គណបក្សប្រជាជនកម្ពុជាអាចឈ្នះបានតំណែងជាសមាជិកក្រុមប្រឹក្សាសង្កាត់៣៧រូប ច្រើនជាងតំណែងដែលខ្លួនមានមុនការបង្កើតខណ្ឌថ្មីចំនួនបីក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន ហើយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងអាចទទួលបានសមាជិកក្រុមប្រឹក្សាសង្កាត់១៤រូប ប្រសិនបើសមាជិកក្រុមប្រឹក្សាក្នុងរាជធានីទាំង៨១០នាក់បោះឆ្នោតគាំទ្រសមាជិកនៅក្នុងបក្សរបស់ខ្លួនក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅខែឧសភា ខាងមុខនេះ។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយដែលបង្ហាញពីចំនួនសមាជិកក្រុមប្រឹក្សាដែលត្រូវបោះឆ្នោតជ្រើសរើសនៅក្នុងខណ្ឌនីមួយៗក្នុងចំណោមខណ្ឌចំនួន១២ក្នុងរាជធានីភ្នំពេញនៅខែឧសភា ខាងមុខនេះរួមទាំងខណ្ឌទើបបង្កើតថ្មីបី គឺខណ្ឌជ្រោយចង្វា ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ។
យោងតាមអនុក្រឹត្យនិងការសន្មតថា សមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញបោះឆ្នោតគាំទ្រសមាជិករបស់ខ្លួនរៀងៗខ្លួននោះ គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១៥៥រូប ស្មើ៧១,៧៦ភាគរយក្នុងចំណោមតួនាទីក្រុមប្រឹក្សាខណ្ឌទាំង២១៦ទូទាំងរាជធានី។
តួនាទីដែលនៅសេសសល់៦១ទៀតនឹងបានទៅលើគណបក្សសង្គ្រោះជាតិដោយសារការបោះឆ្នោតគាំទ្រពីសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
តំណែងរបស់គណបក្សប្រជាជនកម្ពុជាអាចធ្លាក់ចុះដល់១១៨អាសនៈ ឬស្មើនឹង៧១,៥៦ភាគរយក្នុងចំណោមអាសនៈចំនួន១៦៥ដែលគណបក្សនេះអាចទទួលបាននៅក្នុងការបោះឆ្នោតនេះ បើគ្មានការបង្កើតខណ្ឌថ្មីទាំងបីនេះ។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានប្រកាសកាលពីថ្ងៃ ទី១៧ ខែធ្នូ ថា ខណ្ឌថ្មីទាំងបីនេះនឹងត្រូវបំបែកចេញពីខណ្ឌចំនួនប្រាំបួនដែលមានស្រាប់ក្នុងរាជធានីភ្នំពេញសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ ដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តែប៉ុណ្ណោះមានសិទ្ធិបោះឆ្នោត ប៉ុន្តែចំនួនសមាជិកក្រុមប្រឹក្សានៅក្នុងខណ្ឌនីមួយៗនោះមិនត្រូវបានបញ្ជាក់ឲ្យដឹងទេ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកវិមជ្ឈការ បានមានប្រសាសន៍ថា ការបង្កើតខណ្ឌថ្មីនេះគឺដើម្បីធ្វើឲ្យការគ្រប់គ្រងរដ្ឋបាលក្នុងរាជធានីមានភាពប្រសើរជាងមុន។
ប៉ុន្តែលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមាន ប្រសាសន៍ថា ការបង្កើតខណ្ឌថ្មីទាំងនេះគឺសម្រាប់តែគណបក្សប្រជាជនកម្ពុជាដាក់បញ្ជូលសមាជិករបស់ខ្លួនប៉ុណ្ណោះ។លោកបានមានប្រសាសន៍ថា “ វាជារឿង ចាស់ដដែល ពួកគេបង្កើតក្រសួងថ្មីដើម្បីបង្កើតតួនាទីថ្មីសម្រាប់សមាជិករបស់ខ្លួន។ តួនាទីថ្មីមានន័យថា លុយថ្មី ប៉ុន្តែយើងត្រូវផ្ដោតការយកចិត្ត ទុកដាក់បន្ថែមទៅលើរយៈពេលវែង”។
ក្នុងចំណោមខណ្ឌថ្មីដែលរដ្ឋាភិបាលបានបង្កើតឡើងកាលពីខែធ្នូ ខណ្ឌច្បារអំពៅនឹងមានសមាជិកក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា១៣រូប ហើយប្រាំមួយរូបមកពីគណបក្សសង្គ្រោះជាតិ ចំណែកខណ្ឌជ្រោយចង្វានឹងមានសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា១១រូប និងបួនរូបមកពីគណបក្សសង្គ្រោះជាតិ។ ខណ្ឌព្រែកព្នៅ នឹងមានសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា១៣រូប និងពីររូបមកពីគណបក្សសង្គ្រោះជាតិ។
ខណ្ឌចាស់ដែលមានការកាត់សង្កាត់មួយចំនួនសម្រាប់បង្កើតខណ្ឌថ្មីនោះ នឹងគ្មានការផ្លាស់ប្ដូរសមាភាពរបស់ខ្លួនឡើយ លើកលែងតែខណ្ឌសែនសុខជាខណ្ឌមួយនឹងទទួលបានតួនាទីសមាជិកក្រុមប្រឹក្សាថ្មី។
អាសនៈក្រុមប្រឹក្សាចំនួនពីរនឹងកើនឡើងសម្រាប់គណបក្សសង្គ្រោះជាតិនៅក្នុងខណ្ឌនេះ សរុបចំនួនប្រាំមួយ បើប្រៀបធៀបទៅនឹងអាសនៈចំនួន១៣រូបរបស់គណបក្សប្រជាជនកម្ពុជាដែលគ្មានការផ្លាស់ប្តូរ។
ខណ្ឌប្ញស្សីកែវ នឹងនៅតែមាន១២អាសនៈដដែល ហើយ៧អាសនៈកាន់កាប់ដោយគណបក្សកាន់អំណាច ហើយខណ្ឌមានជ័យនឹងមាន១៣អាសនៈ ហើយគណបក្សប្រជាជនកម្ពុជាកាន់កាប់៦អាសនៈ។ ខណ្ឌពោធិ៍សែនជ័យនឹងមានការបែងចែករហូតដល់១៦អាសនៈ ហើយគណបក្សប្រជាជនកម្ពុជាកាន់កាប់៣អាសនៈ។
ទោះជាយ៉ាងណា លោក សុន ឆ័យ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងមិនបារម្ភអំពីលទ្ធផលនៃការបោះឆ្នោតនៅខែឧសភា ខាងមុខឡើយ ដែលនៅក្នុងនោះគណបក្សនេះទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះតែក្នុងសង្កាត់ដែលខ្លួនកាន់កាប់តែប៉ុណ្ណោះ។
លោក សុន ឆ័យ បានមានប្រសាសន៍បន្ថែមទៀតថា “ យើងនឹងរង់ចាំមើលរយៈពេលបីឆ្នាំទៀត គឺនៅពេលបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ យើងជឿថា យើងនឹងឈ្នះភ្លូកទឹកភ្លូកដី”៕សារុន