27 C
Phnom Penh

អាដហុក​បង្ហាញថា ករណី​រំលោភ​​​ថយ​ចុះ ប៉ុន្តែ​ករណី​រំលោភ​កុមារ​​កើន​ឡើង​ច្រើន​ក្នុង​ឆ្នាំ​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តួលេខ​ករណី​រំលោភ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​កត់​ត្រា​ គឺ​បាន​ធ្លាក់​ចុះ​ប្រហែល​២៤​ភាគរយ​ក្នុង​ឆ្នាំ​២០​១៣ បើ​​ធៀប​​​​​នឹង​ឆ្នាំ២០១២​ ប៉ុន្តែ​ករណី​រំលោភ​កុមារ​និង​អនីតិជន​បាន​​បន្ត​​កើន​ឡើង​ច្រើន​។

នគរ​បាល​បាន​លើក​ឡើង​ថា តួលេខ​ប្រចាំ​​​​ឆ្នាំ​​ត្រូវ​បាន​​ចេញ​ផ្សាយ​ បន្ទាប់​ពី​​សា​លា​​ដំបូង​ខេត្ត​កណ្ដាល​កាល​ពីម្សិល​មិញ​​​បាន​ចោទ​​​​​​​ប្រកាន់​បុរស​​​អាយុ​២៤​ឆ្នាំ​ម្នាក់​​​ជា​ជាង​ជួស​ជុល​ម៉ូតូ ពីបទ​ចាប់​រំលោភ​ក្មេង​​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​អង្គារ​ នៅ​​ក្នុង​ស្រុក​​ស្អាង​។

លោក​ស្រី ជួន​ ចំរុង ប្រធាន​​ផ្នែក​ស្ត្រី​នៅ​​​​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​មាន​ប្រសាសន៍​ថា  អង្គការ​អាដហុក​​ទទួលបាន​​​ករណី​រំលោភ​ សរុប​ចំនួន​២៤២​ករណី​​ក្នុង​ខេត្ត​ក្រុង​​​ចំនួន​២៣​ កាល​ពី​ឆ្នាំមុន​ រួមទាំង​​ករណី​រំលោភ​​​ហើយ​សម្លាប់​ប្រាំបី​ករណី​ផង។ ក្នុង​ករណី​រំលោភ​ចំនួន​១៧៧​ករណី​​​ ​​​​​​​​ជន​រង​គ្រោះ​​​សុទ្ធ​តែ​ជា​កុមារទាំង​អស់​។​

ក្នុង​ឆ្នាំ២០១២ អង្គការ​អាដហុក​ទទួល​​បាន​​ករណី​រំលោភ​ចំនួន​៣១២​ករណី​ ក្នុង​នោះ​មាន​​ករណី​រំលោភ​កុមារ​២១៤​ករណី​​។លោក​ស្រី ចំរុង​បានមានប្រសាសន៍​ថា វា​ទំនង​ជា​មាន​​ច្រើន​ករណី​​ដែល​អង្គ​ការ​អាដ​ហុក​មិន​ទទួល​បាន​​។លោក​ស្រី​​បន្ថែម​ថា “ ដោយ​សារ​អង្គការ​អាដហុក​​បំពេញ​ការ​ងារ​បាន​​តិចតួច​​នៅ​ក្នុង​ឆ្នាំ​២០១៣ ដូច្នេះ​យើង​មិន​អាច​និយាយ​ថា តួលេខ​នេះ​ធ្លាក់​ចុះពិត​ប្រាកដ​ ឬក៏​ប្រហាក់​ប្រហែល​​ឆ្នាំ​មុន​បាន​​ឡើយ​​”។

លោក​ សៅ សេនី អ្នកឃ្លាំ​មើល​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​កុមារ​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកា​ដូ​បាន​មានប្រសាសន៍​ថា  លោក​​ទទួល​បាន​​ករណី​​រំលោភ​កុមា​រ​ចំនួន​១៧២​ករណី​​នៅ​ ក្នុង​​ខេត្តក្រុង​​ចំនួន​១៤ កាល​ពី​ឆ្នាំ​មុន​ ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំ​មើល​​។ក្នុង​ចំណោម​ករណី​ទាំង​នេះ​ បួន​ករណី​​​ជា​ការ​រំលោភ​បូក​និង​ពីរ​ករណី​ជាការ​រំលោភ​​ហើយ​សម្លាប់​។

លោក​ស្រី មូរ សុខហួរ​ សមាជិក​សភា​គណ​​​​​​​​​​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​​​​​​​កិច្ចការ​នារី​ ជា​តំណាង​រាស្ត្រ​​មណ្ឌល​បាត់​ដំបង​ ជាខេត្ត​ដែល​​អង្គការ​អាដហុក​​ទទួល​បាន​​ករណីរំលោភ​កុមារ​ចំនួន​៣១​ករណី​ កាល​​​​​​ពី​ឆ្នាំ​មុន ជា​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នោះ​បាន​​​មាន​ប្រសាសន៍ង​ថា ការ​លុបបំបាត់​​ករណី​រំលោភកុមារ​ត្រូវ​តែ​ជា​អាទិភាព​របស់​រដ្ឋា​ភិបាល​។លោក​ស្រី​បាន​មានប្រសាសន៍​ថា “ យើង​ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំង​ក្លា​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​លើ​កុមា​រ​”។លោក​ស្រីបាន​មានប្រសាសន៍​បន្ថែម​ថា “តែង​តែ​មានការ​ចោទសួរ​ពី​​វប្បធម៌​និទណ្ឌ​​​ភាព​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ​ព្រម​ទាំង​យុត្តិ​ធម៌​​​នៅក្នុង​សង្គម​។​ ចាំបាច់​​ត្រូវ​ធ្វើ​ការ​អប់​រំ​ឲ្យ​បាន​ច្រើន​ស្ដី​ពី​សិទ្ធិ​និង​កា​រការពារ​កុមារ​ ហើយ​ការ​អប់​រំ​នេះ​ត្រូវ​​ការ​​ថវិកា​ជាតិ​​”។

នៅ​ក្នុង​ខេត្ត​កណ្ដាល​ឯណោះវិញ​ ជន​រង គ្រោះ​ពី​ការ​រំលោភ​ក្មេង​បំផុត​កំពុង​សម្រាក​​​ ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ គឺកើត​​ឡើង​បី​សប្ដាហ៍​​ បន្ទាប់​​​ពី​​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​បាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​នៅ​ក្នុង​ករណី​​​ដាច់​ដោយ​ឡែកពីគ្នា​​ក្នុង​ខេត្ត​តែ​មួយ​។

លោក​ ម៉េង​ សុខណែន​ មន្ត្រី​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មានប្រសាសន៍​ថា ហាវ ពិសិដ្ឋ​ អាយុ​២១​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ឃុំ​​​ស្វាយ​ប្រទាល​ពីបទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​។លោក​ សុខណែន បាន​មាន​ប្រសា​សន៍​ថា  “ នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​បន្ទាប់ពី​ឪពុ​ក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃ​អង្គារ​”។ក្មេងស្រី​រងគ្រោះ​​បាន​​លេង​ជាមួយ​មិត្ត​ភក្តិ​របស់​នាង​ដែល​ត្រូវ​ជា​ក្មួយ​ស្រី​របស់​ជន​ល្មើស​។ នាង​ត្រូវ​ជន​ល្មើស​ចាប់​អូស​​ដៃ​ចូល​ក្នុង​បន្ទប់​បិទ​ទ្វារ​​រំលោភ​​តែ​ម្តង​។​នៅ​ពេល​នគរ​បាល​សាកសួរ ជន​ល្មើស​បាន​​សារភាព​​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​នាង​មែន ហើយ​​ត្រូវ​បាន​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​៕សារុន

(រាយ​ការណ៍​បន្ថែម​ដោយ Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស