27 C
Phnom Penh

ទោះ​សាលារាជធានី​ភ្នំពេញ​​​មិន​អនុញ្ញាត ក៏សហជីពនៅតែបន្ត​​ធ្វើការ​ជួបជុំគ្នា​តវ៉ានៅថ្ងៃ​​​អាទិត្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​ជីព​គ្រោង​ធ្វើ​ការ​ប្រមូល​​ផ្ដុំ​គ្នា​ដ៏​ធំ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ ដើម្បី​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នកជាប់​ឃុំ​ទាំង​២៣​នាក់ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​​គោល​ដល់​​ឧស្សាហកម្ម​កាត់​ដេរ​​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​ការ​ជួប​ជុំ​គ្នា​ បើ​ទោះ​ជា​សេចក្តី​សម្រេច​របស់​សាលា​រាជធានីភ្នំពេញ​កាលពី​ម្សិលមិញ​មិន​អនុញ្ញាត​​ ក៏ដោយ​។

សហជីព​ចំនួន​​ប្រាំបួន ដែល​មាន​សហជីព​មួយ​ចំនួន​តំណាង​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​៦០០.០០០​នាក់​ទូទាំង​​ប្រទេស​ចង់​ឲ្យ​មាន​​​ការ​ដំឡើង​ប្រាក់ខែ​​គោល​សម្រាប់​ឧស្សា​​​ហ​កម្ម​នេះ​​ និង​ចង់​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​​២៣​នាក់​ ដែលត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​នេះ នៅ​ពេល​ពួក​គេ​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រកាត់ដេរនានា​នៅ​​​ក្នុង​រាជ​ធានីភ្នំពេញ​។

សហជីព​ទាំង​នោះ​បាន​ស្នើ​សុំ​ការ​អនុ​​​ញ្ញាត​ពី​សាលា​រាជធានីភ្នំពេញ​ដើម្បី​ធ្វើការ​​ប្រមូល​ផ្ដុំ​គ្នា​ដោយ​មាន​មនុស្ស​ចូល​រួម​ចំនួន​១០.០០០​នាក់ ទោះជាក្រសួង​មហា​ផ្ទៃ​ចេញ​​​ បម្រាម​ហាម​មិន​ឲ្យ​ធ្វើ​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ក៏​ដោយ​។
បន្ទាប់ពី​សំណើ​របស់ខ្លួន​ត្រូវ​បាន​បដិ​សេធ​នៅ​ជំនួប​​ជាមួយ​មន្ត្រី​សាលា​រាជ​ធានី​កាល​ពី​ព្រឹក​ម្សិលមិញ​ សហជីព​បាន​លើក​ឡើង​​​​ថា ពួក​គេនឹង​​​នៅ​តែ​បន្ត​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​ដដែល​។

លោក​ សំ ម៉ូរ៉ា ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​​​​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​​​មាន​​​ប្រសាសន៍​ថា “ យើង​នៅតែ​ធ្វើ​ការ​ប្រមូល​​​ផ្ដុំ​គ្នា​ដដែល​  ពីព្រោះ​យើង​អនុវត្ត​សិទ្ធិរបស់​យើង​​​​ និង​អនុវត្ត​តាម​ច្បាប់​ស្ត​ីពីការ​ធ្វើ​បាតុកម្ម​។​

រដ្ឋាភិបាល​បាន​អនុញ្ញាត​ដល់ការ​​​​ធ្វើ​បាតុ​​​កម្ម​មួយ​ចំនួន​បន្ទាប់ពី​មាន​បម្រាម​ហើយ​ក៏​​​ដោយ  ប៉ុន្តែ​បាន​បង្ក្រាបដ៏ហិង្សា​ទៅ​លើ​កា​រ​ធ្វើ​បាតុកម្ម​ដទៃ​ទៀត​ និង​បាន​ឃាត់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្ដិវិធី​ចំនួន​១១​នាក់រយៈ​​​ពេល​​​ខ្លីកាលពី​សប្ដាហ៍​មុន​។

សាលា​រាជធានី​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ឃួង​ ស្រេង​ អភិបាល​រង​ថា “ ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា ឆ្នាំ​២០១៤ ចាប់​​​​ពី​ម៉ោង​៧​ព្រឹក​ ដល់​ម៉ោង​​៥​ល្ងាច​ នៅ​ទី​​​លាន​​​​ប្រជាធិបតេយ្យ​នោះ សាលា​រាជធានី​មិនអនុញ្ញាត​​ឡើយ​”។លិខិត​នោះ​​បន្ថែម​ថា “ ដោយ​សារ​​ការ​​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ ដោយ​បណ្ដាល ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​​រង​របួសជាច្រើន​នាក់​នោះ​ សាលា​រាជធានី​បាន​ជូន​ដំណឹង​ដល់​សាធារណជន​​និង​សង្គម​ស៊ីវិល​ឲ្យ​ផ្អាក​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ទីតាំង​មួយ​ចំនួន​រហូត​ដល់​ស្ថានការ​ណ៏បាន​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​​​​វិញ​សិន​”។

កម្ម​ក​រ​រោងចក្រ​កាត់​ដេរ​ប្រាំនាក់​ត្រូវ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ​បាញ់​សម្លាប់​និង​ជាង​៤០​នាក់ទៀត​រងរបួស​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា​ ក្នុង​រាជ​​​ធានី​​​ភ្នំពេញ​នៅពេល​ដែល​​កង​រាជ​អាវុធហត្ថ​និង​នគរបាល​បាន​បង្ក្រាប​ការធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ទាមទារ​​ដំឡើង​ប្រាក់​ខែ​។

ទោះបី​ជា​ សំណើ​របស់​សហជីព​ត្រូវ​​​​បាន​ច្រាន​ចោល​ក៏​ដោយ​ក៏​លិខិត​នោះ​លើក​ឡើងថា សាលា​រាជធានី​នឹង​បង្វែ​របញ្ហា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​សម្រាប់​ជម្រើស​ទី២។លិខិត​ដដែលនេះ​បន្ត​ថា ប្រសិន​បើ​ក្រសួង​​​​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ សហជីព​មិន​ត្រូវ​ “ វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​ព្រះ​មហា​ក្សត្រ​រដ្ឋាភិបាល​ ប្រទេស​​​​ជិត​ខាង​ ឬ​មន្ត្រី​ជាន់ខ្ពស់​ឡើយ​​”។លិខិត​នេះ​បន្ត​ទៀត​ថា សហជីព​ត្រូវ​ប្រាប់​​​​អ្នក​ចូល​រួម​ទាំង​អស់​ “​​​ កុំ​ឲ្យ​ប្រើប្រាស់​ពាក្យ​សម្ដី​ញុះញង់​​​​ និង​ជេរ​ប្រមាថ​​អាជ្ញាធរ​”​​​។

លោក​ ហេង​ សាម៉ន អគ្គលេខាធិការ​សមា​​​គម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​បាន​មាន​ប្រសាសន៍​ថា ការ​ច្រាន​ចោល​របស់​ក្រសួង​មហាផ្ទៃ​នឹង​មិន​អាច​រា​​​រាំង​​​​ការធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​បាន​ទេ។លោក​បាន​មានប្រសាសន៍​ថា “​​​ យើង​នឹង​នៅ​តែ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​ដដែល ទោះជា​សាលា​រាជធានី និង​ក្រសួង​មហា​ផ្ទៃ​មិន​អនុ​​​ញ្ញាត​ក៏ដោយ​ ពីព្រោះ​យើង​នឹង​ធ្វើ​​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ស្រប​តាម​​​​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ស្តីពីការ​​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស