28 C
Phnom Penh

ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​អរគុណ​សហរដ្ឋអាមេរិក​ ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ ប្រជាពលរដ្ឋ​ប្រហែល​៧០នាក់មកពី​សហគមន៍​បឹងកក់​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ថ្លែង​អំណរគុណ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយដែល​​ណែនាំ​ឲ្យ​ធនាគារ​ពិភពលោក​រាយការណ៍​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ពី​តំបន់​បឹងកក់​។

ការ​ស៊ើប​អង្កេតឯករាជ្យ​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១១​បានរក​ឃើញ​ថា គម្រោង​មួយ​របស់​ធនាគារ​ពិភពលោក​ ដែល​ដើម​ឡើយ​មាន​បំណង​ជួយ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ប្រជា​ពលរដ្ឋកម្ពុជានោះ​ តាម​ពិត​ទៅ​បាន​ជួយ​សម្រួល​ការបណ្តេញ​ប្រជាពលរដ្ឋ​៣.០០០គ្រួសារ​ចេញ​ពី​តំបន់​ជុំ​វិញ​បឹងកក់​ដែល​មិន​យូរ​ប៉ុន្មាន​ត្រូវ​បាន​បូម​ខ្សាច់ចាក់​​បំពេញ​សម្រាប់​គម្រោង​អចលន​​ទ្រព្យ​មួយ​របស់​ភរិយា​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។

អ្នក​ភូមិសហគមន៍​សរុប៥២នាក់​បាន​តម្រង់​ជួរគ្នា​នៅ​ខាង​មុខស្ថានទូតសហរដ្ឋ​អាមេរិក​​​កាលពីថ្ងៃសុក្រ ដោយ​ម្នាក់​ៗកាន់​ទង់ជាតិ​​ធំ​ៗរបស់​សហរដ្ឋអាមេរិក មុន​ពេល​លិខិត​នោះ​និង​បាច់​ផ្កាត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​​ស្ថានទូត​​។

អ្នកស្រី​ ទេព​ វន្នី តំណាង​សហគមន៍​បឹង​កក់​និយាយថា “ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​អន្តរាគមន៍​ជាមួយ​នឹង​ធនាគារ​ពិភពលោក ក្រោយ​ពី​អនុម័ត [សេច​ក្តី​ព្រាង​ច្បាប់] ហើយ​សូម​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។
អ្នកស្រី​​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នកស្រី​ជឿថា ​ការ​ដាក់​សម្ពាធ​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ​អាច​កែប្រែ​បញ្ហា​នានា​ឲ្យ​ប្រសើរ​ឡើង។អ្នក​ស្រីនិយាយថា “ ពេល​​​​នេះ​ជា​ពេល​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​យើង​ហើយ​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស