34 C
Phnom Penh

តុលាការ​កំពូល​តម្កល់​សាលដីកា​ផ្តន្ទាទោស​លោក ម៉ឹក​ តារា​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ តុលាការ​កំពូល​​បាន​តម្កល់​​សាលដីកា​ផ្តន្ទាទោស​លោក ម៉ឹក តារា និង​សហ​​ចុង​ចោទ ជា ឡេង ឲ្យ​ជាប់​ពន្ធនាគារ​មួយ​​ជីវិត​ ដោយ​បញ្ចប់​ការ​សង្ឃឹមដែល​ថា បុរស​ទាំង​ពីរនាក់​នេះ​នឹង​ត្រូវ​ដោះ​លែង​។

សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​សម្រេច​ដាក់​ពន្ធនាគារ​បុរស​ទាំង​ពីរនាក់​នេះ​អស់​មួយ​ជីវិតកាលពី​ឆ្នាំ​២០១២ តាម​ការ​ចោទ​ប្រកាន់​​ជាង​២៥ករណី​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​និង​អំពើ​ពុករលួយ ជា​ទោស​មួយ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​តម្កល់​ទុក​ជាបាន​ការ​ កាលពី​ឆ្នាំមុន។​
ជន​ជាប់​ចោទ​ទី៣​ ឈ្មោះ ម៉ន ឌឿន បាន​សារភាព​ទទួល​យក​ការ​ចោទ​ប្រកាន់​ទាំង​នេះ ប៉ុន្តែ​ បាន​រត់​គេច​ខ្លួន​មុន​ពេល​កាត់​ទោស​គាត់​។ ទោស​ជាប់​ពន្ធនាគារ​រយៈពេល២៥​ឆ្នាំ​របស់គាត់​ត្រូវ​បានតុលាការ​ស្រូប​អស់​ប្រាំ​ឆ្នាំ​កាលពី​ឆ្នាំមុន​ ប៉ុន្តែ ពេល​នេះ​គាត់​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​។

លោក ឃឹម ប៉ុណ្ណ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនំុ​ជម្រះ​​នៃ​តុលាកា​រ​កំពូល​បាន​ប្រកាស​ថា “ [តុលាការ​កំពូល​] ​សម្រេច​ច្រាន​ចោល​ពាក្យ​បណ្តឹងរបស់​​ មឹុក តារា ជា ឡេង និង គា អ៊ាវ មេធាវី​​របស់​ ម៉ន ឌឿន” នៅ​ពេល​​លោក​តម្កល់​​សាល​ក្រម និង​សាល​ដីកា​ទាំង​នេះ​ទុក​ជាបាន​ការ​។លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើង​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៣ ហើយ​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ [ព្រៃស]”។

ថ្លែ​ង​អំឡុង​សវនាការ​រយៈពេល​ពីរម៉ោង​នេះ​ ចៅក្រម​ ហេង ព្រីយ៉ា បាន​មាន​ប្រសា​សន៍​ថា ទណ្ឌិត​ទាំង​នេះ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ដោះ​បន្ទុក​ ឬ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ពួកគេ​គ្មាន​ទោស​នោះ​ទេ​។

អំឡុង​សវនាការ​ដំបូង​កាលពី​ឆ្នាំ​២០១១ សាក្សី​រាប់​រយ​នាក់​បាន​ឡើងផ្តល់​​សក្ខីកម្ម​ចោទ​លោក ម៉ឹក តារា ថា លោក​បានដឹកនាំ​​ក្រុម​ឧក្រិដ្ឋ​ជន​ស្មុគ​ស្មាញ​មួយ ​ដែល​នៅ​ក្នុង​នោះ​លោកនិង​សហចុង​ចោទរបស់​លោក​​តែង​តែ​ទារ​ប្រាក់​​​សូក​ប៉ាន់​ពី​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ប្រចាំ​ ដែល​​ប្រវត្តិ​ប្រព្រឹត្ត​បទ​ល្មើស​របស់ពួកគេ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ជា​ថ្នូរ​នឹង​ប្រាក់​។

គេ​ជឿថា លោកម៉ឹក តារា និង​អ្នក​នៅ​ក្រោម​​បង្គាប់របស់លោក​រក​ប្រាក់​បាន​រាប់​សែន​ដុល្លារ​នៅ​ពេល​ពួកគេ​បាន​អនុញ្ញាត
​ឲ្យ​ឧក្រិដ្ឋជន​ដើរ​ហើរ​ដោយ​សេរី​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​។

លោក ម៉ៃ វណ្ណាឌី មេធាវី​របស់​លោក​ ម៉ឹក តារា បាន​មាន​ប្រសាសន៍​ថា លោក ម៉ឹក តារា ដែល​តែង​តែ​បដិសេធថា មិន​បាន​​ប្រព្រឹត្ត​ខុស​រហូត​មកនោះ មិន​បាន​បង្ហាញ​ខ្លួន​ទេ​អំឡុង​សវនាការ​កាលពី​ថ្ងៃសុក្រ ដោយ​សារតែ​លោក​មាន​ជំងឺ​។លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិនអាច​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​បាន​ទេ ពីព្រោះ​តុលាការ​មិន​បានផ្តល់​យុត្តិធម៌​ដល់​លោក មឹុក តារា ទេ​ មាន​២៥​ករណី​ ប៉ុន្តែ ករណី​ជាច្រើន​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​”។

លោក ជា ឡេង និយាយ​ថា សាលដីកា​ស្ថាពរនេះ​​ “មិនយុត្តិ​ធម៌​” ទេ ហើយ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ គឺ​ជា​ការ​ដាក់​ពិន័យ​លោក​ ចំពោះ​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​ថ្នាំ​ញៀន​ និង​ការ​រឹប​អូស​សារធាតុ​ខុសច្បាប់​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

គាត់​និយាយថា “ មូលហេតុ​ដែល​ពួកគេ​ចង់​ធ្វើបាបខ្ញុំ គឺ​ដោយ​សារ​តែ​ពីមុន​ យើង​ធ្លាប់​បង្ក្រាប​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ភាគ​ច្រើន​ និង​រឹប​អូស​បាន​គ្រឿង​ញៀន​រាប់​តោន ហេតុ​ដូច្នេះ​មាន​ជន​សង្ស័យ​ជាច្រើន​ដែល​ស្អប់​ខ្ញុំ​។​ប្រសិន​បើ​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​ដាក់​ពាក្យ​បណ្តឹង​ ខ្ញុំ​នឹង​ដាក់​”។

បន្ថែម​ពី​លើ​ទោស​នេះ ​លោក ម៉ឹក តារា​ ត្រូវ​បានតុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ជាង​៣០០.០០០​ដុល្លារ​ និង​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​លោក។ លោក ជា ឡេង ត្រូវ​តុលាការ​ពិន័យ​ជាប្រាក់​២១.០០០ដុល្លារ​ ហើយ​លោក ម៉ន ឌឿន ពិន័យ​ជាប្រាក់​៣៤.០០០ដុល្លារ៕ សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស