ការគប់គ្រាប់បែកចូលក្នុងពិធីមង្គលការនៅក្នុងខេត្តកំពង់ធំកាលពីយប់ថ្ងៃសៅរ៍ បានធ្វើឲ្យអ្នកចូលរួមប្រាំបួននាក់ស្លាប់ និងរងរបួសចំនួន៣០នាក់ទៀត នេះបើយោងតាមនគរបាលដែលបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ដែលគេជឿថា មានការច្រណែននឹងអាពាហ៍ពិពាហ៍នេះ។
នគរបាលនិយាយថា នៅម៉ោងប្រហែល១០និង៣០នាទីយប់ បុរសម្នាក់បានគប់គ្រាប់បែកមួយគ្រាប់ទៅលើដំបូលរោងការនៅក្នុងស្រុកប្រាសាទសំបូរ ពេលអ្នកចូលរួមកំពុងរាំកម្សាន្ត។ មនុស្សប្រាំមួយនាក់បានស្លាប់ភ្លាមៗដោយសារត្រូវអំបែងគ្រាប់ចំផ្នែកខាងលើនៃដងខ្លួន។ មនុស្សបីនាក់ទៀតបានស្លាប់បន្ទាប់ពីបាននាំទៅដល់មណ្ឌលសុខភាពមួយនៅក្បែរនោះ។

នគរបាលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានមនុស្សពេញវ័យ រួមទាំងស្ត្រីពីរនាក់ផងដែរ។ ក្នុងចំណោមមនុស្សរងរបួសទាំង៣០នាក់នោះមាន១៥នាក់រងបួសធ្ងន់ និង១៣នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយកាលពីល្ងាចម្សិលមិញ។
លោក ផាន់ សុផេង ស្នងការនគរបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា “ សាកសពត្រូវបានបញ្ជូនទៅឲ្យគ្រួសាររួចហើយកាលពីយប់មិញ ហើយជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យ” ។កូនក្រមុំឈ្មោះ ភឿន សុផល អាយុ២២ឆ្នាំបានរងរបួសធ្ងន់ត្រូវចំជើង រីឯកូនកម្លោះឈ្មោះ ជា ចូក អាយុ២៤ឆ្នាំបានរងរបួសអំបែងគ្រាប់បែកចំស្មាឆ្វេង។ ក្នុងចំណោមអ្នកស្លាប់មានឈ្មោះ វណ្ណ លឹម អនុប្រធានភូមិចោម ក្នុងឃុំតាំងក្រសៅ។លោក សុផេង បានមានប្រសាសន៍ថា ជនសង្ស័យម្នាក់ដែលលោកបដិសេធមិនប្រាប់ឈ្មោះត្រូវបានឃាត់ខ្លួននៅម៉ោង៦និង៣០នាទីព្រឹកម្សិលមិញ ហើយនគរបាលខេត្តកំពុងសាកសួរ។លោកថ្លែងថា “ រឿងនេះពាក់ព័ន្ធនឹងជម្លោះផ្ទាល់ខ្លួនរវាងជនល្មើសនិងជនរងគ្រោះ”។ លោកបានបន្ថែមថា លោកមិនអាចផ្តល់ព័ត៌មានបន្ថែមអំពីជនសង្ស័យនេះបានទេ ពីព្រោះនគរបាលកំពុងសើុបអង្កេតនៅឡើយ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ជនសង្ស័យនេះធ្លាប់ស្រឡាញ់គ្នាជាមួយកញ្ញា សុផល និងធ្លាប់មានជម្លោះជាមួយកូនកម្លោះ។លោក សំអន បានមានប្រសាសន៍ថា “ បុរស ទាំងពីរបានស្រឡាញ់កូនក្រមុំនេះ និងមានការច្រណែនគ្នា” ។ លោកបានបន្ថែមថា មន្ត្រី នគរបាលឃុំធ្លាប់បានឃាត់ខ្លួនបុរសទាំងពីរនាក់នេះយកមកអបរំឲ្យឈប់ឈ្លោះគ្នា។លោក អ៊ុក សំអន បានមានប្រសាសន៍ ថា “ ជនសង្ស័យនេះមានជម្លោះផ្ទាល់ខ្លួនជាមួយ កូនកម្លោះ ហើយប្រហែលជាជនសង្ស័យរូបនេះប្រើប្រាស់ថ្នាំញៀនទៀតផង ពីព្រោះជនសង្ស័យគឺជាកម្មករចំណាកស្រុកនៅក្នុងប្រទេសថៃ។ កាលពីមុនកូនកម្លោះនិងជនសង្ស័យរូបនេះធ្លាប់បានឈ្លោះគ្នា ហើយនគរបាលឃុំធ្លាប់បានអប់រំពួកគេឲ្យឈប់ឈ្លោះគ្នាទៀតផង”។មន្ត្រីនគរបាលបាននិយាយថា ខ្លួនកំពុងសើុបអង្កេតពីប្រភពនៃគ្រាប់បែកនោះនៅឡើយ។
បន្ទាប់ពីហេតុការណ៍គប់គ្រាប់បែកនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅគ្លីនិកពីរនៅជិតនោះ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។លោក ហ៊ុល ចាន់ឡុង អ្នកគ្រប់គ្រងគ្លីនិក៥១៥កំពង់ធំបាននិយាយថា កូនក្រមុំ និងកូនកម្លោះស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ដែលកំពុងសម្រាកព្យាបាលនៅទីនោះកាលពីម្សិលមិញ៕ គឹមហឿន