ក្រុមអ្នកតវ៉ាដែលទាមទារឲ្យមានការដោះលែងសកម្មជន និងកម្មករជាប់ឃុំសរុប២៣នាក់ បានប៉ះទង្គិចគ្នា ជាមួយកម្លាំងការពារសន្តិសុខនៅក្នុងបាតុកម្មមួយ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ហើយបន្ទាប់មកក្រុមអ្នកតវ៉ាទាំងនោះបានវាយបុរសស្លៀកពាក់ស៊ីវិលយ៉ាងតិចបីនាក់ ដែលពួកគេសង្ស័យថា បានបន្លំខ្លួនបង្កបញ្ហាក្នុងចំណោមពួកគេ។

ក្រោយមកទៀត បុរសពីរនាក់ក្នុងចំណោមបុរសទាំងនោះត្រូវបានអ្នកតវ៉ាមួយចំនួនដឹកចេញពីកន្លែងកើតហេតុទៅប្រគល់ឲ្យនគរបាលនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលបានបញ្ជូនបុរសទាំងនេះទៅស្នងការនគរបាលរាជធានី។ គួរបញ្ជាក់ថា ក្នុងចំណោមបុរសទាំងពីរនោះ មានម្នាក់បានរងរបួសឈាមនៅលើក្បាល។
សហជីពប្រាំបួនអំពាវនាវឲ្យធ្វើសកម្មភាពតវ៉ានេះ ដោយសង្ឃឹមថា នឹងមានការចូលរួមពីមនុស្ស១០.០០០នាក់ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារទាំងឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ទាំងឲ្យមានការដោះលែងបុរស២៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ អំឡុងសកម្មភាពតវ៉ារយ:ពេលពីរថ្ងៃ នៅខាងក្រៅរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ។
ក៏ប៉ុន្តែ ជំនួសមុខឲ្យអ្នកចូលរួមជាច្រើនពាន់នាក់តាមការរំពឹងទុក ក្រុមអ្នកតវ៉ាមានគ្នាប្រហែល៤០នាក់ប៉ុណ្ណោះ ដែលភាគច្រើនមើលទៅដូចជាអ្នករត់ម៉ូតូឌុប និងសកម្មជនប្រឆាំងការបណ្តេញចេញ ដែលមកពីសហគមន៍បឹងកក។ អ្នកតវ៉ាទាំងត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញប្រហែល៥០នាក់ ហាមមិនឲ្យចូលទៅក្នុងទីលាន ដែលជាកន្លែងហាមឃាត់ តាំងពីថ្ងៃទី៤ខែមករា នៅពេលមានបម្រាមមិនឲ្យធ្វើបាតុកម្ម។ នគរបាលបង្ក្រាបកុបកម្មពីរបីរយនាក់បានឈរប្រចាំការនៅខាងក្រោយពួកគេ។
រយៈពេលជាងមួយម៉ោង បន្ទាប់ពីមានស្ថានភាពតានតឹងក៏ប៉ុន្តែមានសន្ដិភាពទាំងសងខាងរវាងកម្លាំងសន្ដិសុខ និងក្រុមអ្នកតវ៉ាទាំងនោះ អំពើហិង្សាក៏បានចាប់ផ្ដើមកើតឡើងដោយមានការរុញច្រាននៅជួរមុខ ហើយសកម្មភាពបែបនេះបានរាលដាលកាន់តែខ្លាំងឡើងៗ។
កម្លាំងសន្ដិសុខមានរបាំងដែកការពារមួយជួរ ដែលបានឈរនៅកណ្ដាលរវាងគូបដិបក្ខទាំងពីរបានរងនូវការគប់មកលើហើយភាគីទាំងពីរក៏បានវាយប្រហារគ្នាទៅវិញទៅមក។ អ្វីៗគ្រប់យ៉ាងមានតាំងពីមួកការពារសុវត្ថិភាព កំប៉ុង ដបទឹក និងស្បែកជើងត្រូវបានគប់ដាក់គ្នាទៅវិញទៅមក។ មនុស្សមួយចំនួនតូចបានហូរឈាមជាំ និងត្រូវគេជាន់។
ក្នុងស្ថានភាពច្រឡំបល់នេះ បុរសម្នាក់ក្នុងចំណោមបាតុករត្រូវបានគេឃើញគប់សា្នប់ដៃទៅលើកម្លាំងសន្ដិសុខដែលមានមួកការពារ។
បុរសវ័យក្មេងម្នាក់ទៀតត្រូវបានគេឃើញគប់ដុំថ្មមានទំហំប៉ុនឥដ្ឋក្នុងទិសដៅរបស់កម្លាំងសន្ដិសុខ ក៏ប៉ុន្តែគាត់មិនបានវាយកម្លាំងសន្ដិសុខទាំងនោះទេ។ ភ្លាមៗនោះបុរសនោះក៏ត្រូវបានក្រុមអ្នកតវ៉ាដេញវាយដោយសង្ស័យថា គាត់ជាអ្នកបង្កហេតុ ហើយក៏បានវាយក្បាលគាត់រហូតដល់ហូរឈាម។ បុគ្គលិកសិទ្ធិមនុស្ស និងព្រះសង្ឃនៅកន្លែងកើតហេតុក៏បានព័ទ្ធជុំវិញបុរសរូបនោះភ្លាមៗ ព្រមទាំងបុរសម្នាក់ទៀតដែលក្រុមអ្នកតវ៉ាបានវាយ ហើយក៏បាននាំបុរសទាំងពីរនាក់នោះជិះរ៉ឺម៉កម៉ូតូនាំចេញទៅដោយមានការឡោមព័ទ្ធរបស់ព្រះសង្ឃមួយចំនួន។ក្រោយមកទៀតក្រុមអ្នកតវ៉ាបានដេញវាយអ្នកផ្សេងទៀត ក៏ប៉ុន្តែបន្ទាប់ពីវាយហើយក៏ផ្អាកការវាយ ហើយក៏បានអនុញ្ញាតឲ្យបុរសរូបនោះចេញទៅ នៅពេលបុរសរូបនោះបង្ហាញអត្តសញ្ញាណប័ណ្ណ។
លោក កុល សុផាត អធិការនគរបាលសង្កាត់បឹងកេងកង១ បានបញ្ជាក់ថា បុរសទាំងពីរដែលជិះរ៉ឺម៉កម៉ូតូនោះត្រូវបានដឹកយកទៅប៉ុស្ដិ៍នគរបាលបឹងកេងកង១។លោកបានមានប្រសាសន៍ថា “យើងបានបញ្ជូនពួកគេទៅស្នងការនគរបាលរាជធានី។ យើងមិនអាចទុកពួកគេនៅទីនេះយូរបានទេ”។ លោកបានបង្វែរសំណួរផ្សេងៗទៀតទៅស្នងការនគរបាលរាជធានីដែលមិនអាចទាក់ទងធ្វើសេចក្ដីអត្ថាធិប្បាយបាន។
លោក ចន ចាន់រ៉េន មន្ត្រីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ដែលបានទៅអង្កេតសកម្មភាពបាតុកម្មនោះបានឲ្យដឹងថា លោកត្រូវកម្លាំងសន្ដិសុខគប់ដុំថ្មចំកែងដៃ។ លោកបានបន្ទោសកម្លាំងសន្ដិសុខទាំងនោះថា បានចាប់ផ្ដើមនាំឲ្យមានការប៉ះទង្គិចគ្នានេះ។លោកបានមានប្រសាសន៍ថា “ប្រតិបត្តិការបង្ក្រាបរបស់ពួកគេទៅលើមនុស្សទាំងនោះមើលទៅឃោរឃៅណាស់ ពីព្រោះពួកគេ [បាតុករ] មិនមានអ្វីនៅក្នុងដៃទេ ហើយកម្លាំងសន្ដិសុខបានប្រើកម្លាំង។ មនុស្សបានចាប់បុរសទាំងពីរ ពីព្រោះពួកគេសង្ស័យថា បុរសទាំងពីរនាក់នោះបានប្រើចំពាម និងវាយអ្នកតវ៉ា”។
លោកឋស្រី ស៊ុង ស្រីលាភ សកម្មជនប្រឆាំងការបណ្ដេញចេញដ៏ល្បីឈ្មោះមួយរូបដែលបានចូលរួមក្នុងសកម្មភាពតវ៉ានេះ បុរសដែលត្រូវបានឃុំខ្លួននោះមានការពាក់ព័ន្ធក្នុងបាតដៃទី៣របស់រដ្ឋាភិបាល។លោកស្រីបានមានប្រសាសន៍ថា “ពួកគេបានប្រើបាតដៃទី៣ ដើម្បីបង្កអំពើហិង្សា ដោយសារតែប្រជាជនកំពុងតវ៉ាដោយសន្ដិវិធី។ យើងត្រូវចាប់ពួកគេ ពីព្រោះពួកគេបានប្រើចំពាម និងស្នាប់ដៃ។ នេះគឺជាបាតដៃទី៣របស់រដ្ឋាភិបាល”។
លោក យឹម សុវណ្ណ តំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិដែលបានទៅអង្កេតសកម្មភាពតវ៉ានេះដែរ ក៏ត្រូវរបួសជើងផងដែរ។ លោកបានឲ្យដឹងថា លោកត្រូវដុំថ្ម ដែលចេញពីទិសដៅរបស់កម្លាំងសន្ដិសុខ។
លោក ចាន់ សុវេត អ្នកស៊ើបអង្កេតជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក ដែលមានវត្តមាននៅកន្លែងកើតហេតុនោះដែរបានឲ្យដឹងថា មនុស្សយ៉ាងតិច១០នាក់បានរងរបួស ក្នុងថ្ងៃមានការប៉ះទង្គិចគ្នានោះ ក្នុងនោះក៏មានអ្នកសារព័ត៌មានពីរនាក់ផងដែរ។
កម្លាំងសន្ដិសុខបានរងសំឡេងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកតវ៉ានិងអង្គការសិទ្ធិមនុស្ស ដែលបានលើកឡើងថា កម្លាំងសន្ដិសុខមិនមានអំណាចស្របច្បាប់ក្នុងការប្រើអំពើហិង្សា ឬក៏ឃុំខ្លួនប្រជាជនទេ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៃអង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានមានវត្តមានអំឡុងការប៉ះទង្គិចគ្នានោះដែរបានមានប្រសាសន៍ថា “ការប្រើកម្លាំងសន្ដិសុខក្នុងការបង្ក្រាបប្រជាជន គឺជាទង្វើខុសច្បាប់ក្នុងប្រទេសយើង។ ពួកគេមិនអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទេ ពីព្រោះពួកគេមិនបានទទួលការបណ្ដុះបណ្ដាលទាក់ទងនឹងការដោះស្រាយបញ្ហាជាមួយបាតុករទេ”។
សាលារាជធានីបានការពារការប្រើកម្លាំងសន្ដិសុខ ដោយលើកឡើងថា ការធ្វើបែបនេះជាវិធានការចាំបាច់ក្នុងការគ្រប់គ្រងអ្នកតវ៉ាមិនពិតដែលប្រើអំពើហិង្សា។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្ទោសបាតុករថា បានបង្កឲ្យមានការប៉ះទង្គិចគ្នានេះ។ លោកបានមានប្រសាសន៍ថា “បាតុករបានគប់ដុំថ្មទៅលើកម្លាំងសន្ដិសុខមុន អ៊ីចឹងហើយបានជាកម្លាំងសន្ដិសុខត្រូវចាត់វិធានការការពារខ្លួន។ ហើយបាតុករមិនអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ឬក៏សាលារាជធានីភ្នំពេញទេ។
ទាំងសាលារាជធានីភ្នំពេញ ទាំងក្រសួងមហាផ្ទៃបានបដិសេធសំណើរបស់សហជីពដែលសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលសាលារាជធានី បានបើកក្នុងឆ្នាំ២០១០សម្រាប់ព្រឹត្តិការណ៍បែបនេះ៕ សុធា