27 C
Phnom Penh

ដី​ចំនួន​ប្រាំ​កន្លែង​បន្ថែម​ទៀត​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​វាស់​វែង​ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​លោក ឃួង ស្រេង​ អភិ​បាល​រង​​រាជ​ធានី​ភ្នំ​ពេញ បាន​ត្រួត​ពិនិត្យ​ការ​វាស់​វែង​ដី​ធ្លី​ចំនួន​ប្រាំ​កន្លែង​បន្ថែម​ទៀត​ នៅ​តំបន់​បឹង​កក់​ ជា​ទី​ដែល​អ្នក​ភូមិ​ចំនួន​៤៨​គ្រួសារ​នៅ​តែ​ប្រឆាំង​តវ៉ា​ ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ផ្លូវ​ការ​។

អ្នក​ភូមិចំនួន​ ៣.០០០​គ្រួសារ​ ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​តំបន់​បឹង​កក់​នេះ​ ចាប់​តាំងពី​សាលា​រាជ​ធានី​បាន​ជួល​តំបន់នេះ​ទៅ​ឲ្យ​លោក ឡៅ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ឆ្នាំ​២០០៧​ សម្រាប់​គម្រោង​អចលន​ទ្រព្យ​ដ៏​ទំនើប​របស់​លោក​។

អ្នក​ភូមិ​ជិត​៧០០​គ្រួសារ​ដែល​ប្រឆាំង​តវ៉ា​នឹង​ការ​បណ្តេញ​ចេញ​ ត្រូវ​បាន​ផ្តល់​ប័ណ្ណ​កម្ម​​សិទ្ធិ​ដី​ធ្លី​ពេល​ក្រោយ​មក​ ប៉ុន្តែ​នៅ​មាន​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ នៅ​តែ​ប្រឆាំង​តវ៉ា​ ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ផ្ទាល់​ខ្លួន​។ ការ​ទទួល​បាន​ការ​វាស់​វែង​ដីធ្លី​ពី​សាលា​រាជ​ធានី​ គឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​យ៉ាង​សំខាន់​។

លោក​ ឃួង ស្រេង​ បាន​មាន​ប្រសាសន៍​នៅ​ពេល​ក្រោយ​ថា “ ថ្ងៃ​នេះ​យើង​វាស់​វែង​ដី​ធ្លី​សម្រាប់​អ្នក​ភូមិ​មក​ពី​សហគមន៍​បឹង​កក់​ចំនួន​ប្រាំ​គ្រួសារ​ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​អ្នក​ភូមិ​​ដែល​នៅ​សេសសល់​ផ្សេង​ទៀត​”។លោក​បាន​បន្ថែម​ ដោយ​សំដៅ​ទៅ​លើ​ការ​​​​​តវ៉ា​កំពុង​តែ​បន្ត​ ដែល​សមាជិក​អ្នក​ភូមិ​មក​ពី​សហគមន៍​បឹង​កក់​ បាន​រៀប​ចំ​ឡើង​ដើម្បី​ទាមទារ​ប័ណ្ណកម្មសិទ្ធិដី​ធ្លី​ សម្រាប់​គ្រួសារ​ដែល​​នៅ​​​សេស​សល់​ថា “ អ្នក​ដែល​មិនមាន​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​ចាំបាច់​ត្រូវ​តែ​មក​ជួប​ពិភាក្សា​គ្នា​នៅ​តុ​ចរចា​ ជាជាង​ការ​ទៅ​ហែ​ក្បួន​​ធ្វើ​បាតុ​កម្ម​តាម​​ផ្លូវ​”។

ក្រុម​ការងារ​សា​លា​រាជ​ធានី​ ដែល​បាន​វាស់​វែង​ដី​ធ្លី​ឲ្យក្រុម​​គ្រួសារ​អ្នក​ភូមិ​មក​ពី​សហ​គមន៍​បឹង​កក់​ នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ ប៉ុន្តែ​​​​បាន​បំពេញ​ការ​ងារ​របស់​ខ្លួន​តែ​ម្តង​ម្កាល​​ប៉ុណ្ណោះ​។ការ​វាស់​វែង​ដី​ធ្លី​ កាល​ពី​ម្សិលមិញ​ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ការ​ហែ​ក្បួន​ធ្វើ​បាតុកម្ម​ ដែល​មាន​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​មក​ពី​សហគមន៍​បឹង​កក់​​ បាន​ចូល​រួម​ដើម្បី​ដាក់​ជូន​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​មួយ​ចំនួន​ ក្នុង​គោល​បំណង​ស្នើ​ឲ្យ​ស្ថានទូត​ទាំង​នោះ​ជួយ​និយាយ​ជាមួយ​រដ្ឋាភិបាល​ ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​​២៣​នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ដើម​ខែ​នេះ​ និងដើម្បី​​ទាម​ទារ​ឲ្យ​រដ្ឋា​ភិ​បាល​​​ឈប់​ប្រើ​អំពើ​ហិង្សា។

លោក ​សៀ​ ភារម្យ​ នាយក​ប្រតិបត្តិ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​លើក​ឡើង​ថា លោក​ សង្ស័យ​ចំពោះ​ការវាស់​វែង​ដី​ធ្លី​ កាល​ពី​ម្សិល​មិញ​ថា ប្រហែល​ជា​ការ​ប្រើ​ល្បិច​របស់​សាលា​រាជ​ធានី​ ដើម្បី​ទាក់​ទាញ​សកម្មជន​មក​ពី​សហគមន៍​បឹង​កក់​ឲ្យ​ចេញ​ឆ្ងាយ​​ពី​ការ​ហែ​ក្បួន​ ដែល​ពួក​គាត់​បាន​បោះ​បង់​ចោល​នៅ​ពេល​ទទួល​ដំណឹង​ពី​អ្នក​ជិត​ខាង​ថា ក្រុម​ចុះ​ស្ទង់​មតិ​កំពុង​តែ​ធ្វើ​ការ​ងារ​​វាស់​វែង​​របស់​ខ្លួន​។លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺជា​វិធីសាស្ត្រ​សាមញ្ញ​របស់​អាជ្ញាធរ​ ដើម្បី​ធ្វើ​ឲ្យ​ការ​តវ៉ា​រួម​តូច​”។

អ្នក​ស្រី​ ង៉ែត​ ឃុន​ សកម្ម​ជន​ម្នាក់​ក្នុង​ចំណោម​សកម្ម​ជន​ដែល​បាន​ចាក​ចេញ​ពី​ការ​ហែក្បួន​ ហើយ​បាន​ទៅ​តំបន់​របស់​ខ្លួន​បន្ទាប់​ពី​ក្រុម​ចុះ​ស្ទង់​មតិ​ចាកចេញ​ទៅ​វិញ​ ក៏​មាន​ការ​សង្ស័យ​ចំពោះ​សាលា​រាជ​ធានី​ដែល​ព្យាយាម​​ផ្តល់​ដី​ចំនួន​ប្រាំ​កន្លែង​ទៅ​ឲ្យ​អ្នក​ក្រៅ​ ​ដែល​មិន​មែន​ជា​សមាជិក​សហ​គមន៍​ផងដែរ​ ខណៈ​​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ក្បែរ​នោះគ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​នរណា​ដែល​ពួក​គេ​កំពុង​តែ​វាស់​វែង​ដី​ធ្លី​ឲ្យ​នោះ​ឡើយ​។ អ្នក​ស្រី​ ង៉ែត ឃុន បានមាន​ប្រសាសន៍​ថា “ នគរបាល​បាន​វាយ​ខ្ញុំ​ ពួក​គេ​បាន​ចាប់​ខ្ញុំ​ដាក់​មន្ទីរ​ឃុំ​ឃាំង​ ពួក​គេ​បាន​ឆក់​ខ្ញុំ​រហូត​ដល់​សន្លប់​ ហើយ​ពួ​ក​គេ​ក៏​បាន​យក​ចំពាម​បាញ់​ខ្ញុំ​ដែរ​។ ខ្ញុំ​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឡើយ​ពេល​នេះ​”៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស