅ​ចំពោះ​មុខ​អ្នក​ទស្សនាជាង៥០០នាក់​។

ដោយ​មាន​រង្វាន់​សម្រាប់​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បង្ហោះ​ខ្លែង​ អ្នក​ចូល​រួម​នីមួយៗ​ បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ចៅ​ក្រម​ ដោយ​រចនា​ខ្លែង​របស់​ខ្លួន​ជា​រាង​បក្សី​​ និង​យន្ត​ហោះ​​​ ដែល​​មានចង​បូ​ចម្រុះ​​ពណ៌​ព្រម​ទាំង​មាន​រូប​អង្គរ​វត្ត​ផ្សេង​ៗគ្នា​ផងដែរ​​។

ក្រុម​ចៅ​ក្រម​មកពី​ក្រសួង​វប្ប​ធម៌​ បាន​ឲ្យ​ពិន្ទុ​ទៅ​លើ​ខ្លែង​នីមួយៗ​ តាម​ការហោះ​ហើរ​លើ​អាកាស​ រូប​រាង​ និង​សំឡេង​ ហើយ​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​វិញ​ចាប់​ពី​៥០​ដុល្លារ​ ៧៥​ដុល្លារ​ និង​១០០​ដុល្លារ។​

តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ រឿង​ សារ៉ាត់​ អនុ​ប្រធាន​មន្ទីរ​​ក្រសួង​វប្បធម៌​ និង​ជា​សមា​ជិក​ក្រុម​ចៅ​ក្រម​ បាន​ឲ្យ​ដឹង​ថា ពិធី​បង្ហោះ​ខ្លែង​​នេះ​គឺ​វា​មាន​តម្លៃ​ជាង​ប្រាក់​រង្វាន់​ជា​លុយ​។លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជួយ​រក្សា​បេតិកភណ្ឌ​របស់​ប្រ​ទេស​កម្ពុជា​ ហើយ​ធ្វើ​ឲ្យ​សហ​គមន៍​មាន​ការ​រួប​រួម​គ្នា​”។

​លោក ហុង​ លី​ អាយុ​២៨​ឆ្នាំ​ ដែល​ជា​អ្នក​​ទើប​តែ​ចូល​រួម​ប្រកួត​ប្រជែង​ជា​លើក​ដំបូង​ក៏បាន​យល់​ស្រប​យ៉ាង​ដូច្នេះ​ដែរ​។លោកបាន​និយាយ​ថា​ “ ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​អ្នក​បង្ហោះ​ខ្លែង​ផ្សេងៗ​ទៀត​ ព្រោះ​ខ្ញុំ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា​បាត់​បង់​ប្រវត្តិ​នៃ​ការ​បង្ហោះ​ខ្លែង​របស់​ខ្លួន​ឡើយ​។ ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​ថែរក្សា​បេតិកភណ្ឌ​របស់​ខ្លួន​”។ទោះ​បី​ជា​បាន​ចំណាយ​ពេលអស់​រយៈ​ពេល​​​​​ពីរថ្ងៃ​ ដើម្បី​បង្កើត​ខ្លែង​មានរាង​ដូច​យន្ត​​ហោះ​​​ក៏​ដោយ ​ក៏​លោក លី​​ នៅ​តែ​​មិន​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ឡើយ​។លោក​បាន​មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​មិន​ឈ្នះ​ទេ​ ព្រោះ​ខ្លែ​ង​របស់​ខ្ញុំ​ហោះ​​មិន​បាន​ល្អ​ ហើយ​​​គ្មាន​សម្លេង​”។ ប៉ុន្តែ​លោក​បាន​ពន្យល់​ថា ដោយ​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​៥​ដុល្លារ​សម្រាប់​អ្នក​ចូល​រួម​គ្រប់​គ្នា​ៗ​នោះ​ អ្ន​ក​ចូល​រួម​ដែល​មិន​ទទួល​បាន​ជ័យជម្នះ នៅ​តែ​ចាក​ចេញ​ពី​ការ​ប្រកួត​ក្នុ​ង​នាម​ជា​​អ្នក​ឈ្នះ​។

ជា​អកុសល​អ្នក​ចូល​រួម​ទាំង​អស់​មិន​មែន​​សុទ្ធ​តែ​ពេញ​ចិត្ត​ ចំពោះ​លទ្ធផល​នៃ​ការ​ឲ្យ​ពិន្ទុ​លើ​ការ​បង្ហោះ​​​​ខ្លែង​នេះឡើយ​​។​លោក ក្រុង​ ងួនលី​ អាយុ​៥៨​ឆ្នាំជា​​អ្នក​បង្ហោះ​ខ្លែង​ជើង​ចាស់​ម្នាក់​​ បាន​ចាក​ចេញ​ពី​កន្លែង​ប្រកួត​បង្ហោះខ្លែងដោយ​មិន​ពេញ​ចិត្ត​នឹង​ការ​ឲ្យ​ពិន្ទុ​។លោកបាន​និយាយ​ថា “ តើ​ខ្ញុំ​អាច​ឈ្នះ​បាន​ដោយ​របៀប​ណា​?។ គណៈ​កម្មាធិការ​​នៅ​​ក្រសួង​វប្បធម៌​បាន​និយាយ​ថា ខ្លែង​របស់​ខ្ញុំ​មិន​ល្អ​ទេ​។ គេ​បាន​និយាយ​ថា ខ្លែង​របស់​ខ្ញុំ​ហោះ​មិន​បានល្អ​ និង​គ្មានសំឡេង”​។ លោក ងួនលី​ ដែល​បាន​មកចូល​រួមនៅ​ក្នុង​​ពិធី​បង្ហោះ​ខ្លែង​នេះ​ជា​រៀង​រាល់​ឆ្នាំចាប់​​តាំង​​ពី​ពិធី​ត្រូវ​បាន​បង្កើត​ឡើងមក​​ បាន​និយាយ​​ថា ក្រសួង​វប្ប​ធម៌​បដិសេធ​មិន​ផ្តល់​ជ័យជម្នះ​មក​ឲ្យគាត់​ដោយអ​​យុត្តិធម៌​ ព្រោះ​គាត់​ធ្លាប់​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ពីរ​លើក​រួច​មក​ហើយ​ គឺ​មួយ​លើក​​នៅក្នុង​ឆ្នាំ​២០១១​ និង​មួយ​លើក​ទៀត​នៅ​ឆ្នាំ​២០១២​។ គាត់​បាន​​គំរាម​ថា​ ឆ្នាំ​ក្រោយ​ប្រហែល​ជា​ឆ្នាំ​ចុង​ក្រោយ​​ហើយ​សម្រាប់​ការមក​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​។
លោក​បាន​និយាយ​ថា “ ឆ្នាំ​ក្រោយ​ ប្រសិន​​បើ​ពួក​គេ​ឲ្យ​ពិន្ទុ​ដល់​ខ្ញុំដោយ​អយុ​ត្តិ​ធម៌​ ខ្ញុំនឹង​មិន​មក​ចូល​រួម​ការ​ប្រកួត​នេះ​ម្តង​ទៀត​ទេ” ៕
 ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស