29 C
Phnom Penh

ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ ជា វិជ្ជា ត្រូវ​បាន​លុប​ចោល​បន្ទាប់​ពី​រដ្ឋាភិបាល​គំរាម​ដាក់​គុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គម្រោងចាក់បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯកសារ​​រឿង​ “ នរណា​សម្លាប់​ ជា វិជ្ជា?” ដែល​ទទួល​​បាន​ពានរង្វាន់​ និង​ដែល​ស៊ើប​អង្កេត​ពីការ​សម្លាប់​មេដឹក​នាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​បំផុត​នៅ​ក្នុង​ប្រទេសកម្ពុជា​​រូប​នេះ កាលពី​១០ឆ្នាំ​មុន​នោះ ត្រូវ​បាន​លុប​ចោល​កាលពីថ្ងៃ​សុក្រ សប្តាហ៍​នេះ បន្ទាប់​ពី​រដ្ឋាភិបាលបាន​​គំរាម​កំហែង ​​នេះ​បើ​យោងតាម​ការ​លើក​ឡើង​របស់​អ្នក​រៀប​ចំ​កម្ម​វិធី​ចាក់​បញ្ចាំង​ខ្សែភាព​យន្ត​នេះ។

​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ដែល​ទទួលបាន​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​នេះ គឺ​ជា​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​ ដែល​ក្នុង​នោះ​មាន​ការ​​សន្និដ្ឋាន​ថា មន្ត្រីរដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​ពាក់​ព័ន្ធ​នឹ​ង ការ​ធ្វើឃាត​លោក ជា វិជ្ជា កាលពី​ឆ្នាំ​២០០៤។

កញ្ញា សន រ៉ាម៉ាណា អ្នក​សម្រប​សម្រួល​គម្រោង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ប្រចាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​លើក​ឡើងនៅ​ក្នុង​អីុម៉េលមួយ​កាលពី​ថ្ងៃ​សុក្រថា “ យើង​បាន​សម្រេច​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ​នៅ​យប់​នេះ​​” ។

ការ​សម្រេច​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ភាពយន្ត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ ហើយ​អ្នក​ដែល​​បំពាន​បម្រាម​​បែប​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ឬត្រូវ​និរទេស​​ចេញ​ពី​កម្ពុជា​។
កញ្ញា សន រ៉ាម៉ាណា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយពី​មូលហេតុ​នាំឲ្យ​មានការ​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ​ទេ​ ហើយ​​​បាន​បង្វែរ​សំណួរ​ទៅ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​​មណ្ឌលសិទ្ធិមនុស្ស​​កម្ពុជា ​ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​។

លោក រីច ហ្គារេឡា (Rich Garella) អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា លោកគោរពតាម​​សេចក្តី​សម្រេច​​​​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​លុប​ចោល​ការ​ចាក់​បញ្ចាំង​នេះ​ចំពេល​រដ្ឋា​ភិបាល​កំពុង​ដាក់​សម្ពាធ។

លោក​បានសរសេរ​ថា “ ​ការ​អនុញ្ញាត​​​​ឲ្យ​​​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះឬក៏​អត់​​​ វា​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈរបស់រដ្ឋាភិបាល​​ក្នុង​ការ​​​គោរព​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ជុំ​គ្នា​និងនីតិរដ្ឋ។​រហូត​មក​ទល់​ថ្ងៃ​នេះ​ រដ្ឋា​ភិ​បាល​​មិនបាន​​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​​​ទាំង​នេះ​ឡើយ​​ព្រោះ​សារ​ជាតិ​របស់​រដ្ឋា​ភិបាល​មាន​អារម្មណ៍​​ភ័យ​ខ្លាច​ចំពោះ​​សេរី​ភាព​ទាំង​នេះ​​”។

លោក​មានប្រសាសន៍​ថា ការ​គំរាម​កំហែង​​របស់​លោក ផៃ ស៊ីផាន ថា អ្នក​ដែល​ហ៊ាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះនឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ឬ​និរទេស​ចេញ​ពី​ប្រទេស​​​កម្ពុជា​នោះ​ គឺស្មើ​​នឹង​ភេរវកម្ម​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ដោយ​សារ​តែ​គ្មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​បម្រាម​បែប​នេះ​ ការ​គំរាម​កំហែង​ទាំង​នេះ​គឺ​ជា​ទម្រង់​ភេរវកម្ម​ថ្នាក់​ទាប​។ [បម្រាម​នេះ​] គឺ​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើងប៉ុណ្ណោះ​​។ មន្ត្រី​មួយ​រូប​និយាយថា ភាពយន្តនេះ​ត្រូវ​បាន​ហាម​ប្រាម​ មិន​មែន​ជា​ការ​ប្រឌិត​បម្រាម​​ទេ​”។

ទោះ​ជាយ៉ាង​ណា លោក ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃសុក្រថា មន្ត្រី​រដ្ឋាភិបាលគណបក្ស​ប្រជាជន​​ពិត​ជា​មាន​​អំណាច​បែប​នេះ​មែន​។

លោក​បានមាន​ប្រសាសន៍​ថា “ វា​ជាការ​សម្រេច​របស់​អាជ្ញាធរ​។ រដ្ឋាភិបាល​យល់​ថា វា​មិន​មែន​ជា​ខ្សែ​ភាពយន្ត​សមរម្យ​ទេ ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​សេចក្តី​សម្រេច​ នោះ​ជាអំណាច​របស់ពួកគាត់។ ពួកគាត់​មាន​សិទ្ធិ​ហាម​ប្រាម​អ្វី​ៗ លទ្ធិប្រជាធិបតេយ្យ​នៅ​ទី​នេះ​ខុស​គ្នា​”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស