កាលពីម្សិលមិញ តំណាងក្រុមអង្គការសង្គមស៊ីវិល បានហែក្បួនទៅកាន់ស្ថានទូតចំនួនប្រាំពីរក្នុងរាជធានីភ្នំពេញ ដែលនេះជាថ្ងៃទី៣ របស់ពួកគេក្នុងការធ្វើញត្តិជំរុញឲ្យមានការដោះលែងសកម្មជន និងកម្មកររោងចក្រកាត់ដេរដែលត្រូវបានធ្វើកូដកម្មសរុប២៣នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ដាក់ពន្ធនាគារកាលពីដើមខែនេះ ក្រោយពេលដែលពួកគេបានចូលរួមក្នុងបាតុកម្មទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។

ការហែក្បួនកាលពីម្សិលមិញ បានចាប់ផ្តើមដោយមានអ្នកចូលរួមប្រហែល៤០នាក់ ហើយក្រោយមកទៀតបានកើនឡើងដល់ប្រហែល១០០នាក់ដោយមានការចូលរួមពីសំណាក់តំណាងសង្គមស៊ីវិល។
លោក ណៃ វ៉ាន់ដា អនុប្រធានផ្នែកត្រួតពិនិត្យសិទ្ធិមនុស្សនៅសមាគមសិទ្ធិមនុស្ស អាដហុក ដែលបានជួយរៀបចំផ្ញើញត្តិនេះបានមានប្រសាសន៍ថា “ យើងបានណែនាំឲ្យប្រជាជនកុំឲ្យប្រើសកម្មភាព ឬក៏ពាក្យពេចន៍ប្រមាថ ដែលប៉ះពាល់អារម្មណ៍របស់ប្រជាជន”។ លោកបានបន្តថា “ យើងគ្រាន់តែប្រើពាក្យអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ពន្ធនាគារ”។
ការហែក្បួនកាលពីម្សិលមិញ ត្រូវបានដឹកនាំដោយលោកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិអង្គការបណ្តុះបណ្តាល សីលកា និងលោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍សម្រាប់កម្ពុជា។
ក្រុមអ្នកហែក្បួនបានយកញត្តិដែលមានចំណាររបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៨១ ដើម្បីអំពាវនាវឲ្យស្ថានទូតបរទេសជំរុញឲ្យមានការដោះលែងអ្នកជាប់ពន្ធនាគារទាំង២៣នាក់នោះ។
ញត្តិនោះមានខ្លឹមសារថា “ ការចាប់ខ្លួនពួកគេមិនស្របតាមច្បាប់ និងបទបញ្ញតិនានារបស់ប្រទេសកម្ពុជា និងត្រូវបានធ្វើឡើងដោយកម្លាំងប្រដាប់អាវុធដែលមានភាពកាចសាហាវខ្លាំង”។ញត្តិដដែលនេះមានខ្លឹមសារបន្តទៀតថា “ មនុស្សមួយចំនួនត្រូវបានវាយដំយ៉ាងអាក្រក់ និងទុកមិនឲ្យទទួលបានការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ ហើយនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ ខ្លឹមសារនៅក្នុងញត្តិនេះបានបន្តទៀតថា “ ការដោះលែងពួកគេចេញពីពន្ធនាគារដោយមិនមានលក្ខខណ្ឌ ឥឡូវនេះជារឿងបន្ទាន់ទាក់ទងនឹងក្តីកង្វល់អំពីស្ថានភាពមនុស្សធម៌អន្តរជាតិ។ ឥឡូវនេះយើងជំរុញឲ្យអ្នកបង្ហាញក្តីបារម្ភរបស់អ្នកអំពីបញ្ហានេះ ដល់រាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើអ្នកមិនទាន់បានធ្វើបែបនេះនៅឡើយ”។
បើទោះបីជាមានបម្រាមមិនឲ្យតវ៉ាជាសាធារណៈក៏ដោយ អាជ្ញាធររាជធានីមិនបានបញ្ឈប់សកម្មភាពហែក្បួនកាលពីម្សិលមិញទេ។ នគរបាលចរាចរបានធ្វើដំណើរនៅខាងមុខក្រុមអ្នកតវ៉ា ដើម្បីនំាពួកគេឆ្លងកាត់ផ្លូវខ្វែង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការហែក្បួននេះត្រូវបានអនុញ្ញាតឲ្យដំណើរការទៅមុខ ដោយសារតែ “ ពួកគេមិនបានធ្វើឲ្យមានបញ្ហាដល់សណ្តាប់ធ្នាប់សាធារណៈទេ”។
ដោយចាប់ផ្តើមនៅម៉ោង៨និង៣០នាទីព្រឹក និងបញ្ចប់នៅម៉ោងប្រហែល១១ព្រឹក តំណាងអង្គការក្រៅរដ្ឋាភិបាលទាំងនេះបានយកញត្តិទៅឲ្យស្ថានទូតអាល្លឺម៉ង់ ស្វ៊ីស កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី ថៃ និងស្ថានទូតម៉ាឡេស៊ី។
នៅថ្ងៃស្អែក តំណាងអង្គការក្រៅរដ្ឋាភិបាលចំនួនប្រាំពីរនឹងយកញត្តិទៅឲ្យស្ថានទូតភូមា សិង្ហបុរី និងស្ថានទូតឥណ្ឌា នេះបើយោងតាមប្រសាសន៍របស់លោក ណៃ វ៉ាន់ដា។
ក្នុងចំណោមអ្នកជាប់ពន្ធនាគារទាំង២៣នាក់ មាន១០នាក់គឺជាអ្នកតវ៉ាដោយសន្តិវិធី បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមទ័ពឆត្រយោងនៅខាងក្រៅរោងចក្រកាត់ដេរ យ៉ាក់ជីន (YaKjin) កាលពីថ្ងៃទី២ ខែមករា ចំណែកឯ១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីមានសកម្មភាពគប់ដុំថ្មជាមួយកម្លាំងកងរាជអាវុធហត្ថនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី៣ ខែមករា។
កាលពីថ្ងៃទី៣ ខែមករា កម្លាំងកងរាជអាវុធហត្ថបានសម្លាប់មនុស្សប្រាំនាក់ និងធ្វើឲ្យជាង៤០នាក់ផ្សេងទៀតរងរបួស។នៅក្នុងសប្តាហ៍នេះសាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនដោះលែងទណ្ឌិតទាំង២៣រូបឲ្យនៅក្រៅឃុំ ដោយលើកឡើងថា ចាំបាច់ត្រូវរក្សាទុកពួកគេ សម្រាប់ការសាកសួរ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ៕សុធា