38.8 C
Phnom Penh

អ្នក​​​ចាក់បញ្ចាំង​​​​​​ភាព​​​យន្ត​​ឯកសារ​​​ស្ដីពី​​​លោក​​​​ ជា វិជ្ជា ប្រឈម​​​កា​​​រ​​​និរទេស​​​​​​និ​​​ងការ​​​ជាប់​​​ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ចាក់​​​បញ្ចាំង​​​​​​ជា​​​​​​សាធារណៈ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​នូវ​​​ខ្សែ​​​ភាព​​​យន្ត​​​​​​ឯកសារ​​​ហាម​​​ឃាត់​​​មួយ​​​​​​ ដែល​​​​​​​​​បង្ហាញ​​​ថា រដ្ឋាភិបាល​​​​​​ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ ជា វិជ្ជា មេដឹកនាំ​​​សហ​​​ជីព​​​ដ៏​​​ល្បីឈ្មោះ​​​កាលពី​​​ឆ្នាំ​​​២០០៤ ត្រូវ​​​​​​ប្ដូរ​​​ទីកន្លែង​​​​​​ ដោយ​​​សារ​លោក​​​​​​ នីកូឡូស មេស្ទើ​​​ហាម​​​ (Nicolaus Mesterharm) នាយក​​​របស់​​​ Meta House ដែល​​​ជា​​​អ្នក​​​ជួល​​​ទីតាំង​​​ចាស់ឲ្យ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចាក់​​​បញ្ចាំង​​​​​​។

ជម្លោះ​​​ជុំវិញ​​​ការ​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​​​​ឯកសារ​​​ដែល​​​ទទួល​​​បាន​​​ពាន​​រង្វាន់​​​ និង​​​​​​ដែល​​​ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​យ៉ាង​​​ខ្លាំង​​​នេះ​​​​​​កើត​​​មាន​​​​​​ចំពេល​​​​​​​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​​​គំរាម​​​កាលពីម្សិលមិញ​​​ថា អ្នក​​​ដែល​​​​​​​​​ព្យាយាម​​​ចាក់​​​​​​បញ្ចាំង​​​​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​នឹង​​​ប្រឈម​​​​​​ការ​​​និរទេស​​​ភ្លាមៗ​​​​​​សម្រាប់​​​ជន​​​បរទេស​​​ ហើយ​​​​​​បើ​​​ប្រជាជន​​​ខ្មែរ​​​​​​វិញ​​​ប្រឈម​​​​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​​​​។

លោក ផៃ ស៊ីផាន​​​ អ្នកនាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​អ្នក​​​ឯង​​​​​​បំពាន​​​​​​បម្រាមនេះ​​​ យើង​​​នឹង​​​​​​បណ្ដេញ​​​អ្នក​​​ឯង​​​​​​ចេញ​​​។​​​ ប្រសិន​​​បើ​​​អ្នក​​​​​​ឯង​​​ជា​​​ខ្មែរ​​​យើង​​​​​​នឹង​​​​​​បញ្ជូន​​​អ្នក​​​ឯង​​​ចូល​​​ពន្ធនាគារ​​​”។

មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​​​​មាន​​​គម្រោង​​​​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាពយន្ត​​​ឯកសារ​​​ដែល​​​​​​មាន​​​ចំណង​​​ជើង​​​ថា “តើ​​​នរណា​​​សម្លាប់​​​ជា វិជ្ជា?” នៅ​​​ការិយាល័យ​​​​​​ Sithi Hub ជា​​​កន្លែង​​​ជួប​​​ជុំ​​​សម្រាប់​​​​​​អ្នក​​​សរសេរ​​​ព័ត៌មាន​​​​​​បង្ហោះ​​​តាម​​​អ៊ីនធើណិត​​​​​​និង​​​សកម្មជន​​​។ Sithi Hub មាន​​​ទីតំាង​​​ស្ថិត​​​ក្នុង​​​ផ្ទះ​​​វីឡា​​​មួយ​​​ដែ​​​​​​លពីមុន​​​​​​ជា​​​ទីតាំង​​​​​​ Meta House ជា​​​មជ្ឈ​​​មណ្ឌល​​​សិល្បៈ​​​​​​និង​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ដែល​​​ផ្ដោត​​​លើ​​​​​​ការ​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាពយន្ត​​​ និង​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​ផលិត​​​ឡើង​​​​​​ដោយ​​​​​​លោក​​​ នីកូឡូស មេ​​​ស្ទើ​​​ហាម​​​ ផលិត​​​ករ​​​ភាព​​​យន្ត​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ដែល​​​​​​ជួល​​​អគារ​​​នេះ​​​​​​ឲ្យ​​​ទៅ​​​ Sithi Hub ។

កញ្ញា សន រ៉ាម៉ាណា អ្នកសម្រប​​​សម្រួល​​​គម្រោង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​​​​របស់​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​​​​លោក​​​​​​ នីកូ​​​ឡូស មេស្ទើហាម បាន​​​ដឹង​​​ពី​​​គម្រោង​​​ចាក់​​​បញ្ចាំង​​​​​​ខ្សែ​​​ភាពយន្ត​​​ ជា វិជ្ជា លោក​​​បាន​​​បដិ​​​សេធ​​​មិន​​​ឲ្យ​​​ចាក់​​​បញ្ចាំង​​​ទេ​​​។ កញ្ញា​​​​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​បាន​​​ផ្លាស់​​​ប្ដូរ​​​ទីតាំង​​​​​​ដោយ​​​សារ​​​តែ​​​យើង​​​មាន​​​បញ្ហា​​​ខ្លះ​​​​​​ជាមួយ​​​នឹង​​​ទីតាំ​​​ង​​​នៅ Sithi Hub”។ កញ្ញា​​​បាន​​​បន្ត​​​ថា “បញ្ហា” ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចាក់​​​បញ្ចាំង​​​នេះ​​​​​​គឺ​​​​​​បង្ក​​​ឡើ​​​ង​​​ដោយ​​​លោក​​​  នីកូឡូស  មេស្ទើ​​​ហាម។

គាត់​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “[កិច្ច​​​សន្យា​​​ជួល​​] គួរ​​​តែ​​​​​​បង្ហាញ​​​​​​ច្បាស់​​​ហើយ​​​​​​មុន​​​ពេល​​​ជួល​​​ផ្ទះ​​​នេះ​​​។​​​ កិច្ច​​​សន្យារបស់​​​​​​យើង​​​គ្រាន់​​​តែ​​​លើក​​​ឡើ​​​ងថា យើង​​​អាច​​​ប្រើប្រាស់​​​​​​ទីធ្លា​​​របស់​​​​​​ Sithi Hub បាន​​​មិន​​​មែន​​​សម្រាប់​​​ការ​​​ចាក់​​​បញ្ចាំង​​​ជា​​​សធារណៈ​​​ទេ​​​”។

លោក​​​​​​ នីកូឡូស មេស្ទើហាម បាន​​​ប្រាប់​​​មជ្ឈមណ្ឌល​​​អប់​​​រំច្បាប់​​​សម្រាប់​​​សហគមន៍​​តាម​​​​​​អ៊ីម៉េល​​​​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​​​​នៅ​​​ Sithi Hub បាន​​​ទេ​​​​​​​​។​​​ លោក​​​ នីកូឡូស មេស្ទើហាម​​​ បាន​​​​​​សរសេរ​​​ថា “ខ្ញុំសូម​​​ជម្រាប​​​​​​អ្នក​​​ថា នេះ​​​ [ការ​​​​​​ចាក់​​​​​​បញ្ចាំង​​​] នឹង​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ ដោយ​​​សារ​​​តែ​​​បម្រាម​​​​​​នា​​​ពេល​​​បច្ចុប្បន្ន​​​” ដែល​​​រដ្ឋា​​​ភិបាល​​​​​​ហាម​​​មិន​​​ឲ្យ​​​​​​ចាក់បញ្ចាំង​​​​​​ខ្សែភាព​​​យន្ត​​​នេះ​​​។​​​លោក​​​​​​បាន​​​និយាយ​​​ការពារ​​​ការ​​​សម្រេច​​​​​​ចិត្ត​​​របស់​​​លោក​​​​​​​​​ដោយ​​​លើក​​​ឡើង​​​ថា រដ្ឋាភិ​​​បាល​​​ជា​​​អ្នក​​​ហាម​​​ប្រាម​​​​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​ មិន​​​មែន​​​រូប​​​លោក​​​នោះ​​​ទេ​​​។លោក​​​បាន​​​សរសេរ​​​ថា​​​ “វា​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​ពីព្រោះ​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​​​​ជា​​​ខ្សែ​​​ភាព​​​យន្ត​​​ហាម​​​ឃាត់​​​​​​។ ខ្ញុំ​​​បាន​​​ត្រឹម​​​តែ​​​ធ្វើ​​​ឲ្យ​​​គាត់​​​ [ផលិតករ​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​ ឈ្មោះ រិច​​​ ហ្គា​​​រ៉េឡា] ដឹង​​​ថា វា​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​”។

​​​​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​គ្រោង​​​នឹង​​​ចាក់​​​ផ្សាយ​​​ជា​​​ភសា​​​ខ្មែរ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ នៅទីស្នាក់​​​​​​ការ​​​របស់​​​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​​​​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​នៅ ម៉ោង​​​​​​៥​​​ល្ងាច​​​​​​​​​ ហើយ​​​នឹង​​​ចាក់​​​ផ្សាយ​​​ម្ដង​​​​​​ទៀត​​​ជា​​​ភាសា​​​អង់គ្លេស​​​នៅ​​​ម៉ោង​​​៧យប់​​​។

លោក​​​ ប្រ៊ែដលី​​​​​​ ខក់​ (Bradley Cox) ជា​​​អ្នក​​​ដឹកនាំ​​​ថត​​​ខ្សែ​​​ភាពយន្ត​​​នេះ​​​បាន​​​មានប្រសា​​​សន៍​​​ថា កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ រដ្ឋាភិបាល​​​បាន​​​ប្រើប្រាស់​​​លេស​​​ជា​​​ច្រើន​​​ ដើម្បីរារាំង​​​មិន​​​ឲ្យ​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​ស៊ើប​​​អង្កេត​​​​​​របស់​​​លោក​​​លើ​​​​​​ការ​​​ធ្វើ​​​ឃាត់​​​លោក​​​  ជា វិជា្ជ  ដែល​​​ត្រូវ​​​បាន​​​ឃាតករ​​​បាញ់​​​សម្លាប់​​​កាល​​​ពី​​​១០​​​ឆ្នាំ​​​មុន​​​។​​​​​
លោក​​​បាន​​​មានប្រសាសន៍​​​ពី​​​ទីក្រុង​​​បាង​​​កក ប្រទេស​​​ថៃ​​​ថា “រដ្ឋាភិបាល​​​បាន​​​​​​ប្រើ​​​លេស​​​ជា​​​ច្រើន​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​​​​ជា​​​ឧទា​​​ហរណ៍​​​ថា យើង​​​គ្មាន​​​ច្បាប់​​​អនុញ្ញាត​​​ត្រឹម​​​ត្រូវ​​​​​​ ឬ​​​គ្មាន​​​អាជ្ញាប័ណ្ណនាំចូល​​​…។​​​ មាន​​​ហេតុផល​​​ជា​​​ច្រើន​​​​​​​​​ ដែល​​​​​​​​​មិន​​​អាច​​​ចាក់​​​បញ្ចាំង​​​វាបាន​​​ ប៉ុន្តែ​​​វា​​​ហាក់​​​ដូច​​​ជា​​ អនុវត្តតែ​​​លើ​​​ភាព​​​យន្ត​​​របស់​​​យើង​​​​​​ប៉ុណ្ណោះ​​​ រីឯ​​​ភាព​​​យន្តផ្សេងទៀត​​​គឺ​​​អត់​​​ទេ”។

លោក​​​ ផៃ ស៊ីផាន​​​ បាន​​​បញ្ជាក់​​​ថា ខ្សែ​​​ភាព​​​យន្ត​​​​​​ឯក​​​សារ​​​ដែល​​​ត្រូវ​​​បាន​​​ចាក់​​​បញ្ចាំង​​​​​​លើក​​​​​​ដំបូង​​​កាលពី​​​ឆ្នាំ​​​២០០៧​​​នេះ​​​ ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​នៅ​​​ឡើយ​​​។​​​ លោក​​​មានប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​ព្រួយ​​​បារម្ភ​​​​​​ថា ភាព​​​យន្ត​​​​​​ដែល​​​គេ​​​​​​អាច​​​បើក​​​មើល​​​បាន​​​យ៉ាង​​​ទូលំទូលាយ​​​នៅ​​​​​​ក្នុង​​​គេហទំព័រ​​​យូធូប​​​នេះ​​​ នឹង​​​មាន​​​ឥទ្ធិពល​​​លើ​​​​​​​​​ទស្សន​​​របស់​​​សាធារ​​​ណជន​​​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស